(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បាន​ស្នើឲ្យក្រុមហ៊ុនមកពីខេត្ត គួយចូវ វិនិយោគលើការបង្កើត​សួនឧស្សាហកម្ម ផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT) ពីសំណាក់អ្នកវិនិយោគមកពីខេត្តគួយចូវ ឲ្យមានការរីកចម្រើន​ លើវិស័យនេះ នៅក្នុងប្រទេសកម្ពុជា។ ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ក្នុងពិធីបើកសម្ពោធ​ការិយាល័យ​តំណាងពាណិជ្ជកម្ម ខេត្តគួយចូវ ប្រចាំនៅកម្ពុជា ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោក Sun zhigang អភិបាលខេត្តគួយចូវ។

ថ្លែងបន្តក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងនូវការស្វាគមន៍ និងមោទនៈ​ភាពជាខ្លាំង ដែលខេត្តគួយចូវ បានជ្រើសរើសកម្ពុជា ជាប្រទេសដំបូងគេ ក្នុងអាស៊ាន ដើម្បីបង្កើតការិយាល័យ​តំណាងពាណិជ្ជកម្ម ក្នុងការជម្រុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម រវាងកម្ពុជា និងខេត្តគួយចូវ ក្រោមក្របខ័ណ្ឌអនុវត្តគោលនយោបាយ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ​របស់រដ្ឋចិន។ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបង្ហាញនូវ លក្ខណៈអំណោយផល​ដែលដៃគូទាំងពីរ ត្រូវពូនជ្រុំប្រើប្រាស់​ សក្តានុពលដែលមានរៀងៗខ្លួន ក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យជាអាទិភាពដូចជា​ ការដោះដូរទំនិញ និងវិស័យទេសចរណ៍ជាដើម។

ដោយឡែក​ទាក់ទងនឹងវិស័យឧស្សាហកម្ម លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានស្នើឲ្យក្រុមហ៊ុនមកពីខេត្ត​គួយចូវ វិនិយោគលើការបង្កើតសួន​ឧស្សាហកម្ម ផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT) ដែលខេត្តគួយចូវ មានការរីកចម្រើនជាខ្លាំង​លើវិស័យនេះ។ ក្នុងនោះ ដោយអំណោយផល ផ្នែកធនធានធម្មជាតិស្រស់ត្រកាល សម្បូរ​ទៅដោយព្រៃភ្នំ និងទឹកជ្រោះ កម្ពុជាក៏ចង់បានបទពិសោធន៍​ ពីខេត្តគួយចូវ ពីវិធីព្យាបាលរោគ តាមបែបធម្មជាតិ អេកូ-បរិស្ថាន ដែលកម្ពុជាក៏មានទីតាំងបរិស្ថានធម្មជាតិ អាចអនុវត្តបាន ដែលវាក៏ជាចំណែកមួយ ក្នុងការទាក់ទាញផ្នែកទេសចរណ៌ផងដែរ។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបង្ហាញនូវជំនឿថា តាមរយៈការបើកការិយាល័យតំណាងនេះ ក្រុមហ៊ុន មកពីគួយចូវ និងមកបណ្តាក់ទុន​នៅកម្ពុជាកាន់តែច្រើនឡើង ហើយភាគីកម្ពុជា រងចាំសហការសម្រប​សម្រួលជានិច្ច។

ដោយឡែកលោក Sun zhigang អភិបាលខេត្ត​គួយចូវ បានបង្ហាញនូវជំហរសហការរឹងមាំ និងមានជំនឿលើសក្តានុពល នៃប្រទេសទាំងពីរ ដែលអាចជម្រុញក្នុងការផ្លាស់ប្តូរ ផ្នែកពាណិជ្ជកម្ម ទេសចរណ៍ ឧស្សាហកម្ម និងអប់រំ​ជាដើម។ លោកបានបញ្ជាក់ថា​ បច្ចុប្បន្ន មាននិស្សិតកម្ពុជា​ទៅសិក្សាជំនាញផ្សេងៗ​នៅខេត្ត គួយចូវ ប្រមាណ ៣០០នាក់ ស្របពេល ខេត្តគួយ​ចូវ មានកិច្ចសហការជាមួយគ្រឹះស្ថានសិក្សា​នៅកម្ពុជាប្រមាណជាង ២០ ដែលជាផ្នែកមួយក្នុងកិច្ចជម្រុញ វិ​ស័យអប់រំឲ្យកាន់តែប្រសើរឡើង ថែមទៀត៕