(ត្បូងឃ្មុំ)៖ នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ សម្ដេចតេជោ ហ៊ុន សែន ព្រមានធ្ងន់ៗថា ប្រសិនបើអស់លោកណា ដែលនៅតែនិយាយតែបន្ដប្រមាថ សម្លាប់ និងបំផ្លាញសន្ដិភាពរបស់កម្ពុជាតទៅទៀត សូមអស់លោកដែលជាអ្នកនិយាយនោះ ត្រៀមក្ដាមឈូសឲ្យហើយទៅ ហើយសម្ដេចមិនឲ្យកម្ពុជារមូតផុតដៃ នូវសន្ដិភាពនោះទេ ព្រោះសន្តិភាពលំបាកខ្លាំងណាស់ទម្រាំកសាងបាន។ (សូមស្តាប់ប្រសាសន៍សម្តេច)

សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា ប្រសិនបើអស់លោកណាដែលមិនបាននិយាយនោះទេ សូមកុំព្យាយាមយកពាក្យកម្ចាត់មនុស្ស១០០ ឬ២០០នាក់ ដាក់ខ្លួនឲ្យសោះ ព្រោះថាសម្ដេចនិយាយពាក្យកម្ចាត់មនុស្សមួយចំនួនដើម្បីការពារនោះរាប់លាននាក់នោះ ចំពោះតែអ្នកដែលចង់បំផ្លាញសន្ដិភាពតែប៉ុណ្ណោះ។

ថ្លែងចេញពីព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ ទីតាំងដែលសម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមជម្លៀសខ្លួនចេញពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រដើម្បីរំដោះប្រទេសកម្ពុជាចេញរបប ប៉ុលពត, នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា៖

«បើសិនជាអស់លោកនៅតែនិយាយអំពីការប្រមាថ ការគំរាមសម្លាប់ អស់លោកត្រូវត្រៀមក្ដាមឈូសទុកឲ្យហើយ ខ្ញុំសូមព្រមានកម្ពុជាមិនឲ្យរមូតផុតពីដៃ នូវសន្ដិភាពនោះទេ ដោយតម្លៃណាក៏ដោយកម្លាំងប្រដាប់អាវុធត្រូវក្ដាប់ឲ្យជាប់។ មានអ្នកឲ្យខ្ញុំបញ្ជាក់ថា តើគេស្ថិតក្នុងចំណោមមនុស្ស១០០ ឬ២០០នាក់ ដែលត្រូវកម្ចាត់ទេ ខ្ញុំបាននិយាយថា ដើម្បីការពារសន្ដិភាព ការពារប្រជាជនរាប់លាននាក់ បើចាំបាច់ត្រូវកម្ចាត់១០០ ឬ២០០នាក់ ក៏ត្រូវតែកម្ចាត់ដែរ អញ្ជឹងសូមអ្នកស្ដាប់ឲ្យច្បាស់ បើអ្នកមិនចូលរួមបំផ្លាញសន្ដិភាពទេ អ្នកមិនមែន​គោលដៅនៃការកម្ចាត់ទេ»

នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា «មានអ្នកឲ្យខ្ញុំបញ្ជាក់ថា តើគេស្ថិតក្នុងចំណោមមនស្ស១០០ ឬ២០០នាក់ ដែលត្រូវកម្ចាត់ទេ ខ្ញុំបាននិយាយថា ដើម្បីការពារសន្ដិភាព ការពារប្រជាជនរាប់លាននាក់ បើចាំបាច់ត្រូវកម្ចាត់១០០ ឬ២០០នាក់ ក៏ត្រូវតែកម្ចាត់ដែរ អញ្ជឹង​សូមអ្នកស្ដាប់ឲ្យច្បាស់ បើអ្នកមិន ចូលរួមបំផ្លាញសន្ដិភាពទេ អ្នកមិនមែនគេគោលដៅនៃការកម្ចាត់ទេ។ អ្នកណាក៏ដោយឲ្យតែ​មានគោលដៅបំផ្លាញសន្ដិភាពនេះ អ្នកនឹងទទួលផលនូវអ្វីដែលអ្នកចង់ អ្នកដកខ្លូនចេញទៅ»

យ៉ាងណាមិញ សម្ដេចតេជោ បានលើកឡើថា សម្ដេចមិនអាច​និយាយបានថា តើជាអ្នកណានោះទេ ប៉ុន្ដែបញ្ជាក់បានត្រង់ថា អ្នកណាក៏ដោយឲ្យតែ បំផ្លាញសន្ដិភាព គឺទទួលរងទាំងអស់ ហើយសម្ដេចថា សូមអ្នកស្ដាប់ឲ្យបាន​អ្នកប្រកាសទៅថា អត់ចង់បានបំផ្លាញសន្ដិភាពទេ អញ្ជឹងអ្នកមិនស្ថិតក្នុងបញ្ជីទេ តែបើអ្នកប្រកាសថា អ្នកនឹងបណ្ដើមអំណាចតាមរបៀបបដិវត្តន៍ពណ៌ ខ្លួនអ្នកនៅក្នុងបញ្ជីនោះហើយ។

បន្ថែមពីនេះសម្ដេច ហ៊ុន សែន ពន្យល់ថា តម្លៃនៃសន្ដិភាពធំណាស់ ការសង្គ្រោះជាតិវាលំបាកណាស់ តើមនុស្សប៉ុន្មាននាក់ទៅ​ដែលស្លាប់ យុទ្ធមិត្តរបស់ សម្ដេច៤៩នាក់ ឥឡូវនេះកំពុងស្ថិតក្នុងផ្នូរ នៃទឹកដីប្រទេសវៀតណាមនៅឡើយ ក្រៅពីយុទ្ធមិត្តផ្សេងទៀតដែលបានពលីជីវិត។ ទម្រាំមានសព្វថ្ងៃមិនមែន ជារឿងលេងសើច ហើយការសង្គ្រោះ ដំណាក់កាលនៃរបប ប៉ុល ពត គឺដំណាក់កាលត្រឹមត្រូវ សម្ដេចសប្បាយរីករាយជាមួយនឹង​អ្វីដែលជាការគិតទុក គឺ​កងទ័ពកើតមុន រណ្សសិរ្សកើតក្រោយ សូមមើលឲ្យច្បាស់កងកម្លាំងប្រដាប់អាវុធសង្គ្រោះជាតិកម្ពុជា អ្នកណាអ្នកផ្ដើមគំនិត គឺសម្ដេចតេជោ ហ៊ុន សែន៕