(ភ្នំពេញ)៖ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ បានរៀបចំកិច្ចប្រជុំដើម្បីបន្តធ្វើការ​ពិភាក្សា លើសេចក្តីព្រាងគោលនយោបាយស្តីពី ការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ​លំនៅដ្ឋាន​តម្លៃសមរម្យ។ កិច្ចប្រជុំនេះដឹកនាំដោយលោក វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្តគោលដៅមួយចំនួន។

លោក វង្សី វិស្សុត បានរំលឹកឡើងវិញថា ការរៀបចំ និងដាក់ចេញនូវឯកសារគោលនយោបាយលើកទឹកចិត្តនេះ គឺក្នុងគោលដៅដោះស្រាយបញ្ហាសេដ្ឋកិច្ចផង និងសង្គមផង តាមរយៈការផ្តល់នូវលំនៅដ្ឋានសមរម្យ ជូនប្រជាពលរដ្ឋ ផ្អែកលើគោលការណ៍ពាណិជ្ជកម្ម តែភ្ជាប់ជាមួយនឹងអន្តរាគន៍របស់រដ្ឋ ដើម្បីបន្ធូរបន្ថយបន្ទុក ទាំងដល់អ្នកអភិវឌ្ឍន៍ ឬអ្នកវិនិយោគ និងទាំងដល់អ្នកទិញលំនៅឋានផងដែរ។ គោលនយោបាយនេះ សំដៅលើកទឹកចិត្តឲ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន សាងសង់លំនៅឋានមានតម្លៃក្រោម ៣ម៉ឺនដុល្លារអាមេរិក ប្រកបដោយសុខុមាលភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ សម្រាប់ប្រជាជនដែលមានប្រាក់ចំណូលមធ្យម និងប្រាក់ចំណូលទាប ដែលមិនមានលទ្ធភាពក្នុងការទិញលំនៅឋាន នៅក្នុងលក្ខខណ្ឌពាណិជ្ជកម្មដូចសព្វថ្ងៃ។

លោក វង្សី វិស្សុត បានបញ្ជាក់ថា ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន អាចទទួលបានការលើកទឹកចិត្ត ជាការវិនិយោគសាធារណៈ ការលើកលែងពន្ធ និងការសម្រួលផ្នែកនិយ័តកម្ម ក្នុងការសាងសង់លំនៅដ្ឋានតម្លៃសមរម្យ។ លោកបានបញ្ជាក់ថា ប្រជាជន ឬគ្រួសារដែលមានប្រាក់បៀវត្ស ឬមានមុខរបរខ្នាតតូច មានចំណូលមធ្យម ប៉ុន្តែមិនទាន់មានលំនៅឋាន ឬមានលំនៅឋានអសុវត្ថិភាព ឬតូចចង្អៀតពេក នឹងទទួលបានផលប្រយោជន៍ ពីគោលនយោបាយនេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំនាថ្ងៃនេះ គឺដើម្បីបន្តពិនិត្យ និងធ្វើការពិភាក្សាលើសេចក្តីព្រាងគោលនយោបាយស្តីពី ការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យ ដែលត្រូវបានកែសម្រួលដោយផ្អែកលើធាតុចូល ក្នុងកិច្ចប្រជុំលើកមុន និងដើម្បីបន្តប្រមូលធាតុចូលបន្ថែមទៀត។

ជាលទ្ធផល កិច្ចប្រជុំបានធ្វើការពិនិត្យ កែសម្រួល និងបន្ថែមខ្លឹមសារសំខាន់ៗ ឱ្យកាន់តែល្អប្រសើរ ព្រមទាំងបានបន្ថែមនូវទស្សនទានសំខាន់ៗមួយចំនួនទៀត ដូចជា អន្តរាគមន៍របស់រដ្ឋ ដើម្បីបង្កើតនូវលក្ខខណ្ឌចាំបាច់សម្រាប់បង្កើតឡើងនូវហិរញ្ញប្បទាន សម្រាប់ទិញផ្ទះដែលមានអត្រាការប្រាក់ទាប។ សេចក្តីព្រាងឯកសារគោលនយោបាយនេះ នឹងត្រូវដាក់ជូនគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ មុនដាក់ជូនគណៈរដ្ឋមន្រ្តីពិនិត្យ និងផ្តល់ការអនុម័ត នៅក្នុងពេលឆាប់ៗខាងមុខនេះ៕