(មណ្ឌលគិរី)៖ រណ្តៅរ៉ែមាសរបស់សហគមន៍សិប្បកររ៉ែមាសជាច្រើន ទាំងរណ្តៅមានច្បាប់អនុញ្ញាត និងរណ្តៅអនាធិបតេយ្យគ្មានច្បាប់ ស្ថិតនៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កំពុងបង្កើតជាបញ្ហាធ្ងន់ធ្ងរទៅៗ ហើយដល់សុខភាព និងជីវិតមនុស្ស សត្វ និងរុក្ខជាតិ​ ខណៈមន្រ្តីជំនាញនៃមន្ទីររ៉ែ និងថាមពលខេត្ត មិនខ្វាយខ្វល់ពីកំហុសបច្ចេកទេស និងសកម្មភាពខុសច្បាប់នេះសោះ សង្ស័យពូនក្បាលគ្នាសម្ងំកើបលុយប្រញាប់​មានបានទាំងអស់គ្នាហើយ។

ជាការឆ្លើយតបវិញភ្លាមៗ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានបញ្ជាឲ្យមន្រ្តីជំនាញចុះទៅធ្វើការស្រាវជ្រាវ​ជាបន្ទាន់ នៅទីតំាំងផ្ទាល់តែម្តង ដើម្បីរកការពិត។

មហាជននៅខេត្តមណ្ឌលគិរី បានដាក់ការសង្ស័យលើមន្រ្តីមន្ទីររ៉ែខេត្ត និងមន្រ្តីពាក់ព័ន្ធសង្ស័យនាំគ្នាបិទបាំងថ្នាក់លើ ដោយមិនបានខ្វល់ខ្វាយពីរឿងត្រូវ ឬខុសច្បាប់អ្វីនោះទេ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ចំណុចសំខាន់ៗ៦ចំណុច ដែលសហគមន៍សិប្បកររ៉ែមាសនៅតំបន់ខាងលើ កំពុងធ្វើផ្ទុយពីច្បាប់អនុញ្ញាត ក្នុងនោះរួមមាន៖
១៖ ក្រុមម្ចាស់រណ្តៅរ៉ែមាសស្ទើរតែទាំងអស់នៅទីនោះ បាននាំជនជាតិវៀតណាម និងជនជាតិចិនជាច្រើននាក់ ដែលមានភាគហ៊ុនជាមួយសហគមន៍សិប្បកររ៉ែមាស ចូលទៅធ្វើសកម្មភាពជីករណ្ដៅ និងរកស៊ីជាមួយគ្នា
២៖ ខួងរណ្តៅសម្រាប់ដាក់រំសេវជាតិផ្ទុះយ៉ាងសេរីរៀងរាល់ថ្ងៃ ហាក់បីដូចជាគ្មានការត្រួតពិនិត្យអ្វីសោះ
៣៖ គ្រប់រណ្តៅរ៉ែមាសនីមួយៗ សុទ្ធតែមានជម្រៅរាប់រយម៉ែត្រទៅក្រោម ដែលកំហុសនេះគឺផ្ទុយពីច្បាប់ ព្រោះច្បាប់អនុញ្ញាតឲ្យជីកតែត្រឹមជម្រៅ ២០ម៉ែត្រ ឬលើសតិចតួចពីមាត់ដីប៉ុណ្ណោះ
៤៖ រណ្តៅរ៉ែមាសមានចំនួនច្រើនលើសលុប ខុសពីបទប្បញ្ញត្តិច្បាប់
៥៖ អាចម៍ដីសល់ពីរ៉ែមាសចម្រាញ់រួច គរដូចភ្នំជាច្រើនកន្លែង ពោរពេញដោយជាតិពុលច្រើនបំផុត ដែលជាហេតុបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរដល់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ
៦៖ ការដាក់លក់គ្រឿងរំសេវធាតិផ្ទុះដូចទីផ្សារសេរី។

