(ស្វាយរៀង)៖ គ្រូពេទ្យនៅ​មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា បានវះកាត់តឆ្អឹងបាក់ភ្លៅ ហើយបណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត ដោយសារតែការធ្វេសប្រហែសធ្វើឲ្យហូរឈាមចេញអស់ពីខ្លួន ពេលនេះក្រុមគ្រួសារកំពុងតែស្វះស្វែងដាក់ពាក្យបណ្ដឹង និងអំពាវនាវរកយុត្តិធម៌ពីថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ។

​ស្ត្រីឈ្មោះគង់ សាខឿន អាយុ៥០ឆ្នាំ នៅភូមិភ្លោះ ឃុំគ្រួស ស្រុកស្វាយជ្រំ បានរៀបរាប់ថា ប្តីរបស់គាត់ឈ្មោះ ពិន ចំណាន អាយុ៤៩ឆ្នាំ បានជិះម៉ូតូ គេចសត្វក្របីក៏ដួលម៉ូតូ បណ្តាលឲ្យបាក់ភ្លៅ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ហើយត្រូវបានអ្នកស្រុកបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ ប៉ុន្ដែប្តីរបស់គាត់បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត អស់រយៈពេល​៦យប់ ​៧ថ្ងៃ គឺនៅព្រឹក​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ក្រុមគ្រូពេទ្យ​បានយកប្តីរបស់គាត់ចូលក្នុងបន្ទប់វះកាត់តឆ្អឹង អស់រយៈពេល៤ម៉ោង។

ស្ដ្រីរូបនេះបន្ដថា ក្រោយមកមានគ្រូពេទ្យម្នាក់បានមកប្រាប់ថា ប្តីគាត់ខ្វះឈាម​ត្រូវការឈាមបន្ទាន់ ឲ្យប្រពន្ធកូនផ្តល់ឈាមឲ្យមន្ទីរពេទ្យ ហើយប្តូរយកឈាម៣ផ្លោក បញ្ចូលឲ្យជនរងគ្រោះ ​​ប៉ុន្តែទម្រាំកូនៗមកជុំគ្នា​ផ្តល់ឈាម គឺហួសពេលប្តីរបស់គាត់អស់ឈាមស្លាប់ នៅវេលាម៉ោង១៖០០នាទី រសៀល។

ក្រោយពីការបែកធ្លាយគ្រូពេទ្យវះកាត់ ជនរងគ្រោះរបួសបាក់ភ្លៅ​បណ្តាលឲ្យស្លាប់នេះ គ្រូពេទ្យម្នាក់សុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថាគឺមកពី​ការធ្វេសប្រហែស និងគ្មានការទទួលខុសត្រូវរបស់​ លោកវេជ្ជបណ្ឌិតប្រធានក្រុមវះកាត់ ទើបធ្វើឲ្យជនរងគ្រោះខ្វះឈាមមិនបានបញ្ចូលឈាម ហើយឈាម​មុនពេលវះកាត់សម្ពាធឈាម១២ លើ៧ ក្រោយពេលវះកាត់សម្ពាធឈាមធ្លាក់ចុះមានតែ៦,៥ គឺខ្វះឈាមច្រើន។ ម្យ៉ាងទៀតការ​​វះកាត់ប្រើរយៈពេលយូពេក ដល់ទៅ​៤ម៉ោងកន្លះ។

ប្រភពផ្សេងទៀត បាននិយាយថា ជនរងគ្រោះស្លាប់មកពី​គ្រូពេទ្យ ចាក់ថ្នាំសណ្តំ​​​២ដង ដោយខុសបច្ចេកទេស ហើយចំពោះឈាមសង្គ្រោះ គោលការណ៍របស់មន្ទីរពេទ្យ តម្រូវឲ្យក្រុមគ្រួសារជនរងគ្រោះដែលត្រូវការឈាម ផ្តល់ឈាមឲ្យមន្ទីរពេទ្យមុនទើប មន្ទីរពេទ្យយកឈាមមកបញ្ចូលឲ្យ​មានការយឺតយ៉ាវ បណ្តាលឲ្យជនរងគ្រោះស្លាប់​។

ពាក់ព័ន្ធករណីនេះ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត ឆ្លើយតាមទូរស័ព្ទថា សូមឲ្យសួរទៅលោក ចាន់ ដារ៉ា ប្រធានមន្ទីរ​ពេទ្យបង្អែកខេត្ត។ លោកវេជ្ជបណ្ឌិត ចាន់ ដារ៉ា ប្រធានមន្ទីរពេទ្យខេត្ត បានឆ្លើយតាមទូរសព្ទ័ថា ឲ្យសួរទៅលោកវេជ្ជបណ្ឌិត រស់ ថុន គាត់ជាអ្នកវះកាត់ផ្ទាល់។ លោកវេជ្ជបណ្ឌិត រស់ ថុន អនុប្រធានមន្ទីរពេទ្យខេត្ត និងអ្នកវះកាត់​តឆ្អឹង បានបញ្ជាក់​តាមទូរសព្ទ័ថា លោកមានការសោកស្តាយ រឿងមិនគូរកើតទៅជាកើតជាយថាហេតុ ដោយជនរងគ្រោះមកសម្រាកព្យាបាលមួយអាទិត្យ​មុនពេលវះកាត់ គឺមានសុខភាពធម្មតា​ទាំងសម្ពាធឈាមក៏ធម្មតា។

​អ្នកដឹងព័ត៌មានផ្សេងទៀត បង្ហើបថា ករណីជនរងគ្រោះ​ស្លាប់បាត់បង់ជីវិតនេះគឺ ទី១៖ជំនាញគ្រូពេទ្យផ្នែកចាក់ថ្នាំសណ្តំ នៅមានកម្រិត​គិលានុប្បថាក ២នាក់គឺ លោក​ អ៊ិន សារៀម និងលោក អ៊ុន រ៉ុង រៀនចាក់ថ្នាំសណ្តំ​បាន៦ខែប៉ុណ្ណោះ ក្នុងពេលកំពុងវះកាត់ អ្នកចាក់ថ្នាំសណ្តំទាំង២នាក់ ធ្វេសប្រហែស មិនបានតាមដានអ្នកជំងឺ បែរជាយកពេលលេងទូរសព្ទ័ ជនរងគ្រោះអស់សេរ៉ូមមិនដឹង, ទី២៖ជនរងគ្រោះពិបាកដកដង្ហើម អ្នកចាក់ថ្នាំសណ្តំ ដកទុយយោជំនួយដង្ហើមចេញ ធ្វើឲ្យជនរងគ្រោះដកដង្ហើមមិនរួច ទើបដាក់ទុយយោវិញ, ទី៣៖ ខ្វះឈាម ហើយការផ្តល់ឈាមសង្គ្រោះបន្ទាន់មានការយឺតយ៉ាវ ដោយគ្រូពេទ្យតម្រូវឲ្យក្រុមគ្រួសារជនរងគ្រោះ បរិចាកឈាមឲ្យមន្ទីរពេទ្យមុន ទើបមន្ទីរពេទ្យយកឈាមមកបញ្ចូលឲ្យជនរងគ្រោះ ទើបមានការយឺតយ៉ាវ។ ប៉ុន្តែគោលការណ៍ផ្តល់ឈាមសង្គ្រោះជីវិត គ្មានប្រកាន់និន្នាការ និងគ្មានបង់ប្រាក់។

យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត រស់ ថុន បន្តទៀតថា មុននឹងចាប់ផ្តើមធ្វើការវះកាត់ គឺគ្រូពេទ្យផ្នែកចាក់ថ្នាំសណ្តំ ចាក់តាមចង្កេះ ឆ្អឹងខ្នង ក៏ប៉ុន្តែអត់ស្ពឹក ក៏ចាក់ថ្នាំសណ្តំបន្ថែមទៀត ធ្វើឲ្យផ្លាស់សម្ពាធឈាមភ្លាមៗ ប្រឈមការស្លាប់គុណទ្វេគុណ ហើយគ្រូពេទ្យអ្នកចាក់ថ្នាំសណ្តំ ត្រូវតាមដានសម្ពោធឈាម​ជាប្រចាំ តែធ្វេសប្រហែស​មុនអ្នកជំងឺធ្វើទុកលើកទី១ គឺពេទ្យចាក់ថ្នាំសណ្តំ មិននៅក្នុងបន្ទប់វះកាត់។

លោកបន្ថែមថា ពេលវះកាត់មានគ្រូពេទ្យ១០នាក់ ក្នុងនោះគ្រូពេទ្យវះផ្ទាល់៥នាក់ និងគ្រូពេទ្យចាក់ថ្នាំសណ្តំ២នាក់ ពេទ្យ​ហុចឧបករណ៍៣នាក់ ហើយលោកបានវះកាត់រួច នៅវេលាម៉ោង១១៖០០ព្រឹក ចប់ភារៈកិច្ច ចំណែកគ្រូពេទ្យនៅប្រចាំការ គឺជាភារៈកិច្ចរបស់គ្រូពេទ្យផ្នែកចាក់ថ្នាំសណ្តំ នៅតាមដាន និងថែទាំអ្នកជំងឺរហូតដឹងខ្លួន លុះដល់​ម៉ោង១២៖០០ថ្ងៃត្រង់ សម្ពាធឈាម និងគ្រាប់ឈាមធ្លាក់ចុះ​ត្រូវការឈាមសង្គ្រោះបន្ទាន់ ក៏ប៉ុន្តែមានការយឺតយ៉ាវ រហូតដល់ម៉ោង១៖០០រសៀល ទើបបានឈាមមកបញ្ចូល គឺហួសពេលទៅហើយ។

ការដែលមកជាទម្លាក់ឲ្យរូបលោក អ្នកវះកាត់មកទទួលខុសត្រូវ លោកមិនអាចទទួលខុសត្រូវអ្នកដ៏ទៃទេ ជាពិសេសឲ្យ លោកទទួលខុសត្រូវ អ្នកចាក់ថ្នាំសណ្តំក៏មិនត្រឹមត្រូវដែរ។

 លោកថា មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ខ្វះវេជ្ជបណ្ឌិតផ្នែកចាក់ថ្នាំសណ្តំ គឺប្រឈមក្នុងការគ្រោះថ្នាក់ពេលវះកាត់ ដោយគ្រូពេទ្យផ្នែកចាក់ថ្នាំសណ្តំ មានតែ៧រូបប៉ុណ្ណោះ ហើយវេជ្ជបណ្ឌិត ផ្នែកចាក់ថ្នាំសណ្តំមានតែ២នាក់គត់ ដូច្នេះប្រឈមខ្លាំងណាស់ ហើយសូមក្រសួងសុខាភិបាលមេត្តា ចុះមកពិនិត្យស្រាវជ្រាវករណីនេះ ដើ​ម្បីសុវត្ថិភាពអាយុជីវិតជនរងគ្រោះ។

នៅរសៀលកថ្ងៃនេះ លោក ចាន់ ដារ៉ា ក៏មិនទាន់អាចឆ្លើយបានដោយលោកបញ្ជាក់ថា កំពុងជាប់រវល់ប្រជុំ៕