(ភ្នំពេញ)៖ របាយការណ៍ស្រាវជ្រាវរបស់មន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា នៅលើពិភពលោកនេះ ការស្លាប់ដោយសារជំងឺសរសៃឈាមខួរក្បាល ឬជំងឺស្ដ្រូក ដែលភាសាសាមញ្ញហៅថា ជាជំងឺស្លាប់មួយចំហៀងខ្លួន ឈរលេខរៀងទី២ បន្ទាប់ពីជំងឺមហារីក ដែលឈរលំដាប់លេខ​រៀងទី៣ នៃមូលហេតុពិការភាព​របស់អ្នកជំងឺ។

មន្ទីរពេទ្យកាល់ម៉ែត ពន្យល់ថា ការប៉ះពាល់សរសៃឈាមខួរក្បាលមាន២បែបធំៗ​គឺ៖ ការស្ទះសរសៃឈាមខួរក្បាល (Ischemic Stroke) និងការហូរឈាមពីសរសៃ ឈាមខួរក្បាល (Hemorrhagic Stroke)។ ប្រភេទទី១ ​ជួបប្រទះច្រើនជាងប្រភេទទី២ គឺ៦៨% ទល់នឹង​៣២% តាមការសិក្សាទូទៅដែលពិភពលោកបានបង្ហាញ​។

​​គ្រាន់តែក្នុងអំឡុងពេល៥ខែ ដំបូងនៃឆ្នាំ២០១៧ មន្ទីរពេទ្យកាល់ម៉ែត បានទទួលអ្នកជំងឺប៉ះពាល់សរសៃឈាម ខួរក្បាលចូលមកសម្រាកព្យាបាលរហូតដល់ចំនួន៦១៤ករណី ក្នុងចំណោមករណីដែលជាជំងឺមិនឆ្លង។  តាមតួលេខស្ថិតិ នៃមន្ទីរពេទ្យអំឡុងពេល៥ខែនេះ បង្ហាញឲ្យឃើញថា ក្នុងចំណោមប្រភេទជំងឺមិនឆ្លង (NCD, Non Communicable Diseases) ជំងឺស្ទះសរសៃឈាមខួរក្បាលនេះ នៅលំដាប់ទី៣ បន្ទាប់ពីជំងឺបេះដូង។

ដោយឡែកជំងឺមហារីក ស្ថិតនៅលំដាប់លេខរៀងទី១ ក្នុងចំណោមករណីជំងឺមិនឆ្លង ដែលចូលមកសម្រាកក្នុងមន្ទីរពេទ្យរយៈពេល ៥ខែ ដំបូងក្នុងឆ្នាំ២០១៧។

​សូមបញ្ជាក់ថា ​មូលហេតុចម្បង​២ ដែលនាំឲ្យ​កើតមានជំងឺបេះដូង និងប៉ះពាល់សរសៃឈាមខួរក្បាលនោះគឺ ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ដែលមិនបានទទួលការព្យាបាល និងតាមដានបានល្អត្រឹមត្រូវ។