(ភ្នំពេញ)៖ អាចចាត់ទុកថា ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ នៅពេលដែលមហាជនបានដឹង និងឮពីរឿងរបស់តារាសម្ដែង ល្បីឈ្មោះបង្គួរមួយដួង គឺកញ្ញា ពីង រ៉ូហ្សា ដែលបានប្រកែកយ៉ាងដាច់ខាតថា មិនហ៊ានប្រថុយស្នេហ៍ ជាមួយប្រុសអ្នកមាន ព្រោះតែនាងខ្លាចប៉ះចំប្ដីគេ នាំតែដំបៅទ្រូង ពោលគឺនាងសុខចិត្តនៅទំនេរ ល្អជាង ទៅជាប់ពាក់ព័ន្ធជាមួយរឿងស្នេហាត្រីកោណ។

តារាសម្ដែងវ័យក្មេង មានសម្រស់ស្រស់ស្អាត ប្រៀបបីដូចជាបុប្ផាក្រពុំ កំពុងជះក្លិនបញ្ច្រាស់ខ្យល់ធ្វើឲ្យកន្លង់ៗជាច្រើន ជ្រើមជ្រួលតាមស្នេហ៍ កញ្ញា ពីង រ៉ូហ្សា បានបង្ហើបថា បន្ទាប់ពីនាងដាក់ចិត្តដាក់កាយបង្ហាញខ្លួន ក្នុងសង្វៀនសិល្បៈរួចមក ឃើញថា មានប្រុសៗសម្បូរទ្រព្យស្ដុកជាច្រើន បានបុកទ្រគេចក្បាលគ្នា តាមចោលរោមសុំស្នេហ៍នាងឥតដាច់ ដោយអ្នកខ្លះថែមទាំងហ៊ានចំណាយ ប្រាក់ដុំដុល្លារជះមកលើខ្លួននាង ជាថ្នូរនឹងសេចក្ដីស្នេហា ចង់បាននាងធ្វើជាកំណាន់ចិត្តទៀតផង។

ប៉ុន្តែសុំណើរនេះ ត្រូវបានស្រីស្រស់សម្រស់មានមន្តស្នេហ៍ ពីង រ៉ូហ្សា ច្រានចោលភ្លាមៗ ដោយអះអាងថា មិនហ៊ានយកខ្លួន ទៅប្រឡូកប្រឡាក់ នឹងស្នេហាមួយចំអិនកំពិសនេះទេ ហើយក៏មិនត្រូវការស្នេហាពីបុរសអ្នកមាន ដែលចូលចិត្តជះលុយទាំងដុំៗ ទិញស្នេហាដែរ ព្រោះទៅថ្ងៃអនាគត ខ្លាចនាំឲ្យមានដំបៅ មានវិប្បដិសារីអស់មួយជីវិត ព្រោះតែប៉ះចំលើប្ដីគេ ដែលជាមិនមែនបំណងប្រាថ្នា របស់នាងឡើយ។

ពីង រ៉ូហ្សា បានប្រាប់ថា បន្ទាប់ពីដណ្ដើមបានភាពលេចធ្លោ នៅក្នុងសួនសិល្បៈ មានឈ្មោះល្បីគួរសមរួចមក មានបុរសៗ អ្នកមានជាច្រើន តាមក្រវែលថ្ពក់ស្នេហ៍ ខណៈដែលនាង បានច្រានចោលសំណើរស្នេហ៍បុរសៗ ទ្រព្យស្ដុកជាបន្តបន្ទាប់។ នាងគិតថា បុរសៗទាំងនោះហាក់គ្មានបំណងពិតប្រាកដជាមួយនាង។ ម្យ៉ាងទៀត រឿងដៃគូស្នេហា មិនអាចសម្រេចចិត្ត ដោយប្រថុយប្រថាន បានទេ គឺត្រូវតែម៉ត់ចត់នឹងច្បាស់លាស់។ ត្បិតអីនាងខ្លាចប៉ះបុរស ដែលមានប្រពន្ធកូនរួចហើយ។ ណាមួយការជ្រើសរើសដៃគូស្នេហានាង មិនសំឡឹងឃើញទ្រព្យជាធំនោះទេ ពោលគឺនាងចង់បានស្នេហាមួយនិងមួយ ហើយច្បាស់លាស់ ពិតប្រកដតាមគន្លងប្រពៃណី ដូចស្ដ្រីទូទៅដែរ។

តារាសម្ដែងសំបូរមន្តស្នេហ៍រយពាន់ ពីង រ៉ូហ្សា អះអាងទៀតថា នាងចង់ផ្ដោតលើការពង្រឹងអាជីពសិល្បៈច្រើនជាង ខណៈដែលមួយរយៈចុងក្រោយនេះ នាងទទួលបាន ឱកាសថតភាពយន្ត ជាបន្តបន្ទាប់ ដូច្នេះរឿងស្នេហា មិនសូវទាន់គិតគូប៉ុន្មានឡើយ។

សូមបញ្ជាក់ថា កញ្ញាពីង រ៉ូហ្សា ត្រូវបានគេស្គាល់ តាមរយៈការសម្ដែងនៅភាពយន្តមួយចំនួន ដូចជារឿង «ណារ៉ូនិងសូម៉ាលី,ម្ចាស់ចម្ការ,ទឹកភ្នែកព្រោះសម្រស់» និងភាពយន្តជាច្រើនទៀត រួមទាំងរឿងអប់រំមួយចំនួន។ នាងក៏មានវត្តមានជាញឹកញាប់ នៅក្នុងក្រុមបង្ហាញម៉ូដរបស់ក្រុមកញ្ញា ឌួង ហ្ស៊ូរីដា ផងដែរ ខណៈដែលអំឡុង ពេលនេះ នាងកំពុងសម្រុកថតភាពយន្ត៥រឿង ព្រមគ្នាទាំងរឿងដុំ និងរឿងភាគ ដែលគេមើលឃើញ ថាអាជីពសិល្បៈ របស់នាងកំពុងតែស្ទុះឡើង លេចធ្លោគួរឲ្យកត់សម្គាល់។ ពេលនេះ នាងកំពុងថតភាពយន្ត៥រឿងព្រមគ្នា ដូចជារឿង «រ៉ៃមាស,សំបុត្រទុកចោល,ម្ចាស់ចម្ការ,ម្ចាស់សំបុត្រ» និងមួយរឿងទៀត សុំលាក់ចំណងជើងសិន៕