(តាកែវ)៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រុមជំនាញស៊ីម៉ាក់ បានឆ្លើយតប និងបោសសំអាតគ្រាប់បែកមួយគ្រាប់ប្រភេទ គ្រាប់M១១៧ ទំងន់៣៥០គីឡូក្រាម មានក្បាលផ្ទុះក្រោយ ខណៈដែលប្រជាពលរដ្ឋជីកស្រះ បានប្រទះឃើញគ្រាប់បែកនេះដោយចៃដន្យ។ នេះបើតាម លោក ហេង រតនា អគ្គនាយក CMAC។

លោក ហេង រតនា បានឲ្យដឹងតាមរយៈបណ្តាញសង្គម Facebook ថា ការប្រទះឃើញ គ្រាប់បែកម១គ្រាប់ទម្ងន់៣៥០គីឡូក្រាមនេះ ស្ថិតនៅនៅភូមិបាក់កូដ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលប្រជាពលរដ្ឋជីកស្រះ ជួបក្នុងជំរៅប្រមាណ៥ម៉ែត្រ។

អគ្គនាយក CMAC រូបនេះ បានសរសេរយ៉ាងដូច្នេះថា «សម័យនេះ ការប្រើប្រាស់គ្រឿងចក្រជីកដីជារឿងធម្មតា ហើយប៉ុន្មានខែដើមឆ្នាំ២០១៧នេះ ការជីករណ្តៅដី និងស្រះទឹកប៉ះចំគ្រាប់ទំលាក់ពីយន្ដហោះជាញឹកញាប់»

លោក ហេង រតនា បានសម្តែងការព្រួយបារម្ភចំពោះសុវត្ថិភាពប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់គ្រឿងចាក់កាយ ឬជីកដី ដោយមិនបានត្រួតពិនិត្យសុវត្ថិភាពជាមុន ដោយសារតែគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ មិនទាន់ត្រូវបានសម្អាតអស់ពីប្រទេសកម្ពុជានៅឡើយទេ៕