(វៀតណាម)៖ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដែលដឹកនាំដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបញ្ចប់ដំណើរទស្សនកិច្ច នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ ហើយបន្តដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាមរយៈពេល៣ថ្ងៃ​​ទៀត។

សូមរំលឹកថា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានផ្តើមទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅប្រទេសឡាវ ពីថ្ងៃទី២១មិថុនាមក។ នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូ បានជួបពិភាក្សាការងារទ្វេភាគី ជាមួយប្រធានរដ្ឋសភាឡាវ និង​ចូលជួបសវនការសម្តែងការគួរសម ជាមួយប្រធានរដ្ឋ និងនាយករដ្ឋរដ្ឋមន្រ្តី នៃប្រទេសឡាវ ហើយបានឆ្លៀតពេលវេលា​ជួបសំណេះសំណាល ស្វែលយល់សុខទុក្ខរបស់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសឡាវ ផងដែរ។

ដោយឡែកចំពោះដំណើរទស្សនកិច្ច នៅក្នុងប្រទេសវៀតណាម ដែលផ្តើមចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦មិថុនានេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេច​ ហេង សំរិន នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយប្រធានរដ្ឋសភាវៀតណាម និង​ជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំ ស្ថាប័នកំពូលៗ នៃប្រទេសវៀតណាម​ជាច្រើនទៀត។​

នៅក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាមនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងចូលរួមកម្មវិធីខូបទី៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា ​នឹងចូលរួមកម្មវិធីមហាសន្នីបាតរណសិរ្សមាតុភូមិ៣ប្រទេស វៀតណាម ឡាវ កម្ពុជា ផងដែរ។

សូមជម្រាបថា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសទាំងពីរនេះ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ សម្ដេច ហេង សំរិន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញតែម្តង៕