(ភ្នំពេញ​)៖ ​ប្រធាន​មន្ទីរ​រ៉ែ ​និង​ថាមពល​ខេត្ត​ព្រះ​វិហារ​ រួមជាមួយ​កូន​ចៅរបស់ខ្លួនម្នាក់ ត្រូវ​បាន​នាំ​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅថ្ងៃ​ទី​២៧​ ខែ​មិថុនា​ នេះ​​ ដើម្បី​ជំនុំជម្រះ​បទល្មើស​លួច​លក់​ដី​អង្គភាព​តម្លៃ​ជិត​៧ម៉ឺន​ដុល្លារ​អាមេរិក​ ប៉ុន្តែតុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ខាងមុខ។

សវនាការ​នេះ​ដឹកនាំ​ដោយ​លោក​ ធាម​ ច័ន្ទ​ពិសិដ្ឋ​ ជា​ចៅក្រម​ជំនុំជម្រះ​ និង​លោក​ ងិន​ ពេជ​ ជា​តំណាង​អយ្យការ​។

ជនជាប់ចោទ​ឈ្មោះ​ គង់ មករា ជាប្រធានមន្ទីររ៉ែ និងថាមពល និងឈ្មោះ ងួន ផល្លី ជាប្រធានគណនេយ្យជាប់ចោទពីបទ បំផ្លាញដោយចេតនា និងបទគៃបំបាត់ដោយទុច្ចរិត តាមមាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ និង មាត្រា៣២ ច្បាប់ស្ដីពីការ​ប្រឆាំងអំពើពុករលួយ។

ដើមចមដែលនាំ​ឲ្យ​មានការចោទប្រកាន់នេះ ត្រូវ​បាន​ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ កាលពីពេលកន្លងទៅ លោក គង់ មករា និងលោក ងួន ផល្លី បានឃុបឃិតគ្នាលក់ដីទំហំ​ប្រមាណ​ ១៣​ម៉ែត្រ​គុណ​នឹង​៧៤ម៉ែត្រ​ តម្លៃ​ចន្លោះ​ពី ៧ទៅ៨ម៉ឺន​ដុល្លារអាមេរិក​ នៅក្នុង​ភូមិ​សំរោង ​សង្កាត់​កំពង់ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ក្នុង​អំឡុង​ឆ្នាំ២០១៤។

ដោយសារការលួចលក់ដី​រដ្ឋ​នេះ បិទមិនជិតធ្វើឲ្យមន្ត្រីថ្នាក់​ក្រោមឱវាទ ប្តឹងមកសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យបើកការស៊ើបអង្កេត។ ក្រោយមក សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ មានភស្តុតាងគ្រប់គ្រាន់ ក៏បានហៅអ្នកទាំងពីរមកបំភ្លឺកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយសម្រេចឃាត់ខ្លួនតែម្តង។

ជនជាប់ចោទ​ ថ្លែង​ក្នុង​សវនាការ​ថា​ ខ្លួនមិនបានលក់ដីរដ្ឋទេ គឺដីនោះមិនស្ថិតក្នុងបញ្ជី​សារពើពន្ធ​របស់រដ្ឋទេ ហើយ​បានប្រជុំជាមួយមន្ត្រីក្រោម​ឱវាទ​មុននឹងលក់ដីនេះ។ ពេលលក់ដីបានប្រាក់ គឺ​បានបែងចែកឲ្យមន្ត្រីក្រោម​ឱវាទ ​ដើម្បីយកទៅចិញ្ចឹមជីវិត ដែលមានជីវភាពខ្វះខាត ហើយមិនបានយកប្រាក់នោះដាក់ចូលក្នុងហោប៉ៅខ្លួនឯងទេ។

លោក​ ងិន​ ពេជ​ ជា​តំណាងអយ្យការ​ សន្និដ្ឋានថា ជនជាប់ចោទដឹងថា ដីនោះជាដីរបស់រដ្ឋ ហើយបានរៀបចំជ្រើសរើសឈ្មោះ ងួន ផល្លី  ជាអ្នកឈរឈ្មោះលក់ដី។ ដូច្នេះតំណាងអយ្យការសូមកែប្រែបទល្មើសទៅជា បទកេងយកប្រយោជន៍ដោយខុសច្បាប់ តាមមាត្រា៥៩៧ និង៥៩៨ នៃក្រមព្រហ្មទណ្ឌវិញ។

ចំណែកមេធាវីការពារជនជាប់ចោទបានធ្វើសេចក្តីសន្និដ្ឋានថា ដីនេះត្រូវបានគេរំលោភយកតាំងពីមុនឆ្នាំ២០០០មកម្ល៉េះ ហើយវាផុតអាជ្ញាយុកាល ទើបគាត់យកដីនេះលក់ រួចបែងចែកប្រាក់ឲ្យមន្ត្រីក្រោមឱវាទ ដើម្បីជួយក្នុងជីវភាព គ្មានចេតនាទុច្ចរិតយកប្រាក់ដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួនទេ។

ក្រោយការសួរដេញដោល និងស្តាប់សេចក្តិសន្និដ្ឋានរួចហើយ តុលាការបានលើកពេលប្រកាស សាលក្រមរឿងក្តីនេះទៅថ្ងៃទី៤ ខែកក្កដា ខាងមុខវិញ៕