(សៀមរាប)៖ កម្លាំងនគរបាលខេត្តសៀមរាប បានបន្តប្រតិបត្តិការរបស់ខ្លួន តាមចាប់ជនសង្ស័យចំនួន៧នាក់ ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀន តាមមូលដ្ឋានក្នុងក្រុងសៀមរាប និងស្រុកស្រីស្នំ ព្រមទាំងដកហូតថ្នាំញៀន និងវត្ថុតាងមួយចំនួនផងដែរ។

ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី បានប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះថា នៅថ្ងៃម្សិលមិញ សមត្ថកិច្ចយើងបានចុះបង្ក្រាបករណីសម្រួល និងចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិត្រវាល សង្កាត់គោកចក ដោយឃាត់ខ្លួនជនសង្ស័យ៦នាក់ ស្រីម្នាក់ ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១កញ្ចប់ មានទម្ងន់០.០១ក្រាម សំភារៈវេចខ្ចប់ និងឧបករណ៍ច្នៃជក់គ្រឿងញៀនមួយចំនួន កាំបិតដែកចំនួន០២ដើម, និងទូរស័ព្ទដៃចំនួន០៤គ្រឿងផងដែរ។

ដោយឡែកនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន។ ជនសង្ស័យត្រូវបានឃាត់ខ្លួន និងចាត់ការទៅតាមនីតិវិធី។

សម្រាប់ជនសង្ស័យទាំង៧នាក់​ ត្រូវបានកម្លាំងនគរបាលបញ្ជូនខ្លួនទៅកាន់តុលាការផងដែរ នៅថ្ងៃនេះ៕