(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រតិកម្មយ៉ាងខ្លាំង ទៅនឹងក្រុមអង្គការសង្គមស៊ីវិល នៃបន្ទប់ស្ថានការណ៍បោះឆ្នោត ដែលបានលើកឡើងថា ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា មិនទាន់មានសេរីភាព និងយុត្តិធម៌ គ្រប់គ្រាន់នៅឡើយ។

ការប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រជូន សិស្សសាលាភូមិន្ទរដ្ឋបាលសរុប ៧៥១អង្គ/នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ ដែលក្នុងនោះមានព្រះសង្ឃ ១៣អង្គ និងនារី៩៨នាក់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ម្សិលមិញគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលផ្លូវការហើយ នរណាបានប៉ុន្មានៗ ប៉ុន្តែសម្រាប់ខាងគណបក្សប្រជាជនកម្ពុជា បានប្រកាសទទួលយកលទ្ធផលបោះឆ្នោតនេះ ហើយចាត់ទុកថាការបោះឆ្នោតនេះ គឺជាការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌ ប៉ុន្តែបែរជាបក្សនយោបាយ និងអង្គការរដ្ឋាភិបាលមួយ ដែលគេហៅថាមានបន្ទប់ស្ថានការណ៍ ចាត់ទុកថាមិនទាន់សេរីទេ អញ្ចឹងខ្ញុំចាត់ទុកថា ភាពសេរីរបស់គេ គឺគេដើរចូលផ្ទះនាយករដ្ឋមន្រ្តី ឬក៏សម្លាប់នាយករដ្ឋមន្រ្តីនៅកន្លែង»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្តេចគឺជាមនុស្សដំបូង ដែលស្នើសុំជំនួយបរទេស សម្រាប់ការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា ដែលក្នុងនោះមានទាំង ការចុះឈ្មោះឡើងវិញផងដែរ។ ចំណែកខាងគណបក្សប្រឆាំង ស្នើសុំតែកែទម្រង់ គ.ជ.ប ប៉ុណ្ណោះ។

«រឿងឡាំប៉ាមិនចេះចប់ទេ ទាល់តែដំណាក់កាលដែរគេអាចចូលវិមានសន្តិភាពបាន អាហ្នឹងគេថាល្អ ត្រឹមប៉ុណ្ណឹងមិនស្កប់ទេ។ ផែនការដណ្តើមយកព្រឹទ្ធសភា ដើម្បីក្លាយទៅជាប្រមុខរដ្ឋស្តីទី ត្រូវបានរលាយផុតទៅហើយ ដែលស្មើនឹងសំឡេងឆ្នោត៦០ភាគ អញ្ចឹងគេមិនបានសម្រេចផែនការហ្នឹងហើយ បានជាគេថា មិនសេរីនោះ»។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្កោលទោសចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ បន្ទប់ស្ថានការណ៍បោះឆ្នោត ក្នុងនោះមានអង្គការសង្គមស៊ីវិលមួយចំនួន បានវាយតម្លៃ ចុងក្រោយមួយថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ នៅកម្ពុជា មានភាពវិជ្ជមាន និងប្រសើរជាងមុន។ ប៉ុន្ដែទោះជាយ៉ាងណា បន្ទប់ស្ថានការណ៍ នៅតែអះអាងថា មានភាពមិនប្រក្រតី ហើយ រឹតត្បិតសេរីភាព។

ដោយឡែក មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ក៏បានលើកឡើងភ្លាមៗ ក្រោយពេលប្រកាសលទ្ធផលបឋមថា ការបោះឆ្នោតឃុំសង្កាត់ពុំមានភាពសេរី និងយុត្តិធម៌ឡើយ ដោយសារតែមានករណីគំរាមកំហែង លើគណបក្សសង្គ្រោះជាតិ។

ទោះជាយ៉ាងណា គណបក្សប្រជាជន រួមទាំងគណបក្សផ្សេងៗមួយចំនួនទៀត បានប្រកាសទទួលយកនូវលទ្ធផលផ្លូវការដែលផ្សព្វផ្សាយដោយគ.ជ.ប។ គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ បានកត់សម្គាល់ថា កិច្ចដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន និងគ្មានអំពើហិង្សា៕ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ខាងលើ)៖