(ភ្នំពេញ)៖ មូលនិធិ CTN បានធ្វើការប្រកាសជាសាធារណៈ ស្ដីពីចំនួនទឹកប្រាក់ដែលទទួលបាន ពីទឹកចិត្តសប្បុរសធម៌របស់បងប្អូន ដោយទឹកប្រាក់សរុបទាំងអស់ គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ ទទួលបានចំនួន ១២០,៩៦៩.៧៥ ដុល្លារអាមេរិក ដោយចំនួននេះ មិនរាប់បញ្ចូល ថវិកាចំណាយ នៅក្នុងការធ្វើបុណ្យសពទាំងពីរលើក អស់ប្រាក់ប្រមាណ១៧,០០០ ដុល្លារ ដែលជាការជួយដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា គិត ម៉េង រួមទាំងថវិកា ដែលគណៈកម្មកាឯកភាពទុកមួយចំនួន នៅជាមួយគ្រួសាររបស់លោក អ៊ិត សេដ្ឋា ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងការសិក្សានោះទេ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News និង Khmertalking ទទួលបាននៅរសៀលនេះ បានបញ្ជាក់ឲ្យដឹងទៀតថា ថវិកាសប្បុរសធម៌ ដែលទទួលបាននេះ គឺគណៈកម្មការបានឯកភាពគ្នា ចាត់ចែង ប្រើប្រាស់ដូចតទៅ៖

ទី១-ទិញផ្ទះមួយល្វែង មានទីតាំងស្ថិតនៅក្បែរ វត្តទួលសន្តិវ័ន្ត ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ទី២-បើកមុខរបរលក់ឥវ៉ាន់ នៅនឹងផ្ទះ។
ទី៣-បង្កើតគណនេយ្យដកប្រាក់មានកំណត់ ពោលគឺដកបានក្នុង១ខែម្ដង ដើម្បីយកទៅប្រើប្រាស់ទ្រទ្រង់ ការរៀនសូត្រ និងការប្រើប្រាស់ជីវភាពប្រចាំថ្ងៃ ដែលថវិកាបម្រុងនេះ អាចទ្រទ្រង់យ៉ាងហោចណាស់ រយៈពេល៨ឆ្នាំ ទម្រាំកូនស្រីពៅអាយុ១៨ឆ្នាំ។

គណៈកម្មកាមូលនិធិ CTN សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលមានសមាណចិត្តសប្បុរសធម៌ ដ៏ជ្រាលជ្រៅ និងធំធេង បានចូលរួមបរិច្ចាគ ដល់គ្រួសារកំព្រាមួយនេះ ឲ្យមានក្ដីសង្ឃឹម និងភាពកក់ក្ដៅក្នុងជីវិតរស់នៅ។

សូមអានសេចក្ដីប្រកាស របស់គណៈកម្មការមូលនិធិ CTN ដូចខាងក្រោមនេះ៖