(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ផ្អែកតាមផែនការយុទ្ធសាស្ត្រនេះ ក្រសួងនឹងដាក់ចេញយន្តការចម្បង តាមរយៈការបង្កើតមូលនិធិអភិវឌ្ឍន៍ទេសចរណ៍ និងនីតិវិធីចាត់ចែងប្រើប្រាស់មូលនិធិកម្មវិធីកម្ចីនិស្សិត ដែលជាឱកាសផ្តល់លទ្ធភាពដល់និស្សិត​ក្រីក្រអាចទទួលបានការអប់រំវិជ្ជាជីវៈជំនាញ និងប្រព័ន្ធធានាការងារជូននិស្សិត តាមរយៈកិច្ចសហប្រតិបត្តិការត្រីភាគីរវាងសាលាមូលដ្ឋានអាជីវកម្ម សណ្ឋាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីគាំទ្រលើផែនការផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ឆ្នាំ២០១៧-២០២៥ ដែលត្រូវបានរៀបចំឡើងដោយបានធ្វើការសិក្សាយោងលើគោលនយោបាយជាតិមុខរបរ និងការងារ ឆ្នាំ២០១៧-២០២៥ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍អាស៊ាន ឆ្នាំ២០១៦-២០២៥ ព្រោះថាយន្តការនេះ ត្រូវបានយកមកអនុវត្តក្នុងវិស័យទេសចរណ៍ ដោយសារអាជីវកម្មទេសចរណ៍មានលក្ខណៈប្រមូលផ្តុំច្រើន ហើយវិស័យទេសចរណ៍មានលក្ខណៈជាប្រព័ន្ធ។

កិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដែលដឹកនាំដោយលោក ថោង ខុន នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ បានពិនិត្យ និងអនុមត្តិសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធាននុស្ស ក្នុងវិស័យទេសចរណ៍ ក្នុងគោលបំណងបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ ឲ្យបាន៥ម៉ឺននាក់ក្នុងមួយឆ្នាំ ដោយកំណត់ចក្ខុវិស័យច្បាស់លាស់ ចាប់ពីឆ្នាំ២០១៧-ឆ្នាំ២០២៥ ដែលកម្ពុជាអាចនឹងមានអ្នកជំនាញទេសចរណ៍​មានសមត្ថភាពខ្ពស់ ប្រកបដោយភាពច្នៃប្រឌិត និងគំនិតបង្កើតថ្មី ដើម្បីបម្រើការងារទាំងក្នុង និងក្រៅតំបន់អាស៊ាន ចូលរួមពង្រឹងឧត្តមភាពប្រកួតប្រជែង និងបង្កើនមូលធនមនុស្សក្នុងវិស័យទេសចរណ៍កម្ពុជា ស្របតាមតម្រូវការនៃ​ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងទីផ្សារការងារ។

លោករដ្ឋមន្ត្រីបានថ្លែងថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍នេះ ផ្តោតសំខាន់លើការរបណ្តុះបណ្តាលធនធានមនស្ស ក្នុងឧស្សាហកម្មទេសចរណ៍ ផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ នៅទូទាំងប្រទេស ទាំងការបណ្តុះបណ្តាលបំពាក់បំប៉នបន្ថែមអ្នកកំពុងធ្វើការស្រាប់ និងអ្នកដែលត្រៀមធ្វើការថ្មីដោយមន្ទីរ​ទេសចរណ៍រាជធានី-ខេត្ត ត្រូវបង្កើតផែនការការងារ និងកម្មវិធីបណ្តុះបណ្តាលជាក់លាក់    គ្រប់គ្រង និងតាមដានការអនុវត្តដោយផ្ទាល់ ចងក្រង និងបណ្តុះបណ្តាលឲ្យមានគ្រូបង្គោលគ្រប់ផ្នែក និងត្រូវមានការ​សម្របសម្រួលពី​ថ្នាក់ជាតិ ដើម្បីរួមគ្នាអភិវឌ្ឍធនធានមនុស្សផ្នែកវិជ្ជាជីវៈជំនាញ ស្របតាមទិសដៅយុទ្ធសាស្ត្រ​ពង្រឹងការអនុវត្តកិច្ចព្រមព្រៀង​ទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន​ (MRA) អភិវឌ្ឍន៍ និងពង្រឹងជំនាញវិជ្ជាជីវៈទេសចរណ៍​ តាមស្តង់ដាជាតិ និងអាស៊ាន ស្របនឹងតម្រូវការ និងផែនការអភិវឌ្ឍន៍ វិស័យទេសចរណ៍កម្ពុជា។ ជាមួយនោះ ក្រសួងនឹងដាក់ចេញនូវផែនការយុទ្ធសាស្ត្រពង្រឹងសមត្ថភាពស្ថាប័ន ដោយត្រូវបណ្តុះបណ្តាលមន្ត្រីជំនាញផ្នែកគ្រប់គ្រង ឲ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីជាដៃគូដ៏ល្អរវាងរដ្ឋ និងឯកជន។

លោករដ្ឋមន្ត្រីក៏បានជំរុញឲ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពន្លឿនអនុវត្តគម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ ក្រោមគម្រោងកម្ចីពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ឲ្យបានឆាប់រហ័ស ដើម្បីរួមចំណែកអនុវត្តផែនការយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍នេះ ឲ្យសម្រេចបានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងនិន្នាការរីកចម្រើន​យ៉ាង​ឆាប់រហ័ស នៃវិស័យទេសចរណ៍កម្ពុជា ដោយធានាគុណភាពសេវាកម្មសចរណ៍ និងផ្តល់ភាពកក់ក្តៅដល់​ភ្ញៀវទេសចរ។

យោងតាមរបាយការណ៍របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) និងក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរ​ពិភពលោក (WTTC) ឆ្នាំ២០១៦ ពិភពលោកទទួលបានទេសចរប្រមាណ ១,២៣៥លាននាក់ បង្កើតការងារដោយផ្ទាល់ និងប្រយោលសរុបប្រមាណ ២៩០លាននាក់ ខណៈដែលវិស័យទេសចរណ៍ និងការធ្វើដំណើរកម្ពុជាបានបង្កើត​ការងារដោយផ្ទាល់ និងប្រយោលសរុបប្រមាណ ២.៣លាននាក់ ស្មើនឹង២៧% នៃការងារសរុប ក្នុងនោះការងារផ្ទាល់​មានប្រមាណ ១.២លាននាក់ ស្មើនឹង១៤% នៃការងារសរុប ដែលការងារផ្ទាល់ក្នុងវិស័យទេសចរណ៍មានប្រមាណ ៦២ម៉ឺននាក់។

នៅឆ្នាំ២០២០ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ ដែលមានតម្រូវការអ្នកជំនាញវិជ្ជជីវៈ​ទេសចរណ៍​ប្រមាណ ៨០ម៉ឺននាក់ ហើយនៅឆ្នាំ២០២៥  កម្ពុជាយើងអាចទទួលបានទេសចរអន្តរជាតិប្រមាណ ១១លាននាក់ ដែលអាចផ្តល់ឱកាសការងារដោយផ្ទាល់យ៉ាងតិច ១.៣លាននាក់៕