(ភ្នំពេញ)៖ ​នៅវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង នឹងប្រកាសឲ្យចូលកាន់តំណែងជាអភិបាលរាជធានីភ្នំពេញផ្លូវការ ជំនួសលោក ប៉ា សុជាតិវង្ស ត្រូវចូលនិវត្តន៍។

ពិធីប្រកាសចូលកាន់តំណែងនេះ ត្រូវធ្វើឡើងក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពីមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើននាក់ទៀតផងដែរ។

ក្នុងឱកាសនោះ ក៏មានការផ្លាស់ប្ដូរ និងតែងតាំងអភិបាលរងរាជធានីភ្នំពេញចំនួន២រូបផងដែរ រួមមាន លោក ​កើត ឆែ ​និងលោក នួន ផារ័ត្ន​​។

សូមជម្រាបថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងលោក ឃួង ស្រេង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស​។

យោងតាមព្រះរាជក្រឹត្យ ​បញ្ជាក់ថា ការតែងតាំងលោក ឃួង ស្រេង ឋានន្ដរស័ក្ដិឧត្តមមន្ដ្រីថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ធ្វើឡើងតាមសំណើររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕

លោក ប៉ា សុជាតិវង្ស

លោក ឃួង ស្រេង

លោក កើត ឆែ

លោក នួន ផារ័ត្ន