(ភ្នំពេញ)៖ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានជំរុញឱ្យស្នងការសាលានៃ​កងទ័ពប្រជាជន​វៀតណាម ត្រូវចាត់បញ្ជូនសិក្ខាកាមកម្ពុជារូបណា ដែលមិនគោរពវិន័យ បទបញ្ជាផ្ទៃក្នុងរបស់សាលា ឱ្យវិលត្រលប់មកប្រទេសកម្ពុជាវិញ ដើម្បីឱ្យសិក្ខាកាមដែលបានទៅសិក្សារៀនសូត្រនៅប្រទេសវៀតណាម ពេលបញ្ចប់វគ្គសិក្សាប្រកបដោយបរិមាណ និងគុណភាពខ្ពស់សក្តិសមជាសមាសភាពនាទាហានបន្តវេន។

ការថ្លែងបែបនេះរបស់ នាយឧត្តមសេនីយ៍ ប៉ុល សារឿន គឺធ្វើឡើងក្នុងជំនួប ពិភាក្សា ការងារជាមួយ ឧត្តមសេនីយ៍ទោ ចឹន ហ៊ឺវហ្វុគ ប្រធានស្នងការសាលានៃកងទ័ពប្រជាជនវៀតណាម នាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ នៅអគ្គបញ្ជាការដ្ឋានរាជធានីភ្នំពេញ។

 នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ ឧត្តមសេនីយ៍ទោ ចឹន ហ៊ឺវហ្វុគ ប្រធានស្នងការសាលានៃកងទ័ព ប្រជាជនវៀតណាម និងប្រតិភូអមដំណើរចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនង មិត្តភាព សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការដោយមេត្រីភាព ដែលប្រទេសជាតិទាំងពីរ កម្ពុជា-វៀតណាម ធ្លាប់មានជាប្រពៃណី​ដ៏យូរលង់ណាស់មកហើយ ឱ្យកាន់តែស្អិតរមួតថែមទៀត។

លោកអគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកងទ័ពប្រជាជនវៀតណាម ដែលបាន ឧបត្ថម្ភសម្ភារៈ ថវិកាសាងសង់អគារជាច្រើន និងបានជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ លើគ្រប់ ជំនាញ ដែលកត្តាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍន៍កងទ័ពកម្ពុជា ឱ្យមានការរីកចម្រើនជាលំដាប់ ដើម្បីបម្រើឱ្យវិស័យការពារជាតិ។

លោកក៏បានសំណូមពរដល់ប្រធានស្នងការសាលា នៃកងទ័ពប្រជាជនវៀតណាម ជួយបណ្តុះបណ្តាលនាយទាហានបន្តវេន បន្ថែមទៀត ដើម្បីឱ្យកងទ័ពកម្ពុជា កាន់តែមានសក្តានុពល និងសូមឱ្យស្នងការសាលាទ័ពប្រជាជនវៀតណាម ជួយបន្តពង្រឹងវិន័យ ឱ្យបានម៉ឺងម៉ាត់ដល់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ ប្រសិនបើសិក្ខាកាមរូបណាមិនគោរពវិន័យ ត្រូវចាត់បញ្ជូនឱ្យវិល ត្រលប់មកប្រទេសកម្ពុជាវិញ ដោយពុំមានការអនុគ្រោះ រឺយោគយល់ឡើយ ការធ្វើបែបនេះ ដើម្បីអោយសិក្ខាកាមដែល បានទៅសិក្សារៀនសូត្រនៅប្រទេសវៀតណាម ពេលបញ្ចប់វគ្គសិក្សានីមួយៗប្រកបដោយ បរិមាណនិងគុណភាពខ្ពស់ សាកសម ជាសមាសភាពនាទាហានបន្តវេន។

អគ្គមេបញ្ជាការ ក៏បានលើកឡើងថា៖ គណៈប្រតិភូកងទ័ពប្រជាជនវៀតណាម មកបំពេញទស្សនៈកិច្ចលើកនេះ គឺចំពេលដែលប្រទេសកម្ពុជា​ទើបប្រកាស់លទ្ធផលបោះឆ្នោតជាផ្លូវការរួច ដែលប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

លោក ប៉ុល សារឿន ជម្រាបជូនបន្ថែមទៀតថា៖ នាពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមរំលឹកខួបអនុស្សាវរីយ៍៤០ឆ្នាំ នៃទិវាចងចាំដំណើរឆ្ពោះទៅការ ផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ដោយកងទ័ពនិង​ប្រជាជនវៀតណាម បានយល់ព្រមក្នុងការជួយឧបត្ថម្ភគាំទ្រដល់ ចលនាតស៊ូរបស់សម្តេចតេជោ។ កត្តាទាំងនេះគឺសបញ្ជាក់យ៉ាងឧត្តុងឧត្តម នៃចំណងមិត្តភាពដ៏ស្និតស្នាល និងយុទ្ធសាគ្គីភាព ហើយក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ក្នុងការទំនាក់ទំនងកម្ពុជា-វៀតណាម និងជាកត្តាវិជ្ជមានក្នុងការរក្សាស្ថេរភាព សិន្តិភាពក្នុង តំបន់អាស៊ីអាគ្នេយ៍។

មានប្រសាសន៍ឆើ្លយតប ឧត្តមសេនីយ៍ទោ ចឹន ហ៊ឺវហ្វុគ បានសម្តែងសេចក្តីសោមនស្សរីករាយ ចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតរបស់ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបាន កោតសរសើរចំពោះដំណើរការអភិវឌ្ឍន៍​របស់ប្រទេស​កម្ពុជាលើគ្រប់វិស័យ។

លោកប្រធានស្នងការសាលាក៏បានបន្តទៀតថា៖ កងទ័ពប្រជាជនវៀតណាមតែង​បានផ្តោតការយកចិត្តទុក​ដាក់ចំពោះតម្រូវការ​នានា​របស់កង​យោធពលខេមរភូមិន្ទ និងបានប្រកាន់ យកនូវជំហរក្នុងការជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងនាមជាប្រទេសភូមិផងរបងជាមួយ ហើយស្នងការសាលា នៃកងទ័ពប្រជាជនវៀតណាមនឹងខិតខំយកអស់សមត្ថភាពដើម្បីបន្តជួយបណ្តុះបណ្តាលប្រភពធនធានមនុស្ស ដល់កងយោធពលខេមរភូមិន្ទ ឱ្យប្រកបដោយគុណភាពខ្ពស់៕