(ព្រះវិហារ)៖​ ពិតជារឿងមួយគួរឲ្យរំភើប និងត្រេកអរណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋចំនួន៤៧០គ្រួសារ រស់នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រគល់ដីសម្បទានសង្គមកិច្ច ជូនដើម្បីសាងសង់លំនៅដ្ឋាន ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ រៀបដើម្បីឲ្យពលរដ្ឋចាប់ឆ្នោត ទទួលយកដីឡូត៍រស់នៅស្របច្បាប់។

​លោក អ៊ុន ចាន់ដា បានថ្លែងថា ថ្ងៃនេះក្នុងនាមអជ្ញាធរខេត្ត លោកសប្បាយរីករាយណាស់ ដែលបងប្អូនប្រជាពលរដ្ឋ៤៧០គ្រួសារ ដែលបានទទឹងរង់ចាំជាយូរមកនោះ ឥលូវបានមកដល់ហើយ ដែលថ្ងៃនេះ​បានធ្វើពិធីចាប់ឆ្នោតផ្តល់ភាពយុត្តិធម៌ដល់បងប្អូនប្រជាពលរដ្ឋ។

លោកអភិបាល បានធ្វើនូវការកោតសរសើរ ដល់បងប្អូនប្រជាពលរដ្ឋនៅគ.១ និងនៅស្វាយជ្រំដែលបានស្ម័គ្រចិត្តរុះរើមកនៅលំនៅដ្ឋានថ្មី ដែលជាដីសម្បទានសង្គមកិច្ច ក្រោមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី។

លោកបន្តថា​ ដីដែលបងប្អូនចាប់ឆ្នោតទទួលបាននៅថ្ងៃនេះ គឺមានទំហំ២០ម៉ែត្រគុណ៥០ម៉ែត្រ នៅភូមិធម្មជាតិសម្តេចតេជោ បន្ទាប់ពីទទួលបានសូមឲ្យបងប្អូនប្រញាប់ធ្វើលំនៅដ្ឋាន និងរុះរើលំនៅដ្ឋានចាស់ចេញ។

ជាមួយគ្នានោះ អភិបាលខេត្តព្រះវិហារ បានផ្ដាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវសហការ​ជាមួយសមត្ថកិច្ច ផ្តល់ព័ត៌មានពាក់ព័ន្ធ​គ្រឿងញៀន ហើយម៉្យាងទៀតមិនត្រូវជឿតាមការញុះញង់របស់ឈ្មួញ ក្នុងការឡើងកាប់ឈើគ្រញូងខុសច្បាប់ក្នុងដីថៃ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង និងក្រុមគ្រួសារ។

បន្ថែមពីនេះ លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ដីដែលចែកជូននៅពេលនេះ គឺបានធ្វើបណ្ណកម្មសិទ្ធស្របច្បាប់ ដែលបញ្ជាក់ពីភូមិ​ឃុំ ក្នុងនោះដែរលោក​បានឧបត្ថម្ភថវិកា​២លានរៀល ដល់មេឃុំដែលជាប់ឆ្នោតថ្មី សម្រាប់ជប់លៀងថ្ងៃចូលកាន់តំណែង ជាមួយប្រជាពលរដ្ឋ​ផងដែរ៕