(ព្រៃវែង)៖ គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តព្រៃវែង នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ បានជួបជុំសមាជិក-សមាជិការបស់ខ្លួន មកពី១៣ក្រុង-ស្រុកទូទាំងខេត្ត ប្រារព្ធពីធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ ០៦ ១៩៥១-២៨ ០៦ ២០១៧) ក្រោមវត្តមានលោក ស សុខា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលព្រៃវែង ព្រមទាំងមានកម្មវិធីកម្សាន្តសប្បាយ និងពិសាអាហារសាមគ្គីជាមួយគ្នាផងដែរ។

ក្នុងឱកាសនោះ លោកអ្នកតំណាងរាស្រ្តបានឲ្យដឹងថា នេះជាជោគជ័យដ៏ធំមួយទៀត ដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋច្រើនលើសបក្សប្រឆាំង រហូតដល់ជាង៥ម៉ឺនសំឡេង ដែលទាំងនេះ សុទ្ធតែចេញពីការខិតខំយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាគណបក្ស ទាំងថ្នាក់កណ្ដាល និងប្រចាំនៅខេត្តព្រៃវែងនេះ។

ឆ្លើយតបនឹងការខិតខំនេះ លោក ស សុខា ក៏បានថ្លែងអំណរគុណចំពោះសមាជិក-សមាជិកាបក្ស ក្រុមការងារចុះជួយប្រជាពលរដ្ឋ​តាមមូល​ដ្ឋាន ក៏ដូចជាមេឃុំ-ចៅសង្កាត់ មេភូមិ សកម្មជនបក្សនៅទូទាំងខេត្តផងដែរ ដែលបានជួយបង្កើន​ប្រជាប្រិយភាពរបស់​គណបក្សប្រជាជន​កម្ពុជា បង្ហាញជាក់ស្ដែងប្រាប់ដល់ប្រជាពលរដ្ឋ ពីការខិតខំពិតប្រាកដរបស់គណបក្ស ដែលជាគណបក្សមួយតែងតែរួមរស់​ជាមួយប្រជាពល​រដ្ឋ​គ្រប់​កាលៈទេសៈ។

សូមជ​ម្រាបថា គណបក្សប្រជាជនកម្ពុជា បានចាប់បដិសន្ធិដំបូងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដើម្បីបុព្វហេតុរំដោះប្រទេស និងប្រជាជនកម្ពុជា ពីនឹមត្រួតត្រាជិះជាន់របស់ពួកអាណានិគមនិយមបារាំង រហូតទទួលបានឯករាជ្យភាពពេញលេញ នៅឆ្នាំ១៩៥៣។

ក្រោយមេដឹកនាំរបបសាធារណរដ្ឋខ្មែរ ដឹកនាំដោយលោកសេនាប្រមុខ លន់ ណល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សេរីមតៈ ដែលមានពួក​ចក្រព័ត្តិអាមេរិកនៅពីក្រោយខ្នង បានទម្លាក់ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ពោលចាប់ពីឆ្នាំ​១៩៧០-១៩៧៥នោះ គណបក្សប្រជាជនកម្ពុជា បានងើបឡើងតស៊ូជាមួយប្រជាជនកម្ពុជា ប្រឆាំងនឹងពួកចក្រពត្តិឈ្លាន​ពានអាមេរិកជាថ្មីទៀត។ ប៉ុន្តែជាអកុសល ក្រោយពេលយកជ័យជម្នះលើកងទ័ពអាមេរិក និងកងទ័ពសាធារណរដ្ឋខ្មែរបានហើយ ជនក្បត់ជាតិ ប៉ុល ពត បានដណ្ដើមអំណាច​ដឹកនាំ​ប្រទេស​​ធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍​ដ៏ខ្មៅងងឹត អស់រយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ជាង៣លាននាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងវេទនាបំផុត។

ដោយឃើញពីទុក្ខវេទនារបស់ប្រជាជនខ្មែរយ៉ាងនេះហើយ ទើបគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន និងសម្ដេ​ចតេជោ ហ៊ុន សែន បានដឹកនាំកងទ័ពរំដោះ និងកងទ័ពស្ម័គ្រចិត្តវៀតណាម ចូលមករំដោះប្រទេស និងប្រជាជនកម្ពុជាចេញ​ពីរបបវាលពិឃាតមួយនេះ រហូតទទួលបានជោគជ័យនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

ចាប់តាំងពីពេលនោះមក គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចទាំងបីជាអ្នកដឹកនាំជ្រោមជ្រែងនោះ បានខំប្រឹងកសាងប្រទេស​កម្ពុជាពីបាតដៃទទេរ រហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ មានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ មកដល់ដូចសព្វថ្ងៃ៕