(ភ្នំពេញ)៖ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​នៅ​ល្ងាច​ថ្ងៃទី២៧ ​ខែមិថុនា ​ឆ្នាំ២០១៧ ​នេះ ​បាន​សម្តែង​នូវ​ការ ​សោក​ស្តាយ​ចំពោះ​ការវាយតម្លៃ​ដែល​វាយតម្លៃ ​ដែល​គ្មាន​ព្រឹត្តិ​ការណ៍​ជាក់ស្តែង​មក​ឆ្លុះបញ្ចាំង​ការពិត​ទៅលើ​ទិដ្ឋភាព ​បច្ចេកទេស​ដែល​បាន​បញ្ញត្តិ​នៅក្នុង​ច្បាប់បោះឆ្នោត ​និង​បទបញ្ជា ​នីតិវិធី​របស់ ​គ.ជ.ប​ដែល​អាច​ធ្វើ​ឱ្យ​សាធារណជន ​មានការ​យល់​ច្រឡំ​លើ​ដំណើរការ​និង​លទ្ធផល​នៃ​ការបោះឆ្នោត​។ ​គ.ជ.ប ​ក៏ដូចជា​មតិ​ជាតិ ​និង​អន្តរជាតិ​បាន​យល់ឃើញ​ថា ​គ្មាន​ការបោះឆ្នោត​ណាមួយ​ដែល​រៀបចំឡើង​បាន​ល្អឥតខ្ចោះ១០០​% ​នោះ​ទេ ​ទោះបី​នៅក្នុង​ប្រទេស​អ​ភិវឌ្ឍ​ន៍ ​ឬ​អារ្យប្រទេស​ក៏ដោយ​។ ​ចំណុច​ខ្វះខាត​តិចតួច​ដែល​នៅ​សេសសល់​តាមរយៈ​បទ​ពិសោធ​នៃ​ការបោះឆ្នោត​នេះ ​គ.ជ.ប ​រួម​ជាមួយ​ជំនាញការ​អន្តរជាតិ​ដែល​កំពុង​បំពេញការងារ​នៅ​ទី​ស្តី​ការ ​គ.ជ.ប ​នឹង​រួមគ្នា​ដោះស្រាយ ​និង​កែ​លម្អ ​ឱ្យ​បាន​កាន់តែ​ប្រសើរ​ថែមទៀត​សម្រាប់​ការបោះឆ្នោត​លើកក្រោយ​។

​សេចក្តីថ្លែងការណ៍របស់គ.ជ.ប.នេះគឺជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការរបស់គណបក្សសង្គ្រោះជាតិ និងបន្ទប់ស្ថានការណ៍​ដែលជា​បណ្តុំ​អង្គការសង្គមស៊ីវិល ដែលមាននិន្នាការទៅរកបក្សប្រឆាំង។ បន្ទប់ស្ថានការណ៍ ដែលគេមើលឃើញថា គឺជាឧបករណ៍បម្រើដាច់​ថ្លៃឱ្យបក្សប្រឆាំង ដែលមានរបៀបវារៈនយោបាយយ៉ាងច្បាស់ព្រោះ​អ្វីដែលជាខ្លឹមសារដែលបានលើកឡើងនៅក្នុង​សេចក្តីថ្លែងការណ៍ត្រូវបានគណបក្សប្រឆាំងលើកយកមកដាក់ក្នុង សេចក្តីថ្លែងការណ៍របស់ខ្លួន។

សេចក្តីថ្លែងការណ៍របស់បណ្តុះអង្គការសង្គមស៊ីវិល និងបក្សប្រឆាំងដែលដូចគ្នាដោយ​បានលើកឡើងថា ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ ​បាន​រៀប​ចំ​ឡើង​ក្នុង​បរិយាកាស​ដែល​មាន​ការ​ដាក់​កម្រិត ​សេរីភាព​ និង​ខ្វះ​យុត្តិ​ធម៌​ពេញលេញ។​ មាន​បញ្ហា​មួយចំនួន​ បាន​កើត​ឡើង​មុន​ថ្ងៃ​បោះឆ្នោត​ ដូច​ជា​ បរិយាកាស​ដែល​មាន​ការ​គាប​សង្កត់​ខាង​នយោបាយ​ ហរិញ្ញវត្ថុ​ឃោសនា​បោះ​ឆ្នោត​ និង​ការ​ប្រើ​ប្រាស់​ធនធាន​រដ្ឋ​ដែល​ខ្វះ​សមធម៌​ និង​តម្លាភាព​ ទីលានប្រជែង​នយោបាយ​ ដែល​ខ្វះ​សមភាព​ និង​បទបញ្ញត្តិ​បដិវាទ​ ​ខ្លះ​នៃ​ក្រប​ខ័ណ្ឌ​ ច្បាប់​បោះឆ្នោត​ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​នៃ​ច្បាប់​គណបក្ស​នយោបាយ។​

សេចក្តីថ្លែងការណ៍របស់ គ.ជ.ប នៅពេលនេះត្រូវបានគេមើលឃើញថាគឺជាការទះកំផ្លៀងបក្សប្រឆាំងដោយស្ថាប័នឯករាជ្យ ដែលជាកូនរួមគ្នាបង្កើតឡើងដោយប្រជាជនកម្ពុជា និងគណបក្សប្រឆាំងខ្លួនឯង ហើយដែលបក្សប្រឆាំងតែងតែអះអាងជាសមិទ្ធផល​កើតចេញពីការធ្វើមហាបាតុកម្មខ្លួនឯង។ ការទះកំផ្លៀងនេះក៏ជាការបន្ថែមនូវទម្ងន់កំផ្លៀង ដោយអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ពិសេស ប្រទេសមហាអំណាចនានា ជាអាទិ៍ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម។

