(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា បើទោះបីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ខិតខំប្រឹងប្រែងធ្វើឲ្យដំណើរការបោះឆ្នោតមានភាពល្អប្រសើរយ៉ាងនេះក្ដី ក៏នៅតែមានគណបក្សនយោបាយ អ្នកនយោបាយ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបន្តទិតៀនលើស្ថាប័នមួយនេះដដែល។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការទិតៀនទាំងនោះ ដោយគ្រាន់តែ គ.ជ.ប បោះពុម្ពសន្លឹកឆ្នោតលើសចំនួនអ្នកបោះឆ្នោតច្រើន ក៏អ្នកនយោបាយ គណបក្សនយោបាយបង្កើតជាបញ្ហា បន្ថែមពីនេះបញ្ហាទឹកខ្មៅក៏នៅតែបង្កើតជាបញ្ហា បើទោះបីធ្វើពិសោធន៍ហើយលុបមិនជ្រះ អ្នកទាំងនោះក៏នៅតែបង្កើតជាបញ្ហាដូចគ្នា។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលសរុប ៧៥១អង្គ/នាក់ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ពិតមែនហើយដាក់ការសង្ស័យនេះសង្ស័យនោះ ដូចជាការបោះពុម្ពសន្លឹកឆ្នោត ដែលវាលើសពីចំនួនអ្នកបោះឆ្នោតច្រើន ក៏បង្កើតទៅជាបញ្ហា ដូចជាទឹកខ្មៅ ហើយអាទឹកខ្មៅនេះ ក៏ជារឿងដែលកាលពីជំនាន់ឆ្នាំ២០១៣ មុនបោះឆ្នោតតែប៉ុន្មានថ្ងៃ អ្នកនេះគួរតែត្រូវមានទោសដែលបង្កើតបញ្ហា ដល់ទៅពេលលើកឡើងថាទឹកខ្មៅជូតជ្រះ ពេលដែលលើកឡើងអាដៃខ្លួនឯងវាទឹកខ្មៅអត់ទាន់ជ្រះ។ អ៊ីចឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅតែទទួលការទិតៀន ពីគណបក្សនយោបាយខ្លះ អ្នកនយោបាយខ្លះ ឬអង្គការក្រៅរដ្ឋាភិបាលខ្លះ»

ទោះបីជាយ៉ាងណានាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានថ្លែងកោតសរសើរជាថ្មីម្ដងទៀត ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅគ្រប់កម្រិតទាំងអស់ ដែលបានប្រឹងប្រែងធ្វើកិច្ចការដ៏ល្អនេះ។ សម្ដេចតេជោ ក៏បានថ្លែងកោតសរសើរ ជាមួយការខិតខំការពារសុវត្ថិភាព ដែលដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងការពារសុវត្ថិភាពសម្រាប់ការបោះឆ្នោតមួយនេះ បើទោះបីមានហិង្សាបន្ដិចបន្ដួចកើតឡើងនៅពេលហែក្បួនឃោសនាក៏ពិតមែន។

សម្ដេចតេជោ បានគួសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមកោតសរសើរជាមួយនឹងការខិតខំរបស់ផ្នែកការពារសុវត្ថិភាព ដែលដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ក្នុងការពារសុវត្ថិភាពសម្រាប់ការបោះឆ្នោតមួយនេះ។ ពិតមែនហើយយើងបានឃើញមានឃ្លឹមវីដេអូ ដែលមានការហែក្បូន ហើយបន្ទាប់ទៅក៏មានការដេញវាយយុវជនម្នាក់ ដែលបង្ហោះពេញ Facebook ដែលបង្ហាញពីអាកប្បកិរិយាច្រលើសបើស នៃអ្នកគាំទ្រនយោបាយ ប្រព្រឹត្តទៅលើយុវជនម្នាក់ ប៉ុន្ដែមិនមានហិង្សាធ្ងន់ធ្ងន់ដល់ថ្នាក់ស្លាប់មនុស្សទេ មានតែគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្ស ប៉ុន្ដែវាមិនមានទៅដល់ការវាយគ្នាសម្លាប់គ្នានៅក្នុងការបោះឆ្នោតនោះទេ»

ជាមួយគ្នាសម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យគ្រប់គណបក្សនយោបាយទាំងអស់ ទទួលយកលទ្ធផលបោះឆ្នោត ដែល គ.ជ.ប ចេញផ្សាយជាផ្លូវការនៅថ្ងៃទី២៥ ខែមិថុនា ម្សិលមិញ ហើយកុំឡាំប៉ាបន្តទៀត ហើយត្រូវប្រឹងប្រែងធ្វើការងារ ដើម្បីជាប្រយោជន៍សម្រាប់ប្រជា ពលរដ្ឋជាម្ចាស់ឆ្នោត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រមុខគណបក្សប្រជាជនកម្ពុជា ក៏បានលើកឡើងពីការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ អាណត្តិទី៦ផងដែរ។ សម្តេចនាយករដ្ឋមន្ត្រីថា ការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅនៅសប្តាហ៍ទី៣ ក្នុងកក្កដា ឆ្នាំ២០១៨។ បើតាមសម្តេចតេជោ ហ៊ុន សែន នៅពេលខាងមុខនេះ គ.ជ.ប នឹងរៀបចំការចុះឈ្មោះបោះឆ្នោតទៀត ដើម្បីឲ្យពលរដ្ឋទើបគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោត។

សម្ដេចតេជោ ក៏បានអំពាវនាវដល់យុវជន ដែលនឹងត្រូវគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះឲ្យបានគ្រប់គ្នានៅតាមទីតាំងដែលពួកគេកំពុងស្នាក់ និងរស់នៅ៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នៅខាងលើ៖