(ភ្នំពេញ)៖ សម្តចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅចំពោះមុខ សមាជិក សមាជិកា ប្រមាណ៥ម៉ឺននាក់ថា សម្តេចទទួលស្គាល់ថា គណបក្សប្រជាជនកម្ពុជា នៅមិនទាន់បានបំពេញគ្រប់គ្រាន់តាមបំណងប្រាថ្នា​របស់ប្រជាជន ហើយមន្រ្តីក៏មិនទាន់ល្អទាំងអស់ដែរ។ ហេតុនេះហើយបានជា គណបក្សកាន់អំណាចនេះ បានដាក់ចេញនូវគោលនយោបាយ និងធ្វើការកំណែទម្រង់ជាច្រើន។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សមាជិកទាំងអស់ មិនត្រូវឲ្យគេមកបំផ្លាញសន្តិភាពកម្ពុជាបាននោះឡើយ។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែនខាងលើ)

ជាមួយគ្នានោះ សម្តេចតេជោ បានរិះគន់គណបក្សប្រឆាំងថា មិនមើលឃើញពីការប្រឹងប្រែងនិងខិតខំរបស់គណបក្ស ប្រជាជនកម្ពុជានោះទេ តែប្រឹងតែប្រមូលផ្តុំនូវកំហុសឆ្គងរបស់គណបក្ស។

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងខណៈសម្តេចអញ្ជើញចូលរួមនៅក្នុង ពិធីអបអរសាទរខួបគម្រប់ ៦៦ឆ្នាំ ថ្ងៃកំណើតបក្ស នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ ដោយមានសមាជិក សមាជិកាគណបក្ស ប្រមាណជា៥ម៉ឺននាក់ចូលរួម។

ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សូមសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជាទាំងអស់ មេត្តាកុំមើលស្រាលដល់គណបក្សដទៃនេះជាគុណធម៌ នៃការ រួបរួមរបស់យើង យើងទទួលស្គាល់ថា យើងមិនទាន់បានគ្រប់គ្រាន់ទៅតាមបំពេញបំណងប្រាថ្នា របស់ប្រជាពលរដ្ឋនោះទេ ហើយមន្រ្តីរបស់យើងក៏មិនមែនសុទ្ធតែល្អ ឥតខ្ចោះទាំងអស់គ្នានោះដែរ មកពីបែបនេះបានជាយើងដាក់ចេញ​កំណែទម្រង់ ហើយដាក់ចេញនូវការទទួលខុសត្រូវរបស់មន្រ្តីបក្សគ្រប់រូប ប៉ុន្តែពាក្យសំដីរបស់គេជាការញុះញុង់ ធ្វើឲ្យប្រទេសជាតិមានកលិយុគ យើងនឹងមិនឲ្យនរណាម្នាក់ មកបំផ្លាញសន្តិភាពបាននោះទេ»

បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងសករាជថ្មីនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំក្នុង ការការពារជាតិ និងការស្តារកសាង ប្រទេសឡើងវិញពីលេខ​សូន្យ នៅក្នុងស្ថានភាពសន្តិភាពផង និងសង្រ្គាមផង ហើយថែមទាំងត្រូ វគេហ៊ុមព័ទ្ធខាងនយោបាយ និងសេដ្ឋមកិច្ចខាងក្រៅ យ៉ាងអមនុស្សធម៌ និងអយុត្តិធម៌ថែមទៀត។

ទោះបីត្រូវឆ្លងកាត់នូវឧបសគ្គធំៗ និងការលំបាករាប់ម៉ឺនជំពូកយ៉ាងណាក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជា បានរក្សាការពារនូវបុព្វហេតុដ៏ត្រឹមត្រូវរបស់ខ្លួនជានិច្ច ដោយបានទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍ដ៏​យង់ឃ្នងអាចវិលត្រលប់មកវិញ ការពារនូវការរស់ឡើងវិញរបស់ប្រជាជាតិ បាននាំមកជូនប្រជាជនវិញនូវសិទ្ធិ សេរីភាព​ លទ្ធិប្រជាធិបតេយ្យ កិត្តិយស និងសេចក្តីថ្លៃថ្នូរដែលត្រូវបាត់បង់ទាំងស្រុង ក្នុងរបបប៉ុលពត បានស្តារ និងកសាងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ឲ្យមានការប្រែប្រួល និងរីកចម្រើនជាបន្តបន្ទាប់ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជន មានស្ថិរភាពជាជំហានៗ។

សម្តេចតេជោ មានប្រសាសន៍បន្តថា លើមូលដ្ឋានប្រកាន់ខ្ជាប់នូវគោលការណ៍សាមគ្គីប្រជាជាតិទាំងមូល គណបក្សប្រជាជនកម្ពុជា បានផ្តួចផ្តើមនូវការចរចា ស្វែងរកសន្តិភាព និងការបង្រួមបង្រូមជាតិទេនោះ គឺពិតជាពុំអាចមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីដំណោះស្រាយបញ្ហាកម្ពុជា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ឡើយ ដូច្នេះក៏ពុំមានរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងព្រះរាជាណាចក្រកម្ពុជាទី២ បច្ចុប្បន្ននេះបានដែរ។

នេះជាសច្ចធម៌ប្រវត្ថិសាស្រ្ត ដែលគ្មានអ្នកណាអាចបំភ្លៃបាន។ ប៉ុន្តែសង្រ្គាមទើបនឹងបានបញ្ចប់ទាំងស្រុង តាមរយៈនយោបាយឈ្នះឈ្នះ របស់គណបក្ស ប្រជាជនកម្ពុជា ដែលបានធ្វើឲ្យអង្គការចាត់តាំងរបស់ពួកឧទ្ទាមខ្មែរក្រហម ត្រូវរលំរលាយទាំងស្រុងទាំងខាងនយោបាយ និងយោធា បង្កើតបានសន្តិភាព ពេញលេញនៅទូទាំងប្រទេស មានការឯកភាពជាតិ និងឯកភាពទឹកដី ចាប់ពីចុងឆ្នាំ១៩៩៨មក។ សន្តិភាពបានផ្តល់ឱកាសដ៏ថ្លៃថ្លាបំផុត​ដែលពុំធ្លាប់មានដល់ប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ សង្គម និងលើកស្ទួយជីវភាពរស់នៅរបស់ខ្លួន។

ជាមួយគ្នានោះដែរ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រោមពន្លឺ សន្តិភាព ក្នុងរយៈពេលជិត២ទសវត្សចុងក្រោយនេះ កម្ពុជាបានសម្រេចបាននូវការផ្លាស់ប្តូរធំៗជាវិជ្ជមាន ប្របកដោយមោទនភាពបំផុត ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច។តាមរយៈកំណើនសេដ្ឋកិច្ចខ្ពស់ និងការបែងចែកផ្លែផ្កានៃកំណើននេះប្រកបដោយសមធម៌ភាពក្រីក្ររបស់ប្រជាពលរដ្ឋត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងៗ។ កម្ពុជាបានចេញផុត ពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប។

ជាមួយគ្នានោះកម្ពុជា កំពុងតែចូលរួមដោយស្នើភាព និងស្មើសិទ្ធិ ក្នុងកិច្ចការអន្តរជាតិកម្ពុជា ដែលពីមុនជាប្រទេស ទទួលយកកងរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ ឥឡូវជាប្រទេសគំរូមួយ ដែលបានបញ្ចូនកងកម្លាំង របស់ខ្លួនចូលក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិនៅប្រទសជាច្រើនទៀត៕