(ភ្នំពេញ)៖ កម្លាំងនគរបាលក្រសួងមហាផ្ទៃ បានឃាត់ខ្លួនស្ត្រីម្នាក់ដែលជាប់ពាក់ព័ន្ធ នឹងករណីរំលោភលើទំនុកចិត្ត តាមរូបភាពដេញតុងទីន ប្រមូលប្រាក់ជាង២៦ម៉ឺនដុល្លារ ពីមេតុងទីនរួចគេចខ្លួនបាត់មិនទទួលខុសត្រូវ។

យ៉ាងណាក៏ដោយបន្ទាប់ពីបញ្ជូនទៅដល់ដៃតុលាការ ស្រ្តីសង្ស័យរូបនេះត្រូវលោក សាន សុផាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ដាក់ឲ្យស្ថិតនៅក្រោមការ ត្រួតពិនិត្យដោយភ្ជាប់នូវប្រាក់តម្កល់ធានាខ្លួនមួយចំនួន ដើម្បីចាត់ការបន្តទៀត។

មន្រ្តីតុលាការបានឲ្យដឹងថា ស្ត្រីរូបនេះឈ្មោះ ឆាយ គឹមហួយ អាយុ៤៧ឆ្នាំ មានទីលំនៅផ្ទះ៥១ហ្សេ ភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា បានត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ម៉េង សុខហៀង រួចកសាងសំណុំរឿងបញ្ជូនមកតុលាការ ដើម្បីចាត់ការតាមច្បាប់។

លោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យ បានឲ្យដឹងថា ស្រ្តីសង្ស័យរូបនេះត្រូវបានចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្ត រួចបញ្ជូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរចាត់ការតាមនីតិវិធី។

មន្រ្តីនគរបាលបានបញ្ជាក់ថា កាលពីអំឡុង ខែកក្កដា ឆ្នាំ២០១៦ នៅផ្សារព្រែកលៀបឈ្មោះ ម៉េង សុខហៀង បានបង្កើតជាសមាគមតុងទីនមួយ ហើយឈ្មោះ ឆាយ គឹមហួយ បានមកលួងលោមសុំចូលរួមលេងតុងទីនចំនួន៦ខ្សែ និងប្រើល្បិចកលទុច្ចរិត ដោយដាក់បន្លំឈ្មោះខ្មោច ជាកូនតុងទីនជាច្រើននាក់។ ក្នុងការលេងនេះមានខ្សែទី១ តម្លៃ៣០០ដុល្លារ លេងចំនួន៥ក្បាល ស្មើនឹងទឹកប្រាក់ចំនួន៤០៥០០ដុល្លារ។ ខ្សែទី២ តម្លៃ២០០ដុល្លារ លេងចំនួន៥ក្បាល ស្មើនឹងទឹកប្រាក់ចំនួន៦២០០០ដុល្លារ។ ខ្សែទី៣ តម្លៃ៥០ដុល្លារ លេងចំនួន៥ក្បាល ស្មើនឹងប្រាក់ចំនួន៧៥០ដុល្លារ។ ខ្សែទី៤ តម្លៃ១០ដុល្លារលេងចំនួន២០ក្បាល ស្មើនឹងទឹកប្រាក់ចំនួន៤៨៨០០ដុល្លារ។ ខ្សែទី៥ តម្លៃ១០ដុល្លារ លេងចំនួន១៥ក្បាល ស្មើនឹងទឹកប្រាក់ចំនួន ៧០៣០០ដុល្លារ និងខ្សែទី៦ តម្លៃ៥ម៉ឺនរៀល លេងចំនួន១០ក្បាល ស្មើនឹងទឹកប្រាក់៤៣២៥០ដុល្លារ។

បើតាមមន្រ្តីនគរបាល ឈ្មោះ ឆាយ គឹមហួយ បានដេញយកតុងទីននេះទាំងអស់សរុបចំនួន២៦៥៦០០ដុល្លារ រួចគេចខ្លួនបាត់ទើបមេតុងទីនឈ្មោះ ម៉េង សុខហៀង បានដាក់ពាក្យបណ្តឹងមកនគរបាល ដើម្បីឲ្យចាត់ការតាមច្បាប់ ហើយក៏ត្រូវបានកម្លាំងនគរបាលតាមចាប់ខ្លួនតែម្តង៕