(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ បានចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទរក្សាទុកអាវុធខុសច្បាប់ ចំនួន៣ដើម រួមមាន៖ CK១ដើម និងAK47ស្វាយបត់២ដើម គ្រាប់មួយចំនួន ព្រមទាំងដកហូតថ្នាំញៀនចំនួន១៥គ្រាប់ ស្ថិតនៅភូមិអូរកាច់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តឧត្តរមានជ័យ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ​ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅរសៀលនេះថា កម្លាំងនគរបាលខេត្ត បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីជួយដូរគ្រឿងញៀនខុសច្បាប់។ ស្រាប់តែពេលស្រាវជ្រាវបន្ត ​សមត្ថកិច្ចបានឆែកឆេររកឃើញកាំភ្លើងចំនួន៣ដើម ដែលជនសង្ស័យបានលាក់ទុករួមមាន៖ CK១ដើម AK47 ស្វាយបត់២ដើម ព្រមទាំងគ្រាប់មួយចំនួនផងដែរ។

លោកឧត្តមសេនីយ៍ត្រី ​សិទ្ធិ ឡោះ​ ស្នងការរងនគរបាលខេត្តទទួលផែនព្រហ្មទណ្ឌ បានថ្លែងថា ជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះ ស៊ុន យ៉ុង អាយុ៥៤ឆ្នាំ រស់នៅភូមិអូរកាច់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តឧត្តរមានជ័យ ដោយបានរក្សាអាវុធទុកដោយខុសច្បាប់ចំនួន៣ដើម និងដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន WY ចំនួន១៥គ្រាប់។

បច្ចុប្បន្ននេះកម្លាំងសមត្ថកិច្ចជំនាញ​ បានកសាងសំណុំរឿង រួមទាំងវត្ថុតាងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