(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ បានហៅ លោក សម រង្ស៊ី ថាជា «កូនអាក្បត់ជាតិ» បន្ទាប់ពីអតីតប្រធានគណបក្សប្រឆាំងរូបនេះ បានបន្តផ្សព្វផ្សាយចោទប្រកាន់លើគណបក្សប្រជាជនកម្ពុជា ដែលគណបក្សនេះមិនអាចទទួលយកបាន ហើយចាត់ទុកថា ជាការលាបពណ៌ដ៏ធ្ងន់ធ្ងរដើម្បីបំផ្លាញជាតិខ្មែរ។

ប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបានរត់គេចមិនអនុវត្តទោស ទៅក្រៅប្រទេស បានចេញនូវវីដេអូថ្មីមួយទៀត នៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីផ្សព្វផ្សាយលាបពណ៌លើគណបក្សប្រជាជនកម្ពុជាថា ជាគណបក្សដែលបង្កើតឡើងដោយវៀតណាមសុទ្ធសាធ ហើយធ្វើអ្វីតាមការបង្គាប់របស់វៀតណាម។

លោក សុខ ឥសាន បានចាត់ទុកថា ការលើកឡើងរបស់ លោក សម រង្ស៊ី គឺជាការលាបពណ៌បញ្ឆេះកំហឹងពលរដ្ឋ ហើយថា មានតែពូជរបស់ជនក្បត់ជាតិ សម សារី ប៉ុណ្ណោះ ដែលចូលចិត្តនិយាយលាបពណ៌នៅក្នុងសង្គមខ្មែរ ដែលខុសនឹងអ្នកនយោបាយដទៃទៀត។

លោក សុខ ឥសាន បានថ្លែងបញ្ជាក់តាមសារអេឡិចត្រូនិច យ៉ាងដូច្នេះថា៖ «ប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស បានដឹងគ្រប់គ្នាថា សម រង្ស៊ី ជាកូនអាក្បត់ជាតិ សម សារី ដែលក្នុងមួយជីវិតរបស់ពូជពង្សខ្លួនតែងតែចូលចិត្តអនុវត្តវប្បធម៌លាបព៌ណគេឯងមិនចេះឈប់ឈរ។ តាមទម្លាប់ពូជពង្ស អាក្បត់ជាតិនេះ បើមិនបាននិយាយមួលបង្កាច់គេដទៃទេ ប្រាកដជារន្ទះបាញ់ជាមិនខាន»

លោក សម រង្ស៊ី គឺជាកូនរបស់ លោក សម សារី អ្នកនយោបាយប្រឆាំង សម្តេចព្រះ នរោត្តម សីហនុ ក្នុងសម័យសង្គមរាស្រ្តនិយម។ ក្នុងឯកសារ «នយោបាយទូទៅ» ដែលព្រះរាជនិពន្ធដោយ សម្តេចនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះអង្គបានហៅ លោក សម សារី ថាជាជនក្បត់ជាតិ ដែលចាប់ដៃគ្នាជាមួយ លោក សឺង ង៉ុកថាញ់ ដើមកំណើតខ្មែរកម្ពុជាក្រោម រៀបគម្រោងផ្តួលរំលំការដឹកនាំរបស់ព្រះអង្គ ដើម្បីបម្រើនយោបាយបរទេស។

ពាក់ព័ន្ធនឹងដើមកំណើតគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចសព្វថ្ងៃវិញ លោក សុខ ឥសាន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានចាប់បដិសន្ធិឡើងនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ចេញពីស្មារតីស្នេហាជាតិ និងស្រឡាញ់ប្រជាជន ក្នុងកាលៈទេសៈដែលប្រទេសជាតិស្ថិតនៅក្រោមនឹមអាណានិគមនិយមរបស់បារាំង។

លោកថ្លែងថា ដោយសារមានមាគ៌ានយោបាយត្រឹមត្រូវ ទោះបីឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រលំបាកស្មុគ្រស្មាញយ៉ាងណា ក៏គណបក្សប្រជាជនបានដឹកនាំបាន ជ័យជំនះដែរ។ ជាក់ស្តែង នៅពេលដែលប្រជាជាតិ និងប្រជាជនកម្ពុជាស្ថិតនៅក្រោមគ្រោះមហន្តរាយនៃរបបប្រល័យពូជសាន៍ ប៉ុលពត គណបក្សប្រជាជនកម្ពុជា បានដឹកនាំបង្កើតរណសិរ្សសាមគ្គីសង្រោះជាតិកម្ពុជា រួមសហការជាមួយកងទ័ពវៀតណាម វាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត សង្គ្រោះអាយុជីវិត ប្រជាជនបានទាន់ពេលវេលានាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ។ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនយោបាយបង្រួបបង្រួមជាតិ ឈានដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ បើកផ្លូវឲ្យមានការបោះឆ្នោតសកលលើកទី១ នាខែឧសភាឆ្នាំ ១៩៩៣ បង្កើតរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រទី២ ដែលបាន និងកំពុងអនុវត្តរហូតដល់សព្វថ្ងៃ ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនយោបាយឈ្នះ-ឈ្នះ ធ្វើឲ្យអង្គការចាត់តាំង នយោបាយ និងយោធារបស់ខ្មែរក្រហមប៉ុល ពត ត្រូវរលំរលាយទាំងស្រុង នាំមកនូវសន្តិភាពពេញលេញ ជូនប្រទេសជាតិ ដែលមិនធ្លាប់មានពីមុន រាប់សតវត្សមកហើយ។ ដោយសារសន្តិភាពនេះហើយ បានជាប្រជាជនកម្ពុជាមានឱកាសកសាង និងអភិវឌ្ឈប្រទេសមានការរីកចម្រើនជាបន្តបន្ទាប់ ហើយបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដែលអត្រាក្រោមបន្ទាត់ក្រីក្រ ធ្លាក់មកនៅត្រឹមជាង ១០ភាគរយប៉ុណ្ណោះ៕