(បន្ទាយមានជ័យ)៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតទ្បើងនៅលើកំណាត់ផ្លូវជាតិលេខ​១៧៤ ស្ថិតនៅភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ​នៅល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ​ដោយរថយន្ត IZUZU ​បុកជាមួយរថយន្តសាំយ៉ុង ​បណ្តាលឲ្យមនុស្សរងរបួស​ធ្ងន់​៤​នាក់ ក្នុងនោះស្រី​២​នាក់ របួសស្រាលម្នាក់។ 

របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា អ្នកបើបររថយន្តសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2Z-7603 ឈ្មោះ ស្រោង ចិន្តា​ អាយុ​៣១​ឆ្នាំ ចំណែកអ្នករួមដំណើរ​​៣​នាក់ ដែលរងរបួសឈ្មោះ យាង ហុន ភេទ​ស្រី អាយុ​៤៦​ឆ្នាំ រងរបួសចង្កេះធ្ងន់, ឈ្មោះ ស្រ៊ុន ឡាឌី ភេទប្រុស អាយុ៣៤​ឆ្នាំ រងរបួស​បែកលើចិញ្ចើមស្តាំ​ធ្ងន់, ឈ្មោះ ផន ស្រីឌី ភេទស្រី អាយុ​១៧​ឆ្នាំ ពោះធំគ្រប់ខែ​បណ្តាលឲ្យរងរបួសធ្ងន់បាក់ភ្លៅខាងស្តាំ​។

សមត្ថកិច្ចបន្ថែមថា អ្នកបើកបររថយន្ត IZUZU ពាក់ស្លាកលេខខេមរភូមិន្ទ 2-2175 ឈ្មោះ មុំ រតនា អាយុ​៣៥​ឆ្នាំ ជាទាហ៊ានវរសេនាតូច​៤១៣ រងរបួសស្រាល និងខូចរថយន្ត ។

ក្រោយកើតហេតុ កម្លាំងនៃអធិការនគរបាលស្រុក ចុះទៅកាន់កន្លែងកើតហតុភ្លាមៗ ជួយអន្តរាគមន៍​យកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកស្រុក និងយករថយន្ដទាំង​០២​គ្រឿង មករក្សាទុក​ដើម្បីដោះស្រាយតាមច្បាប់៕