(សេអ៊ូល)៖ សហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation) តំណាងដោយលោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធអមដំណើរដោយលោក តឹករ៉េត សំរេច រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និងលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ បានអញ្ជើញចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា រវាងសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយនឹងសហព័ន្ធសហប្រតិបត្តិការកសិឧស្សាហកម្មរបស់សាធារណរដ្ឋកូរ៉េ Nonghyup Agribusiness Group INC  តំណាងដោយលោក Kim Won-Seok ប្រធាន និងជាអគ្គនាយក លើការជម្រុញពាណិជ្ជកម្មផ្លាស់ប្ដូរផលិតផលកសិឧស្សាហកម្មនៃប្រទេសទាំងពីរ។

មន្រ្តីស្ថានទូតខ្មែរនៅកូរ៉េខាងត្បូងបានឲ្យដឹងថា ភាគីទាំងពីរនឹងខិតខំប្រឹងប្រែងរួមគ្នាដើម្បីពង្រឹងពង្រីក និងបង្កើននូវសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការទៅវិញទៅមក ហើយរួមគ្នាលើកស្ទួយវិស័យកសិកម្មនៃប្រទេសទាំងពីរ ដោយកំណត់នូវចំណុចអត្ថិភាពរួមមាន៖

១-អភិវឌ្ឍន៍នូវគម្រោងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីជួយដល់ការឆ្ពោះទៅមុខនូវសេដ្ឋកិច្ចកសិកម្ម និងពង្រីកនូវការផ្លាស់ប្ដូរផលិតផលកសិកម្ម រវាងប្រទេសទាំងពីរ
២-ជម្រុញឱ្យមានការចូលរួមចំណែក និងបង្កលក្ខណៈពាណិជ្ជកម្ម ដើម្បីអភិវឌ្ឍនសេដ្ឋកិច្ចពាណិជ្ជកម្ម
៣-ដើរតួនាទីជាទីប្រឹក្សា និងជាដៃគូ សម្រាប់ការនាំផលិតផលកសិកម្មចូលទីផ្សានៃប្រទេសទាំងពីរ
៤-ចែករំលែកព័ត៌មានទៅវិញទៅមក អំពីការបង្កើត និងកំណត់ទិសដៅនៃគោលនយោបាយកសិកម្ម៕