Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាឯកភាពឲ្យសិង្ហបុរី បន្តបណ្ដុះបណ្ដាលដល់គ្រូពេទ្យរបស់មន្ទីរពេទ្យកាល់ម៉ែត រយៈពេល២ឆ្នាំទៀត

27-06-2017 17:35

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសុខាភិបាល ជាសេនាធិការ បានឯកភាពយល់ព្រមឲ្យអ្នកជំនាញរបស់មន្ទីរពេទ្យតាន់តុកសេង ដែលមន្ទីរពេទ្យដ៏ល្បីល្បាញមួយ នៃសាធារណរដ្ឋសិង្ហបុរី ក្រោមជំនួយមូលនិធិតេម៉ាសិកអន្តរជាតិ (TEMASEK Foundation International) បន្តកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល ដល់ក្រុមបុគ្គលិកពេទ្យរបស់មន្ទីរពេទ្យកាល់ម៉ែត រយៈពេល២ឆ្នាំទៀត

បន្ទាប់ពីការឯកភាពនេះទៅ ភាគីទាំងពីរនឹងធ្វើការពិភាក្សាគ្នាលម្អិតបន្តទៀត មុនឈានទៅដល់ការចុះអនុស្សរណៈ នៃការយោគយល់គ្នា នៅពេលក្រោយ។

ការឯកភាពនេះ ត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយលោក Gerald Yeo នាយកមូលនិធិតេម៉ាសិកអន្តរជាតិ នៅទីស្ដីការក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧។

ក្នុងជំនួបនោះ លោក Gerald Yeo បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង ដើម្បីបន្តកិច្ចសហប្រតិបត្តិការ និងបណ្ដុះបណ្ដាលបុគ្គលិកពេទ្យជំនាញផ្នែកវះកាត់របួសបាក់ឆ្អឹងដៃ របស់មន្ទីរពេទ្យកាល់ម៉ែត រយៈពេល២ឆ្នាំទៀត។

សំណើដ៏ល្អនេះ ត្រូវបានលោករដ្ឋមន្រ្តី ទទួលឯកភាព និងគាំទ្រយ៉ាងពេញទំហឹង ព្រមទាំងសន្យាថា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយមូលនិធិតេម៉ាសិកអន្តរជាតិ ក៏ដូចជាមន្ទីរពេទ្យតាន់តុកសេងរបស់ប្រទេសសិង្ហបុរី ថែមទៀតផងដែរ។

ភាគីទាំងពីរក៏បានឯកភាពគ្នាថា នឹងពិភាក្សាលម្អិតបន្តទៀតលើការងារដ៏សំខាន់មួយនេះ មុនឈានទៅដល់ការចុះអនុស្សរណៈ នៃការយោគយល់គ្នា នៅពេលក្រោយ។

សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចរបស់លោក តូនី តាន កេងយ៉ាម ប្រធានាធិបតីសិង្ហបុរី នៅប្រទេសកម្ពុជា កាលពីឆ្នាំ២០១៦ កន្លងទៅ មន្ទីរពេទ្យកាល់ម៉ែត បានចុះអនុស្សរណៈជាមួយមន្ទីរពេទ្យតាន់តុកសេង នៃសាធារណរដ្ឋសិង្ហបុរី ពាក់ព័ន្ធនឹងកាជួយបណ្ដុះបណ្ដាលបុគ្គលិកសុខាភិបាលកម្ពុជាផងដែរ។ ជាមួយគ្នានោះ សិក្ខាកាមសុខាភិបាលកម្ពុជាជាច្រើននាក់ ក៏មាន​ឱកាសទៅធ្វើកម្មសិក្សានៅប្រទេសសិង្ហបុរីផងដែរ តាមរយៈ TEMASEK Foundation International នេះ៕