(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញដីកាបញ្ជាឲ្យលោក ម៉ន ផល្លា ប្រធានប្រតិបត្តិការគណបក្សសង្គ្រោះជាតិ ឲ្យចូលខ្លួនទៅបង្ហាញមុខនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ មុនថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីសាកសួរលើករណី «ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស» កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ។ នេះបើយោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សៀង សុខ ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ។

យោងតាមដីកាបញ្ជាឲ្យចូលខ្លួន បានបញ្ជាក់ថា «លោក ម៉ន ផល្លា អាយុ៤២ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ 3Eo ផ្លូវលេខ15C ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឲ្យចូលបង្ហាញខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស» កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧។

សូមជំរាបថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ បុរសរងគ្រោះម្នាក់ត្រូវបាន​​​ក្រុមសកម្មជន គណបក្សសង្គ្រោះជាតិប្រមាណ១០នាក់ បានព្រួតវាយធ្វើបាប គ្រាន់តែបើកម៉ូតូឆ្លងកាត់​ក្បួនដង្ហែបក្សរបស់ពួកគេ​ បណ្តាលឲ្យជាំហើមភ្នែកខាងឆ្វេងក្បាល និងលើខ្លួនប្រាណជាច្រើនកន្លែង។ ក្រោយមកនៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ បុរសរងគ្រោះ បានដាក់ពាក្យប្តឹងក្រុមអ្នកគាំទ្រគណបក្ស សង្រ្គោះជាតិទាំងនេះ នៅប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលបានវាយទាត់ធាត់លើរូបគាត់​។ (សូមទស្សនាវិដេអូ)

សូមអានខ្លឹមសារលម្អិត ដីកាបញ្ជាឲ្យចូលខ្លួន៖