(ភ្នំពេញ)៖ ប្រធានអង្គការ UNAIDS ប្រចាំកម្ពុជា លោកស្រីវេជ្ជបណ្ឌិត Vladanka Andreeva បានថ្លែងកោតសរសើរ និងអបអរសាទរពីវឌ្ឍនភាពក្នុងការកាត់បន្ថយ និងទប់ស្កាត់ការឆ្លងរីករាលដាលមេរោគអេដស៍ នៅប្រទេសកម្ពុជា និងគាំទ្រគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ការបញ្ហានេះ ក្នុងនោះរួមមាន ទិសដៅ ៩០-៩០-៩០ នៅឆ្នាំ២០២០ និងទិសដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥។

លោកស្រីប្រធានអង្គការ UNAIDS ថ្លែងកោតសរសើរ និងគាំទ្របែបនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅទីស្ដីការក្រសួងសុខាភិបាល នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ។

ក្នុងជំនួបនោះ លោកស្រីវេជ្ជបណ្ឌិត Vladanka Andreeva បានកោតសរសើរថា ការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាយដាលមេរោគអេដស៍ ទទួលបានលទ្ធផលល្អគួរឲ្យកត់សម្គាល់ និងក្លាយជាគំរូដ៏សំខាន់សម្រាប់ជាបទពិសោធន៍ ក្នុងការអនុវត្តវិធានការកាត់បន្ថយ និងទប់ស្កាត់ការឆ្លងមេរោគអេដស៍ នៅប្រទេសគោលដៅដទៃទៀត។

លោកស្រី Andreeva ក៏បានបញ្ជាក់ពីការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយ និងលុបបំបាត់ការឆ្លងរីករាលដាលមេរោគអេដស៍ ៩០-៩០-៩០ នៅឆ្នាំ២០២០ និងទិសដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ ផងដែរ។

ចំពោះទិសដៅ ៩០-៩០-៩០ នេះ ត្រូវបានមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលពន្យល់ថា ជាការកំណត់ភាគរយតាមដំណាក់កាល ៣ចំណុច រួមមាន៖

ដំណាក់កាលទី១៖ ត្រូវកំណត់ចំនួនអ្នកផ្ទុកមេរោគអេដស៍ក្នុងប្រទេសឲ្យបាន ៩០% នៃចំនួនអ្នកផ្ទុកមេរោគអេដស៍សរុប
ដំណាក់កាលទី២៖ ត្រូវព្យាបាលអ្នកផ្ទុកមេរោគអេដស៍ឲ្យបាន ៩០% នៃចំនួនអ្នកផ្ទុកមេរោគអេដស៍ដែលបានរកឃើញខាងលើ
ដំណាក់កាលទី៣៖ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ ដែលទទួលបានការព្យាបាលខាងលើ រដ្ឋត្រូវសម្រេចឲ្យបានលទ្ធផល ៩០% ដែលពិនិត្យមើលទៅសឹងតែគ្មានកំហាប់នៃមេរោគអេដស៍ ក្នុងរាង្គកាយអ្នកផ្ទុក។

លោកស្រីប្រធានអង្គការ UNAIDS ក៏បានអញ្ជើញលោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង ទៅចូលរួមកិច្ចប្រជុំអន្តរជាតិពាក់ព័ន្ធនឹងបញ្ហាការទប់ស្កាត់ការឆ្លងមេរោគអេដស៍ នៅរដ្ឋធានីបារីស នៃសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី២០-២៣ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខ ដែលមានប្រទេសគោលដៅចូលរួមតែ ៥ប្រទេសប៉ុណ្ណោះ ក្នុងនោះក៏មានកម្ពុជាផងដែរ។

ឆ្លើយតបនឹងការអញ្ជើញនេះ លោករដ្ឋមន្រ្តីក៏បានទទួលយល់ព្រមផងដែរ ហើយលោករដ្ឋមន្រ្តី ថែមទាំងបានថ្លែងអំណរគុណចំពោះអង្គការ UNAIDS ផងដែរ ដែលបានជួយជ្រោមជ្រែងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយ និងទប់ស្កាត់ការឆ្លងរីករាលដាលមេរោគអេដស៍នេះ៕