(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីថ្លែងការណ៍ ដោយសោកស្ដាយយ៉ាងខ្លាំង ចំពោះការវាយតម្លៃខុសពីការពិត ដែលធ្វើឲ្យសាធារណជនមានការយល់ច្រឡំ លើដំណើរការ និងលទ្ធផលនៃការបោះឆ្នោត។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច។

សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា «គ.ជ.ប មានការសោកស្ដាយជាខ្លាំងចំពោះការវាយតម្លៃ ដែលគ្មានប្រព្រឹត្តការណ៍ជាក់ស្ដែង មកឆ្លុះបញ្ជាំងការពិត ទៅលើទិដ្ឋភាពបច្ចេកទេស ដែលបានបទប្បញ្ញាតិនៅក្នុងច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធីរបស់ គ​.ជ.ប ដែលអាចធ្វើឲ្យសាធារណៈជនមានការយល់ច្រឡំ លើដំណើរការ និងលទ្ធផលនៃការបោះឆ្នោត»

សេចក្ដីថ្លែងការណ៍ដដែលនេះ បានបញ្ជាក់ទៀតថា គ.ជ.ប ក៏ដូចជាមតិជាតិ និងអន្ដរជាតិបានយល់ឃើញថា គ្មានការបោះឆ្នោតណាមួយដែលរៀបចំឡើង បានល្អឥតខ្ចោះ១០០%នោះទេ ទោះបីនៅក្នុងប្រទេសអភិវឌ្ឍន៍ ឬអារ្យប្រទេសក៏ដោយ។ ចំណុចខ្វះខាតតិចតួចដែលនៅសេសសល់ តាមរយៈបទពិសោធន៍នៃការបោះឆ្នោតនេះ គ.ជ.ប រួមជាមួយជំនាញការអន្ដរជាតិ កំពុងបំពេញការងារ នៅទីស្ដីការគ.ជ.ប នឹងរួមគ្នាធ្វើការដោះស្រាយ និងកែលម្អឲ្យកាន់តែប្រសើរឡើងថែមទៀត សម្រាប់ការបោះឆ្នោតលើកក្រោយ។

បើតាម គ.ជ.ប ចំនួន៩០.៣៧ភាគរយ បានចេញទៅបោះឆ្នោតប្រកបដោយទឹកមុខរីករាយ គ្មានការបំផិតបំភ័យនិងគ្មានការភ័យខ្លាច។

សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្ដីថ្លែងការណ៍របស់គ.ជ.ប ខាងក្រោមនេះ៖