(ភ្នំពេញ)៖ ក្រុមហ៊ុន GA AIRCON របស់កម្ពុជា បានទទួលសិទ្ធិជាតំណាងចែកចាយផ្តាច់មុខម៉ាស៊ីនត្រជាក់ម៉ាកDaikin តាមរយៈកិច្ចព្រមព្រៀងនេះក្រុមហ៊ុនGA AIRCON បានក្លាយជា តំណាងចែកចាយម៉ាស៊ីនត្រជាក់ បំពាក់តាមគេហដ្ឋាន ក្នុងប្រទេសកម្ពុជា របស់ក្រុមហ៊ុនDaikin ជាមួយការប្ដេជ្ញាបន្តចែកចាយសេវាកម្ម ប្រកបដោយវិជ្ជាជីវៈខ្ពស់បំផុត សម្រាប់ពង្រឹងទីផ្សារក្នុងស្រុក ឲ្យទទួលបានជោគជ័យខ្ពស់ក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ពិធីប្រគល់និងទទួលសិទ្ធចែកចាយនេះ បានត្រូវប្រារព្ធធ្វើឡើងកាលពីល្ងាចថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០១៧ នៅសណ្ឋាគារអាំងទែរកង់ទីណង់តាល់ រាជធានីភ្នំពេញដោយមានក្រុមហ៊ុនចំនួន ៥៣ និងភ្ញៀវកិត្តិយស អញ្ជើញមកចូលរួមចំនួនជាង១០០នាក់។  

លោក Sum Chee Choong អ្នកគ្រប់គ្រងប្រតិបត្តិផ្នែកលក់ និងចែកចាយនៃ Daikin Malaysia Global UP «Daikin ជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់ ដែលនាំមុខគេ លើពិភពលោក ខាងផ្នែកបច្ចេកវិទ្យា ប្រកបដោយភាពច្នៃប្រឌិត និងការធានាគុណភាព និងជាក្រុមហ៊ុនដែលផលិតផ្តោតលើម៉ាស៊ីនត្រជាក់តែមួយមុខ ជាហេតុធ្វើឲ្យគុណភាពម៉ាស៊ីនត្រជាក់ម៉ាក Daikin មានលក្ខណៈពិសេស។

លោកបានបញ្ជាក់ថា កាលពីមុនយើងផ្តោតលើការលក់មានលក្ខណៈជាគម្រោងធំៗតែប៉ុណ្ណោះ ដោយមិនសូវផ្តោតលើការលក់រាយលើទីផ្សារនោះទេ តែចាប់តាំងពីក្រុមហ៊ុនDaikin Malaysia វាយលុកចូលទីផ្សារកម្ពុជាមកបានផ្តល់ឱកាសធំឲ្យយើងសហការយ៉ាងជិតស្និទ្ធជាមួយអ្នកផលិត និងជាមួយយុទ្ធសាស្ត្រនិងផែនការថ្មីរបស់ Daikin ASEAN Emerging District។ យើងមានជំនឿមុតមាំថា យើងអាចពង្រីកទំហំនៃការលក់នៅពាសពេញប្រទេស ហើយយើងមានចក្ខុវិស័យ ក្នុងការធ្វើឲ្យផលិតផលម៉ាស៊ីនត្រជាក់ម៉ាក Daikin ក្លាយជាម៉ាកយីហោដ៏ល្បីនាំមុខគេនៅកម្ពុជា ដោយពឹងផ្អែកលើភាពរឹងមាំ ភាពបត់បែននិងការគាំទ្រពីរោងចក្រ វិស្វករ ដែលអាចផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈ និងការកើនឡើងវិស័យសំណង់ និងហាងទំនិញ។

លោកឧកញ៉ាបណ្ឌិត Trang Ly អគ្គនាយកគ្រប់គ្រងនៃGA AIRCON «GA AIRCON មានបទពិសោធន៍និងសហការជាមួយនឹងក្រុមហ៊ុន Daikin ជាង ១៣ ឆ្នាំមកហើយ បានស្ថាបនា និងចែកចាយផលិតផល និងសេវាកម្មប្រកបដោយវិជ្ជាជីវៈ ភាពអាចជឿទុកចិត្តបាន និងការផ្គត់ផ្គង់ដ៏ទូលំទូលាយផងដែរ ព្រមទាំងទទួលបានកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺក្នុងឧស្សាហកម្មម៉ាស៊ីនត្រជាក់ក្នុងស្រុក។ ក្នុងរយៈពេល ១៣ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន GA AIRCON បានបង្កើតចំណែក នៃគម្រោងដែលទទួលបានជោគជ័យដ៏ធំធេងបំផុត ហើយនាពេលឥឡូវនេះពួកគេទទួលបានសិទ្ធិជាតំណាងចែកចាយ Authorized RA Distributor ដើម្បីផ្ដោតសំខាន់ និងជ្រៀតចូលទីផ្សារម៉ាស៊ីនត្រជាក់បំពាក់តាមលំនៅដ្ឋាន។

លោកបន្ដថា ក្រុមហ៊ុន GA បានបង្កើតយុទ្ធសាស្រ្តជាច្រើនជាមួយនឹងការផ្ដល់ជូនអតិថិជននូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់បំផុត ក៏ដូចជាតម្លៃដ៏សមរម្យ និងសេវាកម្មបន្ទាប់ពីការទិញ ដើម្បីបំពេញតាមតម្រូវការទីផ្សារ។ ក្រុមហ៊ុន Daikin បានធ្វើការស្ទង់មតិចំនួន២ដង កាលពីខែសីហាឆ្នាំមុននិងខែមករាកន្លងមកថ្មីៗនេះ ព្រមទាំងបានរកឃើញទីផ្សារ ប្រកបដោយសក្ដានុពល ក្នុងប្រទេសកម្ពុជា។

Daikin ជាក្រុមហ៊ុនម៉ាស៊ីនត្រជាក់ឈានមុខគេបង្អស់ ក្នុងពិភពលោក និងលក់ដាច់ជាងគេបង្អស់ក្នុងសកលលោកកាលពីឆ្នាំ២០១៥ ជាមួយនឹងប្រាក់ចំណូលសរុបទាំងអស់ចំនួន ១៧ពាន់លានដុល្លារ និងបានផ្គត់ផ្គង់ម៉ាស៊ីនត្រជាក់ទៅកាន់ ១៥០ ប្រទេសទូទាំងពិភពលោកផងដែរ។ក្រុមហ៊ុន Daikin បន្តរីកចម្រើនទៅមុខជាលំដាប់ ព្រមទាំងខិតខំប្រឹងប្រែងបន្តដើម្បីទទួលបានប្រាក់ចំណូលប្រមាណ២៦ ពាន់លានដុល្លារដែលជាគោលដៅថ្មីនៅឆ្នាំ២០២០ ជាមួយនឹងគម្រោង Fusion 20 របស់ខ្លួន។ Daikin Malaysia មានរោងចក្រផលិតម៉ាស៊ីនត្រជាក់ចំនួន៥មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ចំនួន១ សាខាចំនួន៧និងមានអតិថិជនផ្ទាល់ជាង៦០ដែលមាននៅតំបន់អឺរ៉ុប មជ្ឍឹមបូព៌ានិងអាហ្វ្រិក តំបន់អាមេរិកនិងនៅបណ្ដាប្រទេសអាស៊ាន៕