កន្លងទៅ ដោយសារជម្រៅរណ្តៅរ៉ែមាសនៅឃុំចុងផ្លាស់ បានខួងដាក់គ្រឿងរំសេវជាតិផ្ទុះមានជម្រៅជ្រៅៗពេក ទើបខាងក្រសួងរ៉ែ និងថាមពល បានចុះធ្វើការស្រាវជ្រាវ និងពិនិត្យឃើញថា ផ្ទុយពីច្បាប់ទាំងស្រុង ក៏បិទមិនឲ្យធ្វើសកម្មភាពម្តងរួចមកហើយ និងបានលុបរណ្តៅចាស់ដែលខុសច្បាប់ចោល។ លុះក្រោយមក សហគមន៍បានសុំច្បាប់ថ្មីពីមន្ទីររ៉ែ ដោយដាក់ឈ្មោះថ្មីថា «សហគមន៍សិប្បកររ៉ែមាសចុងផ្លាស់» ដោយដំណើរការខួងជីកជម្រៅតាមច្បាប់២០ម៉ែត្រ ឬលើសតិចតួចចាប់ពីផ្ទៃមាត់ដីទៅក្រោម តែធាតុពិតជីករណ្តៅថ្មីនោះ ជីកខួងដាក់គ្រឿងបំផ្ទុះលុងទៅរករណ្តៅចាស់ផ្នែកខាងក្រោមដដែលជាដដែល ហើយជម្រៅអាចកាន់តែជ្រៅជាងមុនទៅទៀត។

ករណីនេះ ពលរដ្ឋនៅមណ្ឌលគិរី បានស្នើឱ្យក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន និងអង្គភាពពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរខេត្តនេះផង ជួយចាត់វិធានការលើករណីនេះ ឲ្យទាន់ពេលវេលា បើពុំដូច្នេះទេ ធនធានមានតម្លៃក្នុងស្រុកខ្មែរ អាចត្រូវបរទេសនាំចេញទៅស្រុកក្រៅយ៉ាងច្រើនសន្ធឹកសន្ធាប់ ខាតបង់ទ្រព្យសម្បត្តិរបស់ខ្មែរ បាត់បង់ពន្ធចំណូលចូលរដ្ឋយ៉ាងធំធេងទៀតផង។

ជុំវិញបញ្ហានេះ លោក សាន់ ដារិទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានប្រាប់ភ្នាក់ងារអង្គភាព Fresh News នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះថា កាកសំណល់អាចម៍ដីរ៉ែនោះ គឺនៅសល់តាំងពីឆ្នាំ១៩៨៣-១៩៨៤ ឯណោះ វាគ្មានជាតិពុលអ្វីទេ រីឯបញ្ហាជនជាតិបរទេសដែលមានវត្តមាននៅទីនោះ លោកប្រធានមន្ទីរ បែរជាបង្វែរឲ្យទៅសួរប្រធានសហគមន៍សិប្បកររ៉ែមាសចុងផ្លាស់ទៅវិញ។ ចំណែកលោក តែ គឹមសាន ប្រធានសហគមន៍រ៉ែមាសចុងផ្លាស់ ក៏បានប្រាប់ថា ជនជាតិវៀតណាម ជនជាតិចិនទាំងនោះ ពួកគេគ្រាន់តែជាកម្មករតែប៉ុណ្ណោះ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងប្រាប់ថា រដ្ឋបាលសាលាខេត្តមណ្ឌលគិរី ត្រូវតែដឹកនាំក្រុមគណៈកម្មការចម្រុះចុះទៅកាន់ទីតាំងនោះ ដើម្បីធ្វើការស្រាវជ្រាវពិនិត្យ នៃសកម្មភាពរណ្តៅរ៉ែមាសនេះ រាល់កំហុសបច្ចេកទេសផ្សេងៗ ដែលសហគមន៍កំពុងធ្វើសកម្មភាពផ្ទុយពីច្បាប់ រដ្ឋបាលខេត្តនឹងសុំគោលការណ៍ពីក្រសួងពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមនីតិវិធី៕