(ភ្នំពេញ)៖ ដោយសារតែកង្វះនូវធនធានថវិកាសម្រាប់ជួយឧបត្ថម្ភ ដល់​កុមារក្រីក្រនៅតាមទីជនបទនានា «ក្រុមខេមរាសាមគ្គី» ដែលដឹកនាំដោយ ព្រះតេជគុណ ផៃ សុវង្ស ដែលមានសមាជិក៣០នាក់នោះ បានអំពាវនាវរកជំនួយបន្ថែមពីសប្បុរជន ​ដើម្បីដំណើរការសកម្មភាពមនុស្សធម៌បែបនេះបន្ដទៀត ជាពិសេសក៏ស្នើឲ្យយុវជន ចូលរួមក្នុងការងារនេះ។ ​

​ទិសដៅរបស់ក្រុមខេមរាសាមគ្គី គឺអប់រំកុមារឲ្យសីលធម៌ ក្នុងការរស់សង្គមជាតិ ជំរុញនិងលើកទឹកចិត្តកុមារឲ្យស្រលាញ់ការសិក្សា,​ ចែកសម្ភារៈសិក្សាដល់សិស្សានុសិស្ស, រួមចំណែកក្នុងការជួយលើកស្ទួយវិស័យអប់រំ និងបង្រៀនអ្នកជំនាន់ក្រោយឲ្យស្រលាញ់ការសង្គម និង​ដើម្បីជួយសង្គមជាតិ។

ក្រុមខេមរាសាមគ្គី បានបញ្ជាក់ថា មូលហេតុដែលបង្កើតក្រុមនេះឡើង​ព្រោះថា ក្រុមខេមរាសាមគ្គីមើលឃើញថា ជីវភាពរបស់កុមារៗនៅតាមទីជនបទមាន​ភាពខ្វះខាត ពោលគឺកង្វះទាំងសម្ភាៈសិក្សា កង្វះទាំងសំលៀកបំពាក់ និងចំណីអាហារជាដើម។ មួយវិញទៀត ដើម្បីចង់ជួយសម្រួលការងារដល់រាជរដ្ឋាភិបាលផងដែរ ទើបព្រះតេជគុណ ផៃ សុវង្ស បានសម្រេចបង្កើតក្រុមនេះឡើង។

​បន្ទាប់ពីដំណើរការងារមនុស្សធម៌បានមួយរយៈពេលកន្លងមក នៅពេលនេះក្រុមខេមរាសាមគ្គី បាននិងកំពុងទទួលរងនូវការកង្វះធនធានសេដ្ឋកិច្ចយ៉ាងខ្លាំងកត្កាទាំងនេះហើយ ពោលធ្វើឲ្យក្រុមស័្មគ្រចិត្តជួយការងារសង្គមមួយនេះ អំពាវនាវយ៉ាងទទូចដល់សម្បុរជននានា មិនថាទាំងក្នុង និងក្រៅប្រទេសនោះទេ សូមជួយផ្ដល់ជំនួយដល់ក្រុមនេះផង។

តំណាងក្រុមខេមរាសាមគ្គី លើកឡើងយ៉ាងដូច្នេះថា «រយៈពេលនេះ ពួកយកបាននិងកំពុងខ្វះថវិកាយ៉ាងខ្លាំង ដែលជាកត្កាលំបាកក្នុងដំណើរការងារមនុស្សធម៌ ជួយកុមារក្រីក្រ នៅតាមសាលារៀននាទីជនបទ ហេតុដូច្នេះហើយ យើងខ្ញុំសូមអំពាវនាវដល់សម្បុរសជនទាំងអស់ មិនថានៅក្នុងប្រទេស ឬនៅក្រៅប្រទេសនោះទេ សូមមេត្តាជួយផ្ដល់ជំនួយ មកក្រុមយើងខ្ញុំផង ដើម្បីឲ្យពួកយើងខ្ញុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើការងារនេះ»

ប៉ុន្ដែទោះជា​កំពុងស្ថិតក្នុងភាពលំបាកក្ដី ក៏ក្រុមនេះមិនបញ្ឈប់សកម្មភាពមនុស្សធម៌នោះដែរ ជាក់ស្ដែងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ ក្រុមខេមរាសាមគ្គី នឹងប្រារព្ធកម្មវិធីអប់រំមួយកន្លែង ដែលស្ថិតនៅសាលាបឋមសិក្សាត្រពាំងកក់​ក្នុង ​និងសាលាបឋមសិក្សាសាមគ្គី ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ដើម្បីផ្ដល់នូវសម្ភារៈសិក្សា ជូនសិស្សានុសិស្សនៅសាលានោះ។​

ប្រសិនបើសម្បុរជនណា ដែលចង់ផ្ដល់នូវជំនួយឧបត្ថម្ភដល់ក្រុមខេមរាសាមគ្គីនេះ សូមទំនាក់ទំនងលេខទូរស័ព្ទ ០៩៣ ៤៥ ៨៦ ៩០/០៩៨ ៨០ ៤៨ ៧៦។

សូមជម្រាបថា កន្លងមកក្រុមខេមរាសាមគ្គី បានសម្រេចនូវលទ្ធផលមួយចំនួនរួចមកហើយ គឺចុះចែកអំណោយ ដល់ក្មេងសិស្សសាលា ក្នុងខេត្តស្វាយរៀង​២ដង, ខេត្តពោធិ៍សាត់​១ដង, ខេត្តកំពង់ឆ្នាំង​៣ដង, ខេត្តព្រះសីហនុ១ដង និង​ខេត្តកំពង់ស្ពឺ​១ដង៕