(វៀតណាម)៖ សម្តេច​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃ​កម្ពុជា និង​លោកស្រី ង្វៀន ធី​គីមងិន (Nguyen Thi Kim Ngan) បានអបអរសាទរចំពោះចំណងមិត្ត​ភាព​និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ ដែលមានការរីកចម្រើនយ៉ាងរឹងមាំ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នាពេលបច្ចុប្បន្ននេះ។ ជាពិសេសប្រធានរដ្ឋសភាប្រទេសទំាងពីរ បានសាទរចំពោះចំណងការទូតកម្ពុជា-វៀតណាម ដែលបានឈានដល់​ខួបទី៥០ឆ្នាំ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧នេះ​។

ការអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសកម្ពុជា និងវៀតណាម របស់ប្រធានស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា វៀតណាមនេះ បានកើតមាននៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី ដែលបានធ្វើឡើងនៅវិមានរដ្ឋសភាវៀតណាម ក្នុងទីក្រុងហាណូយ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ ខណៈសម្តេច​ ហេង សំរិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។

ក្នុងជំនួបពិភាក្សាការងារនោះ​ទំាង លោកស្រី ង្វៀន ធី​គីមងិន និងសម្តេច​ ហេង សំរិន បានលើកឡើងថា «យើងពិតជាមានមោទនភាពបំផុត ក្នុងរយៈពេល ៥០ឆ្នាំកន្លងមកនេះ ទំនាក់ទំនង ចំណងមិត្តភាព និង​​កិច្ចសហប្រតិបត្តិការរវាងប្រទេស​កម្ពុជា-វៀតណា​ម មានការរីកចម្រើនឥត​ឈប់ឈរលើគ្រប់វិស័យ គ្រប់កម្រិត ក្នុង​ស្មារតីភាតរភាព ស្និទ្ធស្នាល ក្រោមពាក្យស្លោក ​អ្នកភូមិផងល្អ មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ​ស្អិត​រមួត​ និងយូរអង្វែង»

សូមជម្រាបថា ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧-ថ្ងៃ​ទី២៤ ខែមិថុនា ឆ្នាំ២០១៧ គឺជាខូបទី៥០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងវៀតណាម។ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧​នេះ ប្រទេសវៀតណាម​ នឹងរៀបចំកម្មវិធីអបអរសាទរខូបលើកទី៥០ នេះ នៅក្នុងប្រទេសវៀតណាម នៅឯសាលមហាស្រពជាតិវៀតណាម ហើយសម្តេច ហេង សំរិន គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ថ្នាក់ដឹកនាំរដ្ឋសភា រដ្ឋាភិបាល​វៀតណាម ប្រជាជនវៀតណាម យ៉ាងច្រើនកុះករនឹងមានវត្តមាននៅក្នុងកម្មវិធីនោះដែរ។

នៅក្នុងជំនួបពិភាក្សាការងារនេះ ​ប្រធានរដ្ឋសភាកម្ពុជា បានវាយតំលៃខ្ពស់ ចំពោះ​សមិទ្ធិផលដ៏ធំធេង​ដែលរដ្ឋាភិបាល និង​ប្រជាជន​វៀតណាម សម្រេចបាន ក្នុងការកសាង ​និង​អភិវឌ្ឍសេដ្ឋកិច្ចសង្គម​ឆ្ពោះទៅ​រក​វឌ្ឍនភាព​រុងរឿង យ៉ាងឆាប់រហ័ស ហើយសម្តេចមានជំនឿថា ក្រោម​ការដឹកនាំ​របស់បក្សកុម្មុយនីស្តវៀតណាម ដែលមាន​លោក ង្វៀន ភូជុង ជាអគ្គលេខាធិការបក្ស, ​លោក ត្រាន់ ដៃក្វាង ​ប្រធានរដ្ឋ, លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តី និ​ង​លោកស្រី​ផ្ទាល់ ជាប្រធានរដ្ឋសភា ប្រជាជនវៀតណាម នឹង​ទទួល​បាន​ជោគជ័យថ្មីៗថែម​ទៀត ក្នុង​ដំណើរ​ការជម្រុញ​ឧស្សាហូបនីយកម្ម និង​ទំនើបនីយកម្ម ដើម្បីអភិវឌ្ឍប្រទេសជាតិ កាន់តែខ្លាំង​ខ្លា​ថែមទៀត។

ជាមួយគ្នានោះ​លោកស្រី ង្វៀន ធី​គីមងិន បានសាទរចំពោះរដ្ឋាភិបាលកម្ពុជា និងវៀតណាម ដែលបានសម្រេចក្នុងការបោះបង្គោលព្រំដែនរួមគ្នា សម្រេចបានប្រមាណជាង៨០ភាគរយនាពេលនេះ ហើយនឹងឈានទៅសម្រេចបានទំាងស្រុង ក្នុងពេលឆាប់ៗនេះ។

លោកស្រីប្រធានរដ្ឋសភា បានជំរុញដល់សម្តេច​ ហេង សំរិន ជួយគំាទ្រ និងលើកទឹកចិត្តដល់រដ្ឋាភិបាលប្រទេសទំាងពីរ ឲ្យបង្កើនកិច្ចសហប្រតិបត្តិការគ្នាបន្ថែមទៀត លើវិស័យសន្តិសុខតាមព្រំដែន ពាណិជ្ជកម្ម និងសូមឲ្យរដ្ឋសភាកម្ពុជា វៀតណាមគំាទ្រគ្នាទៅវិញ ទៅមកនៅក្នុងវេទិកាអន្តរសភា ទំាងក្នុងតំបន់និងពិភពលោក៕