(បាត់ដំបង)៖ បន្ទាប់ពីកម្លាំងនគរបាលខេត្តបាត់ដំបង បានចាប់ផ្សឹកព្រះសង្ឃមួយអង្គ ដែលពាក់ព័ន្ធនឹងការកាន់កាប់អាវុធខុសច្បាប់នោះ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង លោក កឺ ប៊ុណ្ណរ៉ា​ បានសម្រេចចោទប្រកាន់ចំនួន២បទល្មើសគឺ កាន់កាប់ និងដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត ​​និងបទញុះញង់ឲ្យប្រពឹ្រត្តបទឧក្រិដ្ឋ​ជាអាទិ៍។ នេះបើតាមមន្ដ្រីសាលាដំបូងខេត្តបាត់ដំបង ថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃនេះ។

មន្រ្តីសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាក់ថា បន្ទាប់ពីព្រះរាជអាជ្ញាសម្រេចធ្វើការចោទប្រកាន់រួចមកនោះ នៅពេលជនត្រូវចោទ ជាអតីតព្រះសង្ឃអង្គនេះ ត្រូវបានបញ្ជូនទៅដល់ដៃចៅក្រម ដើម្បីចាត់ការបន្តទៀតតាមនីតិវិធីច្បាប់។

យោងតាមក្រមព្រហ្មទណ្ឌ ចំពោះបទល្មើសកាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ស្របតាមមាត្រា៤៩០ ដែលអាចនឹងត្រូវផ្តន្ទោទោសដាក់ពន្ធនាគារពី០៦ខែ ទៅ៣ឆ្នាំ, ដោយឡែក បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៥ អាចនឹងត្រូវផ្តន្ទោទោសពី០៦ខែ ទៅ០២ឆ្នាំ ហើយបទល្មើសទាំងនេះ ក៏ត្រូវពិន័យជាប្រាក់ផងដែរ។

សូមជម្រាបថា កម្លាំងនគរបាលខេត្តបាត់ដំបង នៅ​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧​ បានចុះចាប់ខ្លួន និងផ្សឹកព្រះសង្ឃ១អង្គ តាមដីការបស់តុលាការបញ្ជា​ឲ្យចូលខ្លួនលេខ លេខ​៩៥៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ​ចេញ​ដោយ​លោក កឺ ប៊ុ​ណ្ណ​រ៉ា ព្រះរាជអាជ្ញាររងអម​សាលាដំបូង​ខេត្ត​ ពីបទធ្វើឲ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនាជាតិ និង​កាន់កាប់​រក្សា​ទុក​អាវុធ​ខុសច្បាប់ ក្នុង​​វត្ត​ដំរី​ស សង្កាត់ស្វាយប៉ោ ក្រុង​បាត់ដំបង​។ ​

មន្ដ្រីនគរបាល​បានបញ្ជាក់ថា ព្រះសង្ឃដែលបានឃាត់ខ្លួនតាមដីកាតុលាការនេះមានព្រះនាម ហន សុ​ផា​ន្នី អាយុ​២៤​​ឆ្នាំ គង់នៅ​កុដិ​លេខ​១២ ស្ថិតក្នុងសង្កាត់ក្រុងខាងលើ៕