ការ​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​បក្ស​ប្រឆាំង​ថ្ងៃមុន ​ស្មើនឹង​ការ​ស្តី​បន្ទោស​ដោយ​ចង្អុលមុខ ​តែ​ផ្តេស​តែ​ផ្តាស ​ដោយ​គ្មាន​ហេតុផល​មុខ​គេ​មុខ​ឯង ​ទៅលើ​ស្ថាប័ន ​គ​ជប ​ដែល​ខ្លួនឯង​រួម​បង្កើត​! ​ថ្ងៃនេះ ​កូន​ដែល​ពេញវ័យ ​និង​មាន​ឥស្សរភាព​យ៉ាង​ពិតប្រាកដ​ក្នុង​ភាព​ឯករាជ្យ​របស់​ខ្លួន​តាមផ្លូវ​ច្បាប់​នេះ ​បាន​ទះកំផ្លៀង​បក្ស​ប្រឆាំង​ដើម្បី​កុំ​អោយ​ចេះតែ​ដើរ​ចង្អុលមុខ​គេ ​មុខ​ឯង​ដោយ​មិនដឹងខ្យល់ ​និង​ដោយ​គ្មាន​ហេតុផល​ក្នុង​ខ្លួន ​ហើយក៏​ជា​ការគោរព​លើ ​ហេតុផល​របស់​អ្នកបង្កើត​ម្ខាងទៀត​ដែល​ប្រកប ​ដោយ​គុណធម៌ ​និង​បាន​ផ្តល់​ភាព​ត្រឹមត្រូវ ​យុត្តិធម៌ ​ក៏ដូចជា​អោយ​តំលៃ​លើ​ស្ថាប័ន​ឯករាជ្យ​មួយ​នេះ ​ដែល​បាន​ខិតខំ​តស៊ូ​ប្រឹងប្រែង​ក្នុង​បេសកកម្ម​ដ៏​ឧត្តុង្គ​ឧត្តម ​ដើម្បី​ជាតិ ​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​!​​ចុះ​ហេតុអ្វីបានជា​មួយ​ស្រុក​ខុសគេ​តែឯង​?

កន្លងមក ​រាស្ត្រ​ខ្មែរ​បានដឹង​ហើយ​ថា ​គណបក្ស​ប្រឆាំង​តែងតែ​ព្យាយាម​ឡាំប៉ា​ដើម្បី​ចរចា​អំណាច ​ហើយ​អនុវត្ត​គោលការណ៍ ​ពីរ​មិន ​ពីរ​យក ​គឺ ​១​-​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត ​២​-​មិន​ចូល​ប្រជុំ​សភា ​ហើយ ​ពីរ​យក​គឺ ​១​-​យក​អាសនៈ ​និង ​២​-​យក​ប្រាក់ខែ​។ ​ទោះបីជា​មជ្ឈដ្ឋាន​ទូទៅ​ទទួលស្គាល់​ថា ​ការបោះឆ្នោត​សេរី ​ត្រឹមត្រូវ ​និង​យុត្តិធម៌ ​បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​ដែល​មាន​និន្នាការ​ប្រឆាំង​ទន្ទេញ​ពាក្យ​ថា​មិន​សេរី ​ត្រឹមត្រូវ ​និង​យុត្តិធម៌​។ ​ចុះ​តើ​របៀបណា​បាន​ហៅថា  ​សេរី ​ត្រឹមត្រូវ ​និង​យុត្តិធម៌​សម្រាប់​ក្រុម​នេះ​? ​គឺ​ទាល់តែ​បក្ស​ប្រឆាំង​ឈ្នះ​ការបោះឆ្នោត ​ទើប​បក្ស​ប្រឆាំង ​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​ថា​ការបោះឆ្នោត​នោះ​សេរី ​ត្រឹមត្រូវ ​និង​យុត្តិធម៌ ​និង​ទទួលយក​បាន​។ ​ដូច្នេះ​សេចក្តី​ថ្លែងការណ៍​របស់​បក្ស​ប្រឆាំង​ដែល​រៀបចំឡើង​ដោយក្រុម​សង្គម​ស៊ីវិល​មាន​និន្នាការ​ប្រឆាំង​គ្មានអ្វី​ចម្លែក​ឡើយ ​ព្រោះ​បក្ស​សង្គ្រោះ​ជាតិនេះ​មិនដែល​ទទួលស្គាល់​ការពិត​ថា​ខ្លួន​ចាញ់​ការបោះឆ្នោត​រាល់​លើកឡើង ​ហើយ​កាលដែល​ប្រកាស​បែបនេះ​ក៏​ដើម្បី​ទុក​ច្រក​រកស៊ី​សម្រាប់​ការបោះឆ្នោត​លើកក្រោយ​ទៀត​ជាពិសេស​លាក់បាំង​ចំណុចខ្សោយ ​និង​បរាជ័យ​របស់​ខ្លួន ​ហើយ​បន្ទោស​គេឯង​ផ្សេង​។ ​ការ​ធ្វើនយោបាយ​បែប​បោក​ប្រាស​ដូច្នេះ​គេ​ដឹង​អស់ហើយ​! ​ហើយ​បើ​ថ្ងៃក្រោយ ​បក្ស​ប្រឆាំង​មិន​ទុកចិត្ត ​គ.ជ.ប ​ដែល​ខ្លួន​ចូលរួម​បង្កើត ​គួរ​មិន​ចាំបាច់​ចូលរួម​បោះឆ្នោត​ឡើយ​!

ដោយ៖ ចៅចាក់ស្មុក