(ភ្នំពេញ)៖ ដោយមើលឃើញពីតម្រូវការ និងជួយបញ្ចៀសបញ្ហាដែលអតិថិជនជួបប្រទះកន្លងមកទៅលើការបង់សេវាពន្ធដារ អ្នកជំនាញជនជាតិជប៉ុន បានរួមសហការជាមួយនឹងអ្នកជំនាញកម្ពុជា បើកក្រុមហ៊ុនផ្ដល់សេវាពន្ធដារដល់អតិថិជនដំបូងបង្អស់នៅកម្ពុជា ដើម្បីផ្ដល់ ភាពងាយស្រួល ក្នុងការបង់ពន្ធ ឬប្រើប្រាស់សេវាផ្សេងៗ។

ក្រុមហ៊ុនផ្ដល់សេវាពន្ធដារ នេះមានឈ្មោះថា  Ez Cazz Tax Agent Co., Ltd ដែលត្រូវបង្កើតឡើងដោយជនជាតិជប៉ុន និងអ្នកជំនាញកម្ពុជា និងបានដាក់ឲ្យដំណើរការជាផ្លូវការហើយ នាល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧។

លោក Kazuhiko Hashimoto អគ្គនាយកក្រុមហ៊ុន បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនបានបម្រើសេវាកម្មចំនួន១៣ដល់អតិថិជន រួមមាន សេវាកម្ម ប្រកាសពន្ធប្រចាំខែ, ប្រកាសពន្ធប្រចាំឆ្នាំ, ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ, ពន្ធលើអចលនទ្រព្យ, ពិគ្រោះ និងប្រឹក្សាយោបល់ផ្នែកពន្ធ, ចុះបញ្ជីក្រុមហ៊ុនថ្មី, បិទក្រុមហ៊ុន, ផ្លាស់ប្ដូរទីតាំងក្រុមហ៊ុន, ចុះបញ្ជីពន្ធប៉ាតង់ អាករលើតម្លៃបន្ថែម, បន្ដ ប័ណ្ណប៉ាតង់, ចុះបញ្ជីម៉ាកសញ្ញា, ស្នើរសុំអាជ្ញាប័ណ្ណ, បន្ដអាជ្ញាបណ្ណ។

លោកបន្ដទៀតថា ដោយមើលឃើញថាប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ ដូច្នេះយើងបានសម្រេចថានឹងមកធ្វើជំនួយ​នៅកម្ពុជាតែម្ដង។ មួយវិញទៀតឃើញថា ប្រជាពលរដ្ឋមានបញ្ហាលើពន្ធដារនេះច្រើន ដោយសារកន្លងមកយើង​ប្រកាសពន្ធតាមរបបម៉ៅការ មួយវិញ​ទៀតឃើញថាថ្មីៗនេះខាងពន្ធដារបានរឹតបន្ដឹងខាងផ្នែកពន្ធដែល តម្រូវឲ្យប្រជាជនត្រូវធ្វើឲ្យបានត្រឹមត្រូវជារៀងរាល់ខែ ដូច្នេះសម្រាប់អ្នកដែលមិនទាន់ចេះនឹងរត់មករកក្រុមហ៊ុនឲ្យជួយ ហើយការបើកក្រុមហ៊ុននេះ គឺដើម្បីជួយទៅដល់អតិថិជនដែល​កំពុងមានបញ្ហា។

ដើម្បីឲ្យអតិថិជនជ្រើសរើសយកសេវាកម្មរបស់ក្រុមហ៊ុនយើងគឺ យើងនឹងធ្វើឲ្យទាន់ពេលវេលាកំណត់, សេវាកម្មឆាប់រហ័ស, ត្រឹមត្រូវ,ជាក់លាក់, រក្សាទុកព័ត៌មាន និងឯកសាររបស់អតិថិជនជាការសម្ងាត់ ធ្វើការផ្សព្វផ្សាយនិងអាប់ដេត រាល់ព័ត៌មានពន្ធ​ឲ្យទាន់ពេលវេលាដល់អតិថិជន។ នេះបើតាមលោកអគ្គនាយកបានបញ្ជាក់ឲ្យដឹងបន្ថែមទៀត។

លោកបានបន្ថែមទៀតថា ការបង្កើតក្រុមហ៊ុននេះឡើងគឺដើម្បីជួយដល់ប្រទេសកម្ពុជា ជួយដល់អតិថិជនដែលកំពុងជួបប្រទះ​ជាមួយ​នឹងបញ្ហាពន្ធ​ដើម្បីឲ្យបង់ពន្ធឲ្យបានត្រឹមត្រូវជៀសវាងការពិន័យពីពន្ធដារ៕