(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ទៅលើ សុវត្ថិភាពចំណីអាហារ ពីប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋាន កាំកុងត្រូល ម៉ក់ ពេជ្ជរិទ្ធ និងលោកប្រធានសាខាផែស្ងួតចុងទី ភ្នំពេញ មន្រ្តីជំនាញបានចុះធ្វើការត្រួតពិនិត្យទំនិញ នៅផ្សារចំការដូងខណ្ឌដង្កោ​ដើម្បីរកសារធាតុ គីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារមួយចំនួន ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ លោក​ គង់​ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងមន្រ្តីមន្ទីរពិសោធន៍ អមដោយរថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល បានសហការជាមួយ មន្ទីរ ពាណិជ្ជកម្ម គណកម្មការផ្សារ ចុះត្រួតពិនិត្យទំនិញនិងយកគំរូមួយចំនួន ដូចជា បន្លែស្រស់ គ្រឿងសមុទ្រស្រស់ និងផ្លែឈើមួយចំនួនទៀតសរុប៨០​ គំរូមកពិសោធន៍។

ក្នុងប្រតិបត្តិការនេះលោក​ គង់​ វុទ្ធី​ បានធ្វើការណែនាំក្រុមអាជីវករ​ ដាក់តាំងលក់ផលិតផលអោយត្រូវតាម​លក្ខណៈបច្ចេកទេស​ ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុ​ពុល និងម្ហូបអាហារ​ហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ​ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។​

លោកក៏បាន​បញ្ជាក់បន្ថែមថា​ ប្រតិបត្តិការចុះពិនិត្យទំនិញទាំង៨០​ គំរូ​ ក្នុងនោះ៧៩គំរូគ្មានសារធាតិគីមីហាមឃាត់នោះទេ​ប៉ុន្តែមន្ត្រី កាំកុងត្រូលបានធ្វើការពិសោធន៍ រកឃើញកាក់សំណល់ដែលមានជាតិថ្នាំសម្លាប់សត្វល្អិតនៅផ្កាជីឆាយ​ដូច្នេះសមត្ថកិច្ចសម្រេចដកហូត ផ្កាជីឆាយចំនួន០,៥០គីឡូក្រាម នឹងបានហៅម្ចាស់មកណែនាំ នឹងធ្វើកិច្ចសន្យាបញ្ឈប់ការដាក់លក់ទំនិញមានជាតិថ្នាំនេះតទៅទៀត។

មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់ សិនមុននឹងទទួលលក់ ហើយបបញ្ចប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ ទៅលើផលិតផលម្ហូបអាហារដែលធ្វើអោយ ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