(ភ្នំពេញ)៖ ពិព័រណ៍ជំនាញ និងការសិក្សាឆ្នាំ២០១៧ បានប្រារព្ធឡើងដោយជោគជ័យ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) ដែលមានអ្នកចូលរួមប្រមាណ២៤០០នាក់។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងជាលើកទី៨ ដោយសមាគមអតីតនិស្សិតអាហាររូបករណ៍សហរដ្ឋអាមេរិកនៅកម្ពុជា ហៅកាត់ថា (FUSAAC) និងមានការចូលរួមជាអធីបតីភាពពី ឯកឧត្តម ហង់ ជួនណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំ និង លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។

អ្នកចូលរួមក្នុងពិព័រណ៍ជំនាញ និងការសិក្សាឆ្នាំ២០១៧ ជាពិសេសសិស្សវិទ្យាល័យ និងមហាវិទ្យាល័យមានឱកាសជួបអ្នកជំនាញ និងទទួលបានគន្លឹះពីរបៀបជ្រើសយកជំនាញ និងមុខវិជ្ជាសិក្សាពីអ្នកគ្រប់គ្រងមហាវិទ្យាល័យ ក្នុងស្រុកក៏ដូចជាអ្នកជំនាញ​ក្នុងវិស័យ​ផ្សេងៗ។ ព្រឹត្តិការណ៍នេះ ក៏បានបញ្ចូលការសម្តែងនិងកម្មវិធីកំសាន្តប្រកប ដោយភាពច្នៃប្រឌិតជុំវិញប្រធានបទរបស់ខ្លួន សម្រាប់ទស្សនិកជនផងដែរ។

ឧកញ៉ា ផូល ប្លែនហរហ្គែន នាយកប្រតិបត្តិក្រុមហ៊ុន EZECOM បានថ្លែងថា៖ «ជាមួយនិងប្រធានបទ លើការអប់រំតាមប្រព័ន្ធអ៊ីនធឺណិត និងការប្រើប្រាស់អ៊ីនធឺណិត ដើម្បីកសាងជំនាញលើទីផ្សារ EZECOM ធ្វើការគាំទ្រយ៉ាងមុតមាំលើព្រឹត្តិការណ៍នេះ ព្រោះយើងមានគោល​បំណងរួមគ្នា ក្នុងការជួយជម្រុញដល់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា តាមរយៈការច្នៃប្រឌិតនិងបច្ចេកវិទ្យាទំនាក់ទំនង»។

លោកបន្តទៀតថា៖ «លើសពីនេះទៀត យើងជឿជាក់ថា ការបង្កើតការណែនាំដ៏រឹងមាំមួយ ក្នុងការជួយផ្តល់ដំបូន្មានដល់សិស្សានិសិត្ស លើការជ្រើសរើសជំនាញនិងការសិក្សា មានសារៈសំខាន់ណាស់ចំពោះពួកគេក៏ដូចជាសង្គមជាតិទាំងមូល។ ដូច្នេះហើយ យើងមានមោទ​នភាព ដែលបានចូលរួមចំណែក ក្នុងពិព័រណ៍ជំនាញ និងការសិក្សាឆ្នាំ២០១៧នេះ ហើយយើងនឹងបន្តគាំទ្រសកម្មភាពផ្សេងៗ ដែលមានគោលបំណង ដើម្បីបង្កើតផលវិជ្ជមានសម្រាប់ប្រទេសកម្ពុជា»។

សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ សូមចូលទៅកាន់៖ https://www.facebook.com/fusaac/