(កណ្តាល)៖ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ថ្លែងប្រាប់មន្ដ្រីរបស់ខ្លួនថា បុគ្គលម្នាក់ៗចង់ធ្វើជាមន្ត្រីនគរបាលជាតិ ត្រូវដាក់ចិត្តដាក់កាយបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយឥតលក្ខខណ្ឌ ព្រោះ​ពាក្យថានគរបាល គឺជាអ្នកថែរក្សានគរ (ប្រទេស) ត្រូវការពារ​រាជរដ្ឋាភិបាល ជាតិ​សាសនា ព្រះមហាក្សត្រ​។

ការថ្លែងបែបនេះ របស់លោកឧត្តមសេនីយ៍ទោស្នងការ ត្រូវបានធ្វើឡើងក្នុង​បាឋកថាចែករំលែកពុទ្ធិ និងបទពិសោធន៍ការងារ ក្រោមប្រធានបទ «តួនាទី ភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ» នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នាសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី សិក្ខាកាមចំនួន១៧៨រូប ដែលកំពុងមានវត្តមានទទួលការបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល។​ ក្នុងនោះក៏មានវត្តមាន លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចំរើន នាយកសាលានគរបាលជាតិភូមិភាគ៦​, លោកនាយការិយាល័យបុគ្គលិកខេត្ត, លោកអធិការនគរបាលស្រុកស្អាង, ស្រុកអង្គស្នួល​, ស្រុកល្វាឯម និងលោកអធិការនគរបាលស្រុកពញាឮផងដែរ។

បើតាមលោកស្នងការ ក្រៅពីរបបការងារដែល​មានចែងក្នុងលក្ខន្តិកដោយឡែក របស់មន្ត្រីនគរបាលជាតិ នគរបាលបាននិងកំពុងអនុវត្តនូវសេវាកម្មផ្សេងៗទៀត ជូនប្រជាពលរដ្ឋដូចជា ជួយសម្រួលក្នុងការធ្វើ និងចែកជូនអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងការងារសមាគមអតីតយុទ្ធជន...។ល។

ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បញ្ជាក់ថា តាមប្រសាសន៍ដឹកនាំ​របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ អង្គភាពនគរបាលបានត្រៀមរួចជាស្រេចនូវវត្ថុមានដូចជា រថយន្តពន្លត់អគ្គិភ័យ ទូកម៉ាស៊ីនគ្រប់ស្រុកតាមដងទន្លេ រថយន្តសង្គ្រោះបន្ទាន់ ដើម្បីជួយប្រជាពលរដ្ឋនៅពេលដែល​ខ្វះទឹកស្អាតប្រើប្រាស់ ឈឺថ្កាត់ និងគ្រោះថ្នាក់ផ្សេងៗ​។

​លោកថា ដើម្បីធ្វើឲ្យសមិទ្ធផលនីត្យានុកូលទាំងនេះកើតឡើងបាន ដរាបណាយើងដែលជាមន្ត្រីនគរបាលទាំងអស់ ប្រកាន់យកឥរិយាបទ ក្រមសីលធម៌ និងវិន័យរបស់កងកម្លាំងនគរបាលជាតិ ឲ្យបានខ្ចាប់ខ្ជួនដូចជា មិនត្រូវយកពេលវេលារដ្ឋបាលរបស់អង្គភាពទៅធ្វើជំនួញ ការងារប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនត្រូវយកទួនាទី បុណ្យស័ក្តិ ទៅសំឡុតគំរាមកំហែងប្រជាពលរដ្ឋ ដើម្បីចាប់យកផលប្រយោជន៍ ឬប្រើសំដីធំតូចទៅកាន់ប្រជាពលរដ្ឋ នៅគ្រប់កាលទេសៈឡើយ​។ ដោយឡែកការកសាងពុទ្ធិ ទោះបីជារយៈពេលខ្លីក្តី វែងក្តី គឺជាការចាំបាច់សម្រាប់មន្ត្រីនគរបាលគ្រប់ជំនាន់ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃ អំពើល្មើសចេះតែវិវឌ្ឍប្លែកៗ ជនសង្គមងងឹតតែងតែរិះរកគ្រប់មធ្យោបាយ ប្រព្រឹត្តបទល្មើស​៕