(សៀមរាប)​៖ ទាក់ទងនឹងការសាងសង់ផ្ទះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជារឿងស្មុគ្រស្មាញ និងចម្រូងចម្រាស់បំផុត សម្រាប់ប្រជាជនដែលមិនគោរពទៅតាមបទដ្ឋាន ដែលកំណត់ដោយអង្គការយូណេស្កូ ហើយប្រាសចាកពីលក្ខខណ្ឌដែលត្រូវអនុគ្រោះ។ ផ្ទុយទៅវិញ បើប្រជាជនអនុវត្តទៅតាមអ្វីដែលបានកំណត់ ហើយមានលិខិតបញ្ជាក់ច្បាស់លាស់ថា ខ្លួនជាប្រជាជនចាស់រស់នៅលើទឹកដីអង្គរ នោះមិនមានអ្វីចោទជាបញ្ហា សម្រាប់ការស្នើសុំពាក្យសាងសង់នោះទេ។

លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ បានបញ្ជាក់​ថា «អាជ្ញាធរអប្សរាមិនបានហាមឃាត់ចំពោះ​ពលរដ្ឋដែលជាម្ចាស់ស្រុក ក្នុងការជួសជុល ឬសាងសង់ផ្ទះថ្មីលើគំរូចាស់នោះទេ លើកលែងតែអ្នកចំណូលថ្មីតែប៉ុណ្ណោះ ដែលជំនាញមិនអនុញ្ញាតឲ្យសាងសង់ឡើយ ហើយការរុះរើផ្ទះកន្លងមកក៏មកពីអ្នកចំណូលថ្មីនោះ បានលួចសាងសង់ដែរ»

ប្រធាននាយកដ្ឋានរូបនេះ បន្ថែមថា ជាគោលការណ៍ក្នុងការសុំសិទ្ធិជួសជុលផ្ទះថ្មី របស់ពលរដ្ឋដែលជាម្ចាស់ស្រុកនោះ គឺអាជ្ញាធរអប្សរាតែងតែអនុញ្ញាតជានិច្ច ពិសេសគឺមិនមានយកលុយអ្វីទាំងអស់ក្នុងការអនុញ្ញាតឲ្យជួសជុល មិនតែប៉ុណ្ណោះមន្ដ្រីជំនាញថែមទាំងធ្វើការពិគ្រោះយោបល់ និងផ្ដល់ជាគំរូផ្ទះថ្មីឲ្យពលរដ្ឋទៀតផង។​

​លោក​ ស៊ុយ យឿង រស់នៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ដែលទើបសង់ផ្ទះ​បានប្រាប់ថា «ការស្នើសុំលិខិតសង់ផ្ទះមិនជារឿងពិបាកទេ បើយើងពិតជាម្ចាស់ស្រុករស់ នៅក្នុងតំបន់អង្គរយូរយារមកមែន ហើយមានខ្នងផ្ទះចាស់ស្រាប់ ពេលសុំច្បាប់គេ គឺដឹងតែអាជ្ញាធរជាតិអប្សរាអនុញ្ញាត លើកលែងតែយើងអ្នកចំណូលថ្មី គ្មានខ្នងផ្ទះចាស់ ហើយលួចសង់ខុសច្បាប់នោះគេមិនអនុញ្ញាតទេ ថែមទាំងរុះរើទៀតផង»

លោកបញ្ជាក់ថា ការស្នើសុំសង់ផ្ទះថ្មីជំនួសផ្ទះចាស់ ក៏មិនស្មុគស្មាញអ្វីដែរ គឺដំបូងគាត់បានយកប័ណ្ណគ្រួសារទៅឲ្យមេភូមិចុះហត្ថលេខា ហើយឲ្យមេឃុំបោះត្រា​ ដើម្បីបញ្ជាក់ថាគាត់ជាអ្នកស្រុកភូមិចាស់ មានទីលំនៅ និងមានខ្នងផ្ទះចាស់ នៅក្នុងតំបន់អង្គរពិតប្រាកដមែន រួចយកពាក្យស្នើសុំទៅដាក់ដោយផ្ទាល់ នៅទីស្នាក់ការកណ្តាលរបស់អាជ្ញាធរជាតិអប្សរា ដោយ​រង់ចាំរយៈពេល១ខែលិខិតក៏ចេញមក រីឯការស្នើសុំវិញក៏មិនមានតម្រូវឲ្យបង់ប្រាក់អ្វីឡើយ ហើយពេលធ្វើផ្ទះ ក៏គ្មានអ្នកណាមកសុំប្រាក់កាក់បន្ថែមដែរ។

ពលរដ្ឋខាងលើបន្ថែមថា អាជ្ញាធរជាតិអប្សរាបានចុះមកវាស់ និងសិក្សាពីប្លង់ផ្ទះ ដោយក្រុមការងារផ្ទាល់ ហើយក្នុងលិខិតបានអនុញ្ញាតឲ្យលោក​សង់ផ្ទះថ្មីជំនួសផ្ទះចាស់ នៅលើទំហំដីដដែល ជួសជុលផ្ទះបាយ ចាក់ដី ធ្វើរបង និងដឹកជញ្ជូនគ្រឿងសំណង់ សម្រាប់ធ្វើផ្ទះដោយគ្មានអាជ្ញាធរណាហាមឃាត់ទេ។ ចំពោះសុពលភាព នៃការសាងសង់ គឺមានរយៈពេល១ឆ្នាំ តែបើ១ឆ្នាំមិនទាន់ហើយ អាជ្ញាធរជាតិអប្សរាបានឲ្យគាត់ស្នើសុំបន្តសុពលភាព ដើម្បីបញ្ចប់កិច្ចការទាំងនោះឲ្យរួចរាល់។

​ពលរដ្ឋដែលជាម្ចាស់ស្រុក ក៏បានសម្តែងនូវការអរគុណ ចំពោះក្រុមការងារអាជ្ញាធរជាតិអប្សរា ដែលបានជួយសម្របសម្រួល ហើយក៏ផ្តាំផ្ញើផងឲ្យប្រជាជនដែលរស់នៅលើទឹកដីអង្គរទាំងអស់ គួរស្វែងយល់ពីសិទ្ធិរបស់ខ្លួន ដែលមានតាមរយៈការចូលរួមប្រជុំនានា ចៀសវាងការជឿតែពីមាត់មួយទៅមាត់មួយ និងចូលរួមថែរក្សាសម្បត្តិដូនតារបស់ខ្លួនឲ្យបានល្អ ដោយអនុវត្តទៅតាមគោលការណ៍ដែលបានកំណត់។ បើចង់សាងសង់ផ្ទះ គួរសុំច្បាប់ឲ្យបានត្រឹមត្រូវ ចៀសវាងការលួចធ្វើដែលជាទង្វើខុសច្បាប់ ដល់ពេលគេមករុះរើនាំតែខូចប្រយោជន៍ ទ្រព្យធន ពេលវេលារបស់ខ្លួនតែប៉ុណ្ណោះ៕