(កំពង់ចាម)៖ ក្រោយពីផ្ទុះការតវ៉ាអស់រយៈពេល៣ថ្ងៃ ជាមួយថៅកែជនជាតិចិន រឿងផ្លាស់ប្តូរលក្ខខណ្ឌការងារថ្មី នៅថ្ងៃទី២៧​​ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រុមហ៊ុនរោងចក្រ «ខាលីងតុន» បានបើកដំណើរការឲ្យកម្មករ ចូលធ្វើការជាធម្មតាវិញហើយ បន្ទាប់ពីក្រុមហ៊ុន បានប្រជុំពិភាក្សាជាមួយតំណាង មន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ សហជីព ​ប៉ុន្ដែចំពោះរឿងផ្លាស់ប្តូរលក្ខខណ្ឌការងារថ្មីនោះ និងត្រូវប្រជុំពិភាក្សាគ្នាបន្ដទៀតនៅពេលក្រោយ។ 

រោងចក្រខាលីងតុន គឺជារោងចក្រផលិតស្បែកជើង មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦ ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានកម្មករ សរុបប្រមាណជាង៦ពាន់នាក់។

តំណាងក្រុមហ៊ុន រោងចក្រខាលីងតុន បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះថា ការកែទម្រង់ផ្លាស់ប្តូរលក្ខខណ្ឌការងារនេះ គឺធ្វើឡើងដោយផ្អែកលើច្បាប់ការងារនៃកម្ពុជាជាគោល តែកូដកម្មកើតឡើង ដោយសារប្រធានគ្រប់គ្រងមុន មិនបានអនុវត្តត្រឹមត្រូវ តាមគោលការណ៍ច្បាប់ គ្រប់គ្រងការងារមិនបានហ្មត់ចត់ និងបានសន្យាផ្ទាល់មាត់ជំនួសឲ្យការសរសេរពីលក្ខខណ្ឌការងារ។

តំណាងក្រុមហ៊ុន បានបញ្ជាក់ថា ប្រធានគ្រប់គ្រងមុន បានសន្យាផ្ទាល់មាត់ច្រើន ជាមួយសហជីព និងអនុវត្តនៅគោលការណ៍ទៅតាមទម្លាប់ ដូច្នេះ ពេលដែលប្រធានថ្មីផ្លាស់ប្តូរលក្ខខណ្ឌការងារភ្លាមៗ ធ្វើឲ្យមានការយល់ច្រឡំ រវាងបងប្អូនកម្មករនិងសហជីព តែការយល់ច្រឡំនេះ ត្រូវបានដោះស្រាយក្រោយ ពីមានមានការជួបប្រជុំគ្នា ជាមួយភាគីពាក់ព័ន្ធក្រោមការសម្របសម្រួលរបស់មន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ។

តំណាងក្រុមហ៊ុនដដែលរូបនេះ ក៏បានបញ្ជាក់ផងដែរថា នៅក្នុងអំឡុងរយៈពេល៣ថ្ងៃ ដែលកម្មករបានផ្ទុះការតវ៉ានេះ ក្រុមហ៊ុននៅតែផ្ដល់ប្រាក់ប្រចាំថ្ងៃ ទៅដល់កម្មករដូចដើម ទោះបីជាពួកគាត់បានទៅដល់កន្លែងរោងចក្រហើយ អត់បានធ្វើការក៏ដោយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ កម្មកររោងចក្រខាលីងតុនមួយចំនួន បានផ្ទុះការតវ៉ាជាមួយថៅកែរោងចក្រជនជាតិចិន ដោយមូលហេតុថា ខាងភាគីរោងចក្រ បានផ្លាស់ប្តូរលក្ខខណ្ឌការងារថ្មី ដោយមិនបានជូនដំណឹង និងពិភាក្សាជាមួយតំណាងកម្មករជាមុន៕