(ភ្នំពេញ)​៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ប្រកាសថា នៅដើមខែក្រោយនេះ ពោលគឺនៅថ្ងៃទី០៣ ខែកក្កដា នឹងធ្វើការបូកសរុបលទ្ធផល នៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ រយៈពេល០៦ខែ កន្លងទៅនេះ។

បន្ថែមពីនេះសម្ដេចក្រឡាហោម ស ខេង ក៏បានកោតសរសើរដល់កម្លាំងសមត្ថកិច្ច ដែលខិតខំបង្ក្រាបគ្រឿងញៀន នៅតំបន់ត្រពាំងឈូកបានជោគជ័យ ប៉ុន្ដែសម្ដេចជំរុញឲ្យសមត្ថកិច្ច បន្ដខិតខំប្រឹងប្រែងធ្វើការងារនេះបន្ថែមទៀត ដើម្បីលុបបំបាត់ចោលទាំងស្រុងនូវបញ្ហានេះ។

នៅក្នុងពិធីប្រកាសផ្លាស់ប្តូរអភិបាលរាជធានីភ្នំពេញថ្មី នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេច ស ខេង បានថ្លែងថា ក្នុងនាមជា​ប្រ​ធានយុទ្ធនាការ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ សម្តេចសូមកោតសរសើរចំពោះលទ្ធផលដែល សម្រេចបានក្នុងយុទ្ធនាការរយៈពេល០៦ខែកន្លងទៅនេះ ទោះបីបញ្ហាគ្រឿងញៀនមិនទាន់អស់១០០ភាគរយ ប៉ុន្ដែក៏កម្លាំងសមត្ថកិច្ចបង្ក្រាបបានមេក្លោងមួយចំនួនផងដែរ ហើយរហូត​ដកហូតបានគ្រឿងញៀន ជាង១០០គីឡូក្រាមផងដែរ។

ជាមួយគ្នានេះ សម្ដេច ស ខេង ក៏បានបញ្ជាក់ពីការផ្ដល់រង្វាន់លើកទឹកចិត្ត ដល់កងកម្លាំងប្រដាប់អាវុធដែលបានប្រឹងប្រែងធ្វើការងារនេះ ហើយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ សម្ដេចនឹងប្រជុំពិភាក្សាពីការផ្ដល់រង្វាន់នេះផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ រយៈពេល ៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន។

ពាក់ព័ន្ធយុទ្ធនាការលើកទី១នេះ កម្លាំងសមត្ថកិច្ចចាប់បានគ្រឿងញៀនជាង១១៣គីឡូក្រាម និងឃាត់ខ្លួនមនុស្សជាង៩,០០០នាក់ ហើយត្រូវបានគណៈកម្មការបំផ្លាញគ្រឿងញៀន ដុតបំផា្លញចោលកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ ដែលមានគ្រឿងញៀនសរុប ១២៦.៣០គីឡូក្រាមត្រូវបានបំផា្លញ៕