(ភ្នំពេញ)៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​(គ​បម) ​ជាគ​ណ​បក្សនយោបាយ​ថ្មី​មួយ ​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស ​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ជាលើកដំបូង​នោះ ​បាន​វាយតម្លៃ​ថា ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ​អាណត្តិ​ទី៤ ​កន្លងទៅ​នេះ ​គឺ​បាន​ប្រព្រឹត្តទៅ​ដោយ​ភាពល្អ​ប្រសើរ​។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសើរការបោះឆ្នោតដែលបានធ្វើឡើង កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ មានតម្លាភាពក្នុងការប្រកាសលទ្ធផលបោះឆ្នោត និងមិនមានអំពើហិង្សាធ្ងន់ធ្ងរជាដើម។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានកោតសរសើរប្រជាពលរដ្ឋម្ចាស់ឆ្នោត ដែលបានអញ្ជើញទៅបោះឆ្នោត។ សេចក្តីថ្លែងការណ៍ក៏បានអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយទាំងអស់ និងអង្គការជាតិ-អន្តរជាតិ ខិតខំយ៉ាងណា ឲ្យដំណើរការនៃការបោះឆ្នោតលើកក្រោយៗប្រព្រឹតទៅឲ្យបានល្អជាងនេះ។

សូម​បញ្ជាក់​ថា ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី៤ ​នេះ ​គណបក្សប្រជាជន​កម្ពុជា ​បាន​គ្រប់គ្រង​តំណែង​មេឃុំ ​ចៅសង្កាត់​ចំនួន ​១,១៥៦ ​ឃុំ​-​សង្កាត់ ​គណបក្ស​សង្រ្គោះ​ជាតិ​គ្រប់គ្រង​តំណែង​មេឃុំ ​ចៅសង្កាត់ ​៤៨៩ឃុំ ​សង្កាត់ ​ខណៈ​ដែល​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទទួល​បាន ​១ឃុំ​។ ​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​ដែល​ជាគ​ណ​បក្ស​មាន​ថ្នាក់ដឹកនាំ​មក​ពី​បណ្តុំ​របស់​អង្គការ​សង្គម​ស៊ីវិល ​នៅក្នុង​ការប្រកួត​ប្រជែង​លើកដំបូង​នេះ ​ទោះ​មិនបាន​ទទួល​តំណែង​មេឃុំ ​ចៅសង្កាត់ ​តែ​ក៏បាន​អាសនៈ​ជាស​មា​ជិ​ក​ក្រុមប្រឹក្សា​ឃុំ​ចំនួន ​៥ផង​ដែរ​។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤នេះ ទាំងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ រួមទាំងមហាជនទូទៅសុទ្ធតែបានវាយតម្លៃថា មានភាពល្អប្រសើរជាងអាណត្តិកន្លងទៅ៕