(ភ្នំពេញ)៖ ក្នុងឋានៈជានាយករដ្ឋមន្រ្តីនៃកម្ពុជា ពីវេទិកាប្រារព្ធខួប ៦៦ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាឲ្យក្រសួងមហាផ្ទៃពិនិត្យលក្ខន្តិកៈនានារបស់ «បន្ទប់ស្ថានការណ៍ស្តីពីការបោះឆ្នោត» ហើយត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់ប្រសិនបើ «បន្ទប់ស្ថានការស្តីពីការបោះឆ្នោត» នេះ កំពុងធ្វើសកម្មភាពផ្ទុយពីលក្ខន្តិកៈ និងច្បាប់ស្តីពីការបង្កើតអង្គការសង្គមស៊ីវិល។ (សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន​ សែន)

ការចេញបទបញ្ជាឲ្យក្រសួងមហាផ្ទៃពិនិត្យ និងចាត់វិធានការទៅលើ «បន្ទប់ស្ថានការណ៍ស្តីពីការបោះឆ្នោត»នេះ បានធ្វើឡើង បន្ទាប់ពី «បន្ទប់ស្ថានការណ៍ ស្តីពីការបោះឆ្នោត» ដែលកើតចេញពីបណ្តុំអង្គការសង្គមស៊ីវិលចំនួន៤០ មានដូចជា អង្គការខុមហ្វ្រេល និកហ្វិក អាដហុក លីកាដូជាដើមនោះ បានចេញសេចក្តីថ្លែងការណ៍វាយតម្លៃថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ ខ្វះនូវយុត្តិធម៌ និងរឹតត្បិតសេរីភាព។

ក្នុងសេចក្តីថ្លែងការណ៍រួមរបស់ «បន្ទប់ស្ថានការណ៍ស្តីពីការបោះឆ្នោត» កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ បានធ្វើការគូសបញ្ជាក់ថា បើទោះបីការ បោះឆ្នោតនេះ គ្មានអំពើហិង្សាធ្ងន់ធ្ងរយ៉ាងណាក្តី ប៉ុន្តែមានបញ្ហាមួយចំនួនបានកើតមុនថ្ងៃបោះឆ្នោត ដូចជាបរិយាកាសដែលមានការគាបសង្កត់ខាងនយោបាយ ហិរញ្ញវត្ថុឃោសនាបោះឆ្នោត និងការប្រើប្រាស់ធនធានរដ្ឋ ដែលខ្វះសមធម៌ និងតម្លាភាពលើទីលានប្រកួតប្រជែងនយោបាយ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការលើកឡើងរបស់ «បន្ទប់ស្ថានការណ៍ស្តីពីការបោះឆ្នោត» គឺផ្ទុយពីលទ្ធផលសង្កេតរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងមហាជនទូទៅ ដែលបានមើលឃើញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤នេះ មានភាពល្អប្រសើរ និងប្រព្រឹត្តទៅប្រកបដោយសេរីភាព ត្រឹមត្រូវ និងយុត្តិធម៌។ សម្តេចតេជោ ថែមទាំងបានដាក់ការសង្ស័យថា «បន្ទប់ស្ថានការណ៍ស្តីពីការបោះឆ្នោត» នេះ មានការឃុបឃិតគ្នាជាមួយគណបក្សនយោបាយក្នុងបំណងមិនល្អ ធ្វើឲ្យល្អកកករលើស្ថានការណ៍នយោបាយនៅកម្ពុជាថែមទៀតផងដែរ។

នៅចំពោះមុខឯកអគ្គរាជទូត និងរដ្ឋទូតនៃបណ្តាប្រទេសជាមិត្ត ព្រមទាំងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណ ៥ម៉ឺននាក់ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងជាមួយសម្តីធ្ងន់ៗថា «តើអ្វីទៅដែលហៅថា បន្ទប់ស្ថានការណ៍ ដែលប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យអ័ព្ទអួរ យ៉ាងខ្លាំងជាមួយលទ្ធផលនៃការបោះឆ្នោត។ បន្ទប់ស្ថានការណ៍ បានចុះឈ្មោះនៅក្រសួងមហាផ្ទៃឬទេ? នេះខ្ញុំនិយាយក្នុងឋានៈ ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវតែអនុវត្តន៍នូវច្បាប់មួយដាច់ខាត។ យើងបានដឹងហើយថា អង្គការក្រៅរដ្ឋាភិបាលនីមួយៗបានចុះឈ្មោះ ប៉ុន្តែរបស់ដែលហៅថា បន្ទប់ស្ថានការណ៍ ដែលជាអ្នកខោកក្បាលទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តើពួកគេមានសិទ្ធិបង្កើតនូវទីតាំងបែបនេះ ឬក៏ទីតាំងបែបនេះជាមូលដ្ឋានបញ្ជានៃគោលការណ៍បដិវត្តន៍ពណ៌។ ប្រសិនបើយ៉ាងដូច្នោះ ក្រសួងមហាផ្ទៃត្រូវចាត់ការបន្ទាន់នូវអ្វីដែលពួកគេ បាននិងកំពុងធ្វើក្រោមលេសតាមពិនិត្យមើលការបោះឆ្នោត»

ឆ្លើយតបទៅនឹងបទញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ឲ្យពិនិត្យលក្ខន្តិកៈរបស់ «បន្ទប់ស្ថានការណ៍ស្តីពីការបោះឆ្នោត»នេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News ឲ្យដឹងតែប៉ុន្មាននាទីក្រោយបទបញ្ជាថា ក្រសួងមហាផ្ទៃ កំពុងចាត់អ្នកជំនាញ ឲ្យពិនិត្យមើលផ្លូវច្បាប់ ដើម្បីចាត់វិធានការលើបន្ទប់ស្ថានការណ៍ស្តីពីបោះឆ្នោត ដែលបង្កើតឡើងដោយក្រុមអង្គការ សង្គមស៊ីវិលទាំងមិនទាន់ចុះបញ្ជីត្រឹមត្រូវតាមច្បាប់។

លោក ខៀវ សុភ័គ បានបញ្ជាក់ថា «បន្ទប់ស្ថានការណ៍ស្តីពីការបោះឆ្នោត» ដែលបង្កើតឡើងដោយអង្គការសង្គមស៊ីវិលចំនួន ៤០នោះ មិនទាន់បានចុះបញ្ជីឲ្យត្រឹមត្រូវនៅក្រសួងមហាផ្ទៃនៅឡើយទេ ពេលនេះក្រសួងមហាផ្ទៃ កំពុងចាត់ឲ្យក្រុមជំនាញរបស់ខ្លួនតាមដានត្រួតពិនិត្យ មុននឹងមានចំណាត់ការតាមផ្លូវច្បាប់៕