(ភ្នំពេញ)៖ ពិតជារឿងគួរឲ្យរន្ធត់ និងអាសូរណាស់ បុរសម្នាក់ត្រូវបានដាច់ខ្លួនជា២កំណាត់ ចេញពោះវៀន ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដកូរ៉េ២តោនកន្លះ ជាមួយគោយន្ដកន្ដ្រៃយ៍។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ នៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចមុខខ្លោងទ្វារវត្តពូនភ្នំលើ ផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

របាយការណ៍សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្នុងហេតុការណ៍នេះរថយន្ដកូរ៉េ២តោនកន្លះ បើកបរស្របទិសគ្នាពីកើតទៅលិច ជាមួយគោយន្ដ​កន្រៃ្តយ៍​ម៉ាក KUBOTA លុះដល់ចំណុចកើតហេតុរថយន្ដនោះបត់ ស្រាប់តែបុកកិនគោយន្ដតែម្ដង។ សមត្ថកិច្ចបញ្ជាក់ថា ​ជនរងគ្រោះ​ម្ចាស់គោយន្ដកន្ដ្រៃយ៍ ដែលស្លាប់ដោយដាច់ខ្លួនជា២កំណាត់ចេញពោះវៀនមកក្រៅនោះ ឈ្មោះ អ៊ិន ឃីម អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្រោយកើតភ្លាមៗ ម្ចាស់រថយន្ដបានបើករត់គេចខ្លួនបាត់ស្រមោលតែម្ដង ដោយបន្សល់ទុកតែគោយន្ដ និងម្ចាស់ស្លាប់នៅកន្លែងតែប៉ុណ្ណោះ៕