(ភ្នំពេញ)៖ លោក Robert Elliott អគ្គនាយកប្រតិបត្តិ Manulife បានថ្លែងឲ្យដឹងថា រយៈពេល៥ឆ្នាំចាប់តាំពីក្រុមហ៊ុន Manulife ឈានជើងចូលទីផ្សារប្រទេសកម្ពុជាឃើញថា មានអតិថិជនប្រមាណជាង៤ម៉ឺននាក់ហើយ ដែលបានផ្ដល់សេចក្ដីទុកចិត្តក្នុងការប្រើប្រាស់ សេវាកម្ម​ធានា​រ៉ាបរងអាយុជីវិតរបស់ក្រុមហ៊ុន Manulife នេះ។ ការលើកឡើងបែបនេះរបស់ អគ្គនាយកប្រតិបត្តិ Manulife ធ្វើឡើងក្នុងឱកាសដែលលោក បានអញ្ជើញចូលរួមប្រារព្ធខួប៥ឆ្នាំ របស់ក្រុមហ៊ុន Manulife នៅដើមសប្តាហ៍នេះ។

លោក Robert Elliott បានថ្លែងឲ្យដឹងថា «យើងពិតជាមានមោទនភាពខ្លាំងណាស់ ក្នុងនាមក្រុមហ៊ុនអន្ដរជាតិដំបូងគេក្នុងការ​ត្រួស​ត្រាយផ្លូវសម្រាប់វិស័យធានារ៉ាប់រងអាយុជីវិត ក្នុងប្រទេសកម្ពុជា។ បុគ្គលិក​ និងបណ្ដាញផ្នែកលក់ដែលពោរពេញដោយការប្ដេជ្ញាចិត្ត ការតាំងចិត្តខ្ពស់ដើម្បីធ្វើឲ្យមានភាពផ្លាស់ប្ដូរ ជាវិជ្ជមានមួយសម្រាប់អតិថិជនរបស់យើង រួមជាមួយដៃគូអាជីវកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរួមចំណែកយ៉ាងសំខាន់ក្នុងភាគជោគជ័យ»

លោកបានថ្លែងបញ្ជាក់ទៀតថា រយៈពេល៥ឆ្នាំ មានអតិថិជនចំនួន៤ម៉ឺននាក់ហើយ ដែលបានប្រើប្រាស់សេវាកម្មធានារ៉ាបរងអាយុ​ជីវិត និងបានសង់សំណងដល់អតិថិជនវិញ គឺមិនដល់មួយសប្ដាហ៍នោះឡើយ សម្រាប់ទឹកប្រាក់សំណងដែលបានធ្វើរហូតមក​ដល់​បច្ចុប្បន្នវិញគឺមានចំនួនជាង៧០ម៉ឺនដុល្លារហើយ។

ព្រឹត្តិការណ៍ដ៏សំខាន់នេះ ឆ្លុះបញ្ចំាងឲ្យឃើញពីការវិនិយោគរបស់ក្រុមហ៊ុន មកលើអនាគតរបស់ប្រទេសកម្ពុជា តាមរយៈការផ្ដល់ជូន នូវសន្ដិសុខផ្នែកហិរញ្ញវត្ថុ ដល់ប្រជាជនកម្ពុជាជាង៤ម៉ឺននាក់។ ក្រុមហ៊ុន Manulife បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការនាំយកវិស័យ ធានារ៉ាប់រងអាយុវជីវិតមកទីផ្សារកម្ពុជា តាមរយៈបណ្ដាញចែកចាយផ្សេងៗគ្នា វគ្គសិក្ខាសាលា​អប់រំ និងសកម្មភាពទីផ្សារបែបយុទ្ធិសាស្រ្ដនៅទូទាំងប្រទេស។

លោក Robert Elliott បានថ្លែងទៀតថា «យើងពិតជាមានមោទនភាពណាស់ដែលបានឃើញការរីកចម្រើនយ៉ាងខ្លាំងនៃ អាជីវកម្ម នៅក្នុងប្រទេសកម្ពុជារយៈពេល៥ឆ្នាំនេះ បន្ទាប់ពីការឈានចូលទីផ្សារមួយនេះ យើងប្ដេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការ​ជួយយ៉ាងពេញទំហឹងដល់អតិថិជនដើម្បីសម្រេចឲ្យបាននូវក្ដីសុបិន្ដ និងបំណងប្រាថ្នាក់ របស់ពួកគេ»

សូមបញ្ជាក់ថាក្រុមហ៊ុន Manulife គឺជាក្រុមហ៊ុនផ្ដល់ហិរញ្ញវត្ថុឈានមុខគេលំដាប់ថ្នាក់អន្ដរជាតិដែលផ្ដល់ដំណោះស្រាយសម្រាប់ អនាគតជួយអតិថិជន ក្នុងការសម្រេចចិត្តលើផែនការ ហិរញ្ញវត្ថុរបស់ពួកគេ។ ក្រុមហ៊ុន Manulife បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួន​នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ និងជាទីផ្សារថ្មីចុងក្រោយដែលធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងពិភពលោក៕