(ព្រះវិហារ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នាំយកអំណោយប្រគល់ជូនដល់ដៃ គ្រួសារលោកតាចាស់ជរា គ្មានទីពឹងម្នាក់រស់នៅជាមួយចៅ-ចៅទួត៩នាក់ នៅភូមិពោធិទាប ឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ។

លោក សុខ សាន្តតារ៉ា អភិបាលស្រុកឆែប និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកឆែប បានថ្លែងថា ដោយមើលឃើញពីការរស់នៅលំបាកវេទនា របស់លោកតា មុំ ឆែម អាយុ៨៥ឆ្នាំ ដែលរស់នៅជាមួយចៅៗ៩នាក់ ជាគ្រួសារចាស់ជរា ទីទាល់ក្រគ្មានទីពឹង លោកនិងក្រុមការងារបាននាំអំណោយសង្រ្គោះបន្ទាន់​ របស់កាកបាទក្រហមកម្ពុជា យកមកប្រគល់ជូនគាត់ ដោយមានការយកចិត្តទុកដាក់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋណាដែលជួបការលំបាកគឺសម្តេចតែងតែ​ដាស់តឿនដល់មន្ត្រីក្រោមឱវាទចុះជួយជានិច្ចទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ដោយមិនប្រកាន់ និន្នាការនយោបាយ ជាតិសាសន៍ សាសនា ពណ៌សម្បុរ។

ដែលអំណោយរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ឃីត១កញ្ចប់ ទឹកសុទ្ធ១០យួរ និងថវិការ២០ម៉ឺនរៀល លោកបានបន្តថា អំណោយដែលយកមកប្រគល់ជូននៅពេលនេះ ទោះបីវាមានចំនួនតិចតួចក្តី តែបានដោះស្រាយការលំបាកបានមួយគ្រាៗ ផងដែរ ហើយទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា និយាយរួមកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង៕