(ភ្នំពេញ)៖ បន្ទាប់ពីភ្លៀងធ្លាក់មួយមេធំរួចមក នៅវេលាម៉ោង៨យប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌដូនពេញ ចុះត្រួតពិនិត្យម៉ាស៊ីនបូមទឹក នៅក្នុងតំបន់បឹងកក់ ដែលតែងតែបូមទឹកចេញនៅពេលមានភ្លៀងម្តងៗនៅតំបន់នោះ។

ក្រោយពីចុះត្រួតពិនិត្យម៉ាស៊ីនបូមទឹករួចមក លោកអភិបាលខណ្ឌ ក៏បានបន្តចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកលើបញ្ហាទឹកលិចនេះផងដែរ ។      

លោក សុខ ពេញវុធ បានថ្លែងថា ដោយមើលឃើញពីប្រជាពលរដ្ឋដែលតែងតែជួបបញ្ហា លិចទឹកតាមផ្លូវក៏ដូចជា ការហូរចូលផ្ទះសំបែងរំខានដល់ការរស់នៅរបស់ពួកគាត់ ពេលមេឃភ្លៀងធ្លាក់ភ្លៀងមួយមេធំៗនោះ ព្រោះតែបណ្តាលមកពីការស្ទះលូ និងការហូរទឹកចេញមិនទាន់នាំឲ្យជន់លិចនោះ លោកក៏ដឹកនាំមន្ត្រីជំនាញ ចុះមកត្រួតពិនិត្យការដាក់ប្រព័ន្ធលូថ្មី ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយលោកសង្ឃឹងថា ពេលធ្វើរួចរាល់ហើយនឹងលេងការរំខាន ជន់លិចចូលផ្ទះប្រជាពលរដ្ឋ តទៅទៀតឡើយ។

លោកអភិបាលខណ្ឌដូនពេញ ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ គួរតែវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ កុំបោះចោលគ្មានសណ្តាប់ធ្នាប់ នាំឲ្យកាកសំណល់ទាំងនោះ ពេលដែលមេឃភ្លៀងម្តងអាចកកស្ទះមុខប្រព័ន្ធលូ ធ្វើឲ្យការហូរចេញយឺតនាំជន់លិចផ្លូវចូលផ្ទះរបស់បងប្អូនតទៅទៀត៕