(ពោធិ៍សាត់)៖ រថយន្តសម្អាតផ្លូវពីរគ្រឿងរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបន្តបេសកកម្មសម្អាតផ្លូវមួយចំនួន ក្នុងក្រុងពោធិ៍សាត់ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៧ ខែមិថុនា ឆ្នាំ២០១៧ ក្រោមយុទ្ធនាការ «ទីក្រុងស្អាត សុខភាពល្អ» ដើម្បីជួយឲ្យបរិស្ថានខេត្តពោធិ៍សាត់កាន់តែស្អាត និងដើម្បីឲ្យប្រជាពលរដ្ឋ ដែលរស់នៅ និងធ្វើដំណើរតាមដងផ្លូវ មានសុខភាពល្អជាងមុន។

លោកស្រី ជុក សុផានី អភិបាលរងខេត្តតំណាងលោក ម៉ៅ ធនិន អភិបាលខេត្ត បានថ្លែងថា «កិច្ចការងារសម្អាតបរិស្ថាននេះ ពិតជាមានសារសំខាន់ណាស់ ពីព្រោះកន្លងទៅអាជ្ញាធរខេត្ត និងអជ្ញាធរក្រុង បានខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះ រហូតទីក្រុងពោធិ៍សាត់ បានក្លាយជាទីក្រុងស្អាត ដែលមានបរិស្ថានល្អ និងទទួលបានពានរង្វាន់ទឹកស្អាតអាស៊ាន ប្រចាំឆ្នាំ២០១៧ ហើយថ្ងៃនេះ ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស បានជួយគាំទ្រសកម្មភាពនេះ ដើម្បីជួយឲ្យបរិស្ថានក្រុងពោធិ៍សាត់កាន់ស្អាត និងកាន់តែប្រសើរ»

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោតបាលីប្ល៊ែក ទឹកសុទ្ធកម្ពុជា ទឹកផ្លែឈើ Joop ភេសជ្ជៈ Ize និងភេសជ្ជៈប៉ូវកម្លាំង Wurkz។ កន្លងមកក្រុមហ៊ុន បានបញ្ជូនរថយន្តសម្អាតផ្លូវពីរគ្រឿង សម្រាប់ជួយសម្អាតផ្លូវនៅគ្រប់ខេត្តក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ខេត្តពោធិ៍សាត់ ជាខេត្តទី៨ ដែលរថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានទៅដល់ និងបានជួយសម្អាតផ្លូវក្នុងខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តប៉ៃលិន៕