(ភ្នំពេញ)៖ បងប្អូនប្រជាពលរដ្ឋខ្មែរក្រោមរាប់រយនាក់ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានជួបជុំគ្នានៅវត្តពោធិ៍យារាម ហៅវត្តចាស់វត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដើម្បីប្រារព្ធខួប ៦៨ឆ្នាំ (២៤ មិថុនា ១៩៤៩-២៤ មិថុនា ២០១៧) ដែលបារាំង បានកាត់ដីខ្មែរប្រមាណ ២១ខេត្ត រួមនិងកោះមួយចំនួនប្រគល់ទៅឲ្យវៀតណាម។

ពិធីរំលឹកខួបនៃការបាត់បង់ទឹកដីនេះ មានការយាងចូលរួមពីសម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ជាព្រះរាជតំណាងព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងគណបក្សនយោបាយ និងថ្នាក់ដឹកនាំសមាគមខ្មែរក្រោមផងដែរ។

នៅក្នុងថ្ងៃប្រារព្ធពិធីបាត់បង់ទឹកដីជាប្រវត្តិសាស្រ្តនេះ ក៏មានពិធីរាប់បាត្រព្រះសង្ឃ ១,៩៤៩អង្គ ជាចំនួនឆ្នាំ ដែលបារាំងបានប្រគល់ទឹកដីខ្មែរ​កម្ពុជា​ក្រោមទៅឲ្យវៀតណាមគ្រប់គ្រង។

សូមបញ្ជាក់ថា ទឹកដីកម្ពុជាក្រោម មានផ្ទៃ៦៧,៧០០គីឡូម៉ែត្រក្រឡា រាប់ទាំងកោះត្រល់ និងកោះត្រឡាច បែងចែកជា ២១ខេត្ត មានទីក្រុងមួយ គឺក្រុងព្រៃនគរ និងកំពង់ផែទឹកជ្រៅធំមួយ គឺកំពង់ផែ​អូរកែវ ត្រូវបានបារាំងប្រគល់ទៅឲ្យវៀតណាមកាន់កាប់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩។ បន្ទាប់ពីបានកាន់កាប់ទឹកដីខ្មែរក្រោម វៀតណាម បានព្យាយាមធ្វើទុក្ខបុកម្នេញជាច្រើន លើពលរដ្ឋខ្មែរក្រោម ក្នុងបំណងលុបបំបាត់សាសនា វប្បធម៌ ប្រពៃណី​ និងទំនៀមទម្លាប់ខ្មែរ។

មានប្រជាពលរដ្ឋខ្មែរជាច្រើន បានរត់ភៀសខ្លួន មករស់​នៅលើទឹកដីកម្ពុជា ក៏ដូចជាភៀសខ្លួនទៅប្រទេសទី៣ ដើម្បីគេចផុតពីការកៀប​សង្កត់ ជិះជាន់ និងរំលោភបំពាន​សិទ្ធិផងដែរ៕