(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ដើម្បីចុះទៅពន្លឿនក្នុងការផ្ដល់កម្មសិទ្ធិជូនគ្រួសារ ដែលរងផលប៉ះពាល់ ហើយព្រមទទួលយកការដោះដូរលំនៅដ្ឋានចេញ ក្នុងបរិវេណវិហារឥស្លាម ក៏ដូចជា ជម្រុញក្នុងការវាស់វែងឲ្យឆាប់បានស្ថាបនាអគារចំនួន២ខ្នង ដោយក្នុង១ខ្នងមានចំនួន៤ជាន់ ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសន្យាឲ្យប្រជាពលរដ្ឋជាសាសនិកខ្មែរឥស្លាម កាលពីថ្ងៃទី២៣ ខែមិនថុនា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ។

ការចុះពន្លឿនផ្ដល់កម្មសិទ្ធិជូនគ្រួសារ ដែលព្រមទទួលយកការផ្លាស់ប្ដូរលំនៅដ្ឋាន ដោយសាររងផលប៉ះពាល់ក្នុងបរិវេណព្រះវិហារឥស្លាម ក៏ដូចជាជម្រុញក្នុងការស្ថាបនា វិហារឥស្លាម ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសន្យា និងសាងសង់ឲ្យបងប្អូនប្រជាពលរដ្ឋជាសានិកខ្មែរឥស្លាមនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នៅវិហារធំគីឡូម៉ែត្រលេខ៩ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ លោកអភិបាលរងខណ្ឌ ស៊ូ សោគន្ធ លោកអភិបាលរងខណ្ឌ ប្រាជ្ញ សីហា លោក ប៊ុន ឡុង ប្រធានការិយាល័យភូមិបាលខណ្ឌ លោកចៅសង្កាត់ច្រាំងចំរេះទី១ ហ៊ុយ ម៉ូរ៉ា រួមនិងវត្តមានគណៈកម្មការសហគមន៍សាសនិកខ្មែរឥស្លាមជាច្រើននាក់ផងដែរ។

ក្នុងដំណើរចុះជ្រុញផ្ដល់ប័ណ្ណកម្មសិទ្ធិ ក៏ដូចជាពន្លឿនក្នុងការវាស់វែងឲ្យឆាប់បានសាងសង់ព្រះវិហារឥស្លាមខាងលើនេះដែរ លោក ឃួង ស្រេង បានថ្លែងថា ចំពោះក្រុមគ្រួសារ ដែលព្រមទទួលយកការដោះដូរលំនៅដ្ឋានចេញ ពីក្នុងបរិវេណព្រះវិហារឥស្លាម ដែលរងផលប៉ះពាល់ ក្នុងការស្ថាបនាអាគារព្រះវិហារចំនួន២ខ្នង ដោយក្នុង១ខ្នង មានចំនួនដល់ទៅ៤ជាន់ ដែលសម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសន្យានឹងសាងសង់ជូនសហគមន៍សាសនិកខ្មែរឥស្លាម ដើម្បីបម្រើឲ្យផលប្រយោជន៍រួម តាមរយៈគណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៤ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ។

លោក ឃួង ស្រេង បានថ្លែងជំរុញទៀតថា មុនស្ថាបនា ឫក្រោយការស្ថាបនាព្រះវិហារសម្រាប់សាសនិកខ្មែរឥស្លាម ដែលសម្ដេចតេជោ ប្រគល់ជូននេះដែរ សូមឲ្យគណៈកម្មការសហគមន៍ខ្មែរឥស្លាមទាំងអស់ អាចមានសិទ្ធិក្នុងការសម្រេចជ្រើសរើសយកតំណាង ជាគណៈនាយកគ្រប់គ្រងព្រះវិហារបានដោយខ្លួនឯង ដោយអាជ្ញាធរ មិនលូកលាន់រឿងផ្ទៃក្នុង របស់សហគមន៍បងប្អូនខ្មែរឥស្លាមឡើយ។

ជាមួយគ្នានោះ លោក ជា ពិសី បានលើកឡើងផងដែរថា ក្នុងការស្ថាបនាសាងសង់ព្រះវិហារឥស្លាមនេះ សូមឲ្យខាងជំនាញមន្ត្រីភូមិបាលខណ្ឌ ជួយពន្លឿនក្នុងការវាស់វែងកំណត់ព្រំដី ឲ្យបានត្រឹមត្រូវ ដើម្បីមានភាពងាយស្រួលក្នុងការសាងសង់ ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលានៅពេលខាងមុខ៕